ទំនាស់ដីនៅតំបន់ខុនមាសស្រុកបាធាយ អាជ្ញាធរខេត្តបង្កើតក្រុមការងារចម្រុះ សហការជាមួយព្រះរាជអាជ្ញានឹងចុះសិក្សាពិនិត្យជាក់ស្តែង

95
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ ទំនាស់ដីស្រែប្រាំងរវាងប្រជាពលរដ្ឋចំនួន ១៨ គ្រួសារ ជាមួយនឹងប្រជាពលរដ្ឋចំនួន ៤០ គ្រួសារនៅតំបន់ខុនមាស ឃុំសម្បូរ ស្រុកបាធាយ គឺអាជ្ញាធរខេត្តកំពង់ចាមបានសម្រេច បង្កើតក្រុមការងារចម្រុះសហការជាមួយ ព្រះរាជអាជ្ញា នឹងចុះសិក្សា ពិនិត្យពីស្ថានភាពដីជាក់ស្តែង ដើម្បីសម្រេចជាក្រោយ។

នៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយដីទំនាស់ខាងលើតាំងពីឆ្នាំ២០១០ មានការចូលរួមគ្រប់ភាគីពាក់ព័ន្ធនៅក្នុងសាលាខេត្ត ដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០បាមានប្រសាសន៍ថា ដើម្បីដោះស្រាយដីទំនាស់នេះ គឺក្រុមការងារដែលនឹងសហការជាមួយព្រះរាជ្ញារងអមសាលាដំបូងមួយរូប អមដោយមន្រ្តីពីខាងមន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអាជ្ញាធរគ្រប់ថ្នាក់ក្នុងខេត្ត នឹងធ្វើដំណើរទៅកាន់ទីតាំងដីទំនាស់។

លោកប្រធានគណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តបានមានប្រសាសន៍ថា ក្នុងនោះក្រុមការងារនឹងផ្ទៀងផ្ទាត់ពិនិត្យពីស្ថានភាពដីទំនាស់ជាក់ ជាមួយផែនទីរបស់ខាងធនធានទឹកជាដីស្ថិតក្នុងតំបន់មេទឹកមែន ឬមិនមែន? និងសិក្សាឳ្យបានច្បាស់លាស់ពីទំហំដីពិតប្រាកដ។ ករណីពិនិត្យរកឃើញជាដីមេទឹក គឺរក្សាទុកជាទ្រព្យសម្បត្តិរបស់រដេ្ឋ។

លោកអភិបាលខេត្តកំពង់ចាមបានលើកឡើងថា ករណីពិនិត្យឃើញជាដីមិនស្ថិតក្នុងដីតំបន់មេទឹកទេ ត្រូវប្រគល់ជូនខាងភាគីប្រជាពលរដ្ឋចំនួន ១៨ គ្រួសារ។ ចំណែកខាងភាគីប្រជាពលរដ្ឋ ៤០ គ្រួសារ គឺនៅពេលសម្រេចយ៉ាងណាហើយនោះ គឺពួកគេគ្មានសិទ្ធិកាងដីខាងលើនោះទៀតទេ។ ករណីមានអ្នកមកកាងនោះទុកឳ្យឈ្មួញ គឺយើងនឹងអនុវត្តវិធានការច្បាប់ចាប់ខ្លួនតែម្តង។

លោកបានបន្តថា ផ្ទុយមកវិញបើទង្វើជនទាំងនោះធ្វើឡើងក្នុងផប្រយោជន៍សហគមន៍ ឬជាប្រយោជន៍របស់រដ្ឋនោះ គឺយើងនឹងគាំទ្រ។

គួររំលឹកថា ដីតំបន់ខុនមាសជាដីរបស់រដ្ឋ បានបែងចែកផ្តល់ឳ្យប្រជាពលរដ្ឋចំនួន ១៨ គ្រួសារបង្កបង្កើនផលតាំងពីឆ្នាំ១៩៨៤។ រហូតដល់ដើមឆ្នាំ២០១០មានឈ្មោះ នឹម នឿន និងឈ្មោះ ហ៊ន ធួក ភាគីខាង ៤០គ្រួសារបានមកហាមឃាត់ខាង ១៨គ្រួសារដែលកំពុងអាស្រ័យផល។ ដោយសំអាងថា ជាដីមេទឹករបស់ពួកគាត់ចំនួន ៤០ គ្រួសារនោះ ហើយបានប្តឹងមកអាជ្ញាធរឃុំសម្បូរ ហើយខាងអាជ្ញាធរបានហាមឃាត់ខាង ១៨គ្រួសារមិនឳ្យបង្កបង្កើនផល៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ