មន្ត្រីរដ្ឋាភិបាលនិងសមាគមៈ យើងធានាគ្រប់គ្រងតម្លៃជ្រូកនៅ កម្ពុជា ឱ្យមានស្ថិរភាព

132
ចែករម្លែក

ដោយៈមេសា/ភ្នំពេញ ៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃ នាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ បានឱ្យដឹងពីវិធានការដែលមានប្រសិទ្ធភាពក្នុងការធានាឱ្យបាននូវស្ថិរភាពតម្លៃទីផ្សារសត្វជ្រូកនៅ កម្ពុជា ថា “ គឺការគ្រប់គ្រងឱ្យបានច្បាស់លាស់នូវចំនួនសត្វជ្រូកនាំចូលពីក្រៅប្រទេស ហើយកិច្ចការនេះ ដោយមានកិច្ចសហការយ៉ាងដិតដល់ ពីសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា នាយកដ្ឋាន បាន និង កំពុងធ្វើយ៉ាងមានប្រសិទ្ធភាព ហើយវា បាន និង កំពុងផ្តល់ផលផ្លែផ្កាប្រកបដោយវិជ្ជមាន ដល់វិស័យចិញ្ចឹមជ្រូកនៅកម្ពុជា “។

សូមបញ្ជាក់ថា តាំងពីមានជំងឺកូវីដ ១៩ មក ជាមធ្យម កម្ពុជា ត្រូវការនាំជ្រូកចូលពីប្រទេស ថៃ ពីចន្លោះ ២ ០០០ ទៅ ៣ ០០០ ក្បាល ដោយនាយកដ្ឋាន សុខភាពសត្វ និង ផលិតកម្មសត្វ បានផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនចំនួន៧ (កាលពីថ្ងៃទី២០ ឧសភា នាយកដ្ឋាន បានដកសិទ្ធពីក្រុម ១ ដោយសារក្រុមហ៊ុននោះ បំពានលក្ខន្តិកៈ បើទោះជាមានកិច្ចសន្យាច្បាស់លាស់ហើយក៏ដោយ) នូវកូតានាំចូលស្មើៗគ្នា។

ជាការណ៍ពិតណាស់ ស្ថិរភាពតម្លៃ ត្រូវបានទទួលស្គាល់ថា គឺជាគន្លឹះស្លាប់រស់របស់វិស័យចិញ្ចឹមជ្រូកនៅ កម្ពុជា ហើយលោក តាន់ ផាន់ណារ៉ា ពន្យល់បន្ថែមថា ការគ្រប់គ្រងចំនួន​ជ្រូកនាំចូលពីក្រៅប្រទេស ដែលជាគន្លឹះដល់វិស័យចិញ្ចឹមជ្រូកនៅ កម្ពុជា នេះ គឺថាថ្ងៃណា ចំនួនជ្រូកនៅ កម្ពុជា កើនឡើង ថ្ងៃនោះ នាយកដ្ឋាន បញ្ជាទៅក្រុមហ៊ុនទាំង ( ៦ ) នោះ ឱ្យកាត់បន្ថយចំនួននាំចូល ដើម្បី ទុកឱកាសឱ្យកសិដ្ឋាន ឬ កសិករក្នុងស្រុកបញ្ចេញជ្រូករបស់ខ្លួនទៅក្នុងទីផ្សារ ពោលគឺចំនួន នៃ ការនាំជ្រូកចូលពីក្រៅប្រទេស គឺគ្រាន់តែបង្គ្រប់ឱ្យចំនួនជ្រូកដែលចិញ្ចឹមបានក្នុងស្រុកតែប៉ុណ្ណោះ ប៉ុន្តែដាច់ខាតមិន​មែននាំចូលមកសម្លាប់កសិករក្នុងស្រុកឡើយ ពោលគឺបូកបញ្ចូលគ្នាទៅ នឹងមានចំនួនជ្រូកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ មិនឱ្យលើស មិនឱ្យខ្វះ ដែលបែបនេះ គឺធានាបានទាំងតម្លៃជ្រូករស់របស់កសិករ ឬ កសិដ្ឋាន ក្នុងស្រុក ក៏ធានាបាននូវតម្លៃសាច់ជ្រូកនៅលើរានក្នុងផ្សារ កុំឱ្យឡើងថ្លៃ គឺមិនឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលជាអ្នកបរិភោគសាច់ជ្រូក ។

គប្បីរំឭកថា តាំងពីមានជំងឺកូវីដ ១៩ មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានផ្តល់អនុសាសន៍ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជំរុញវិស័យកសិកម្ម ( គ្រប់ប្រភេទ ) នៅកម្ពុជា ឱ្យបានខ្លាំងក្លា ។ បន្ទាប់មករាជរដ្ឋាភិបាល បានបញ្ចេញថវិកា ៥០ លានដុល្លារ តាមរយៈធានាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម ដែលជាកញ្ចប់ថវិកាដំបូង ដែលបានសេចក្តីថា នឹងមានថវិកាបន្ថែមទៀតពីរាជរដ្ឋាភិបាល ប្រសិនបើថិកា ( ៥០ លានដុល្លារ ) នេះផ្តល់ផលវិជ្ជមាន ហើយកសិករមួយគ្រួសារ ឬ មួយកសិដ្ឋាន អាចខ្ចីប្រាក់បានដល់ទៅ ២០ ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ទាបបំផុត ខណៈ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា សមាគមអាចជួយសម្របសម្រួលដល់កសិករ ឬ កសិដ្ឋានក្នុងការខ្ចីប្រាក់នោះយកទៅប្រើប្រាស់ក្នុងការចិញ្ចឹមសត្វរបស់ខ្លួន ។

ជាការកត់សម្គាល់ប៉ុន្មានខែចុងក្រោយនេះ លោក ស្រ៊ុន ពៅ ទាំងក្នុងលក្ខណៈផ្ទាល់ខ្លួន ក៏ដូចជាក្នុងនាម សមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា ជាបន្តបន្ទាប់ បានសាទរយ៉ាងខ្លាំងចំពោះវិធានការរបស់រាជរដ្ឋាភិបាល តាមរយៈនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្ម ។ សាទរយ៉ាងខ្លាំងដោយហេតុថា វិធានការទាំងនោះ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កសិករចិញ្ចឹមជ្រូកនៅ កម្ពុជា ធ្វើឱ្យកសិករចិញ្ចឹមជ្រូក កម្ពុជា មានប្រាក់ចំណូលយ៉ាងសមរម្យ ហើយត្រឹមតែប៉ុន្មានខែមកនេះ ធ្វើឱ្យការចិញ្ចឹមជ្រូកនៅ កម្ពុជា បានកើនឡើងយ៉ាងខ្លាំង។

ទោះយ៉ាងណាក្នុងដំណាក់កាលកូវីដ ១៩ នេះ ទាំងលោក តាន់ ផាន់ណារ៉ា ទាំងលោក ស្រ៊ុន ពៅ មិនលើកទឹកចិត្តឱ្យកសិករចិញ្ចឹមមាន់ ៣ សាសន៍ឡើយ ព្រោះដំណាក់កាលនេះ មាន់ ៣ សាសន៍មានតម្រូវការតិចតួចណាស់ ហើយកិច្ចការដ៏សំខាន់បំផុតមួយ គឺកសិករគប្បីចងក្រងគ្នាជាក្រុម តាមរយៈការចូលជាសមាជិកភាពរបស់សមាគមអ្នកចិញ្ចឹមសត្វ កម្ពុជា ជាដើម៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម