បាតុករ​ឡោមព័ទ្ធ​សេត​វិមាន ត្រាំរត់​នៅ​សម្ងំ​ក្នុង​លេនដ្ឋាន​អស់​ជាង​១​ម៉ោង​

967
ចែករម្លែក

​សារព័ត៌មាន​CNN​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​០១​មិថុនា​ថា ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ ត្រូវបាន​នាំ​ទៅកាន់​លេនដ្ឋាន​ក្រោម​ដី​មួយ​អស់​ពេល​ជាង​១​ម៉ោង​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​​ចំ​ពេល​ការតវ៉ា​ប្រឆាំងនឹង​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ បាន​ផ្ទុះឡើង​នៅមុខ​សេត​វិមាន​។​

​យោង​តាម​មន្ត្រី​សេត​វិមាន​និង​ប្រភព​ក្រុម​អនុវត្តន៍​ច្បាប់ លោកជំទាវ​ទី​១ មេ​ឡានៀ ត្រាំ និង​កូនប្រុស បា​រ៉ុន ក៏​ត្រូវបាន​នាំ​ចូល​លេនដ្ឋាន​ជាមួយ​លោក​ត្រាំ​ផងដែរ​។​

​សូមបញ្ជាក់​ថា មាន​ការតវ៉ា​ប្រឆាំង​ដ៏​ធំ​នៅក្រៅ​សេត​វិមាន​ចំពោះ​ការស្លាប់​លោក​ច​ច ផ្ល​យ ដោយសារ​តែ​ការប្រើ​ដៃ​ធ្ងន់​របស់​ប៉ូលិ​ស្បែកស​។​ការតវ៉ា​ប្រឆាំង​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​សុក្រ​រហូតដល់​ថ្ងៃអាទិត្យ​​នាំអោយ​មាន​ការប្រឈមមុខ​និង​ប៉ះទង្គិច​រហូត​ដល់​របួស​ម្នាក់​ងារ​សម្ងាត់​ជាង​៦០​នាក់​និង​បាតុករ​មួយចំនួន​។​

​បាតុករ​បាន​ដុត​ភ្លើង ចោល​ដប​និង​ដុំ​ភ្លើង​ដាក់​ប៉ូលិស​ដែល​បាន​ឆ្លើយតប​ជាមួយ​នឹង​ឧស្ម័ន​ហៀរ​ទឹកភ្នែក​។​បុគ្គលិក​សេត​វិមាន​ក៏​ត្រូវបាន​ស្នើសុំ​កុំ​អោយ​ទៅ​ធ្វើការ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​សារ​សុវត្ថិភាព​។​

​បាតុកម្ម​បាន​ផ្ទុះឡើង​ទូ​ទាំង​អាម៉េរិក​អស់​ពេល​១​សប្តាហ៍​មក​ហើយ ទោះជា​អាជ្ញាធរ​អាម៉េរិក​បញ្ជា​អោយ​បញ្ចេញ​ទាហាន​ក្នុង​កង​ឆ្មាំ​ជាតិ និង​ដាក់​ប្រើ​បំរាម​គោចរ​នៅ​ទីក្រុង​ជា​ច្រើនក្តី​។​

​ប៉ូលិស​និង​ទាហាន​មក​ពី​កង​ឆ្មាំ​ជាតិ ត្រៀម​រារាំង​កុំអោយ​បាតុករ​ចូល​ដល់​សេត​វិមាន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ នាំអោយ​មាន​ការប៉ះទង្គិច​ខ្លះ​។​មនុស្ស​ជាច្រើន​បាន​រងរបួស​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅពេល​​ប៉ូលិស​រុញច្រាន​បាតុករ​ដែល​ចោល​ដប​ទឹក និង​ផាវ​ដាក់​សមត្ថកិច្ច​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី ត្រាំ បានប្រកាសថា រដ្ឋាភិបាល​អាម៉េរិក​នឹង​ចាត់ទុក​ចលនា​Antifa​ជា​អង្គការ​ភេរវកម្ម​មួយ ដោយសារតែ​លោក​ចោទប្រកាន់​ថា​ការប្រឆាំង​តវ៉ា​ពាសពេញ​អាម៉េរិក​​នេះ​ត្រូវ​រៀបចំឡើង​ដោយ​ក្រុម​នេះ​។​លោក​ហៅ​ក្រុម​នេះ​ថា​«​ពួក​អនាធិបតេយ្យ​» និង​បាន​លើកសរសើរ​កង​ឆ្មាំ​ជាតិ ដែល​បាន​រារាំង​ក្រុម​នេះ​នៅ​ក្រុង​មី​នី​ប៉ូលិស​នៅ​រដ្ឋ​មី​នី​សូ​តា​។​

​លោក​ប្រធានាធិបតី បាន​អំពាវនាវ​ដល់​អភិបាល​ក្រុង​នានា​យក​គំរូ​តាម​ក្រុង​មី​នី​ប៉ូលិស និង​ប្រើ​ទាហាន​ឆ្មាំ​ជាតិ ដើម្បី​បង្ក្រាប​ក្រុម​នេះ​«​មុន​យឺត​ពេល​»៕​ប្រែ​សម្រួល​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ