ក្នុងខែមេសាឆ្នាំ២០២០ បង្ក្រាបករណីគ្រឿងញៀនបានចំនួន៤៣ ករណី ឃាត់ខ្លួនមនុស្សចំនួន១៥៧ នាក់ និង ដកហូតថ្នាំញៀនបានជាង៦គីឡូក្រាម

148
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ក្នុងរយៈពេលមួយខែមេសា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានបង្ក្រាបករណីគ្រឿងញៀនបានចំនួន៤៣ករណី ឃាត់ខ្លួនមនុស្សចំនួន១៥៧នាក់ និង ដកហូតថ្នាំញៀនបានជាង៦គីឡូក្រាម។

នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានឲ្យដឹងថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ប្រចាំខែមេសា ឆ្នាំ២០២០ នេះ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចុះបង្ក្រាបគ្រឿងញៀនបានចំនួន ៤៣ ករណី , ឃាត់ខ្លួន ១៥៧នាក់ ក្នុងនោះស្រីចំនួន ១២នាក់ ដោយចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(Ice) ចំនួន ៦.១៧៧,៨៧ក្រាម , ថ្នាំក្រវី ចំនួន ០១គ្រាប់ , ថ្នាំគ្រាប់អក្សរ(WY) ចំនួន១០គ្រាប់ , ទូរស័ព្ទ ចំនួន ៧២គ្រឿង និងជញ្ជីងថ្លឹង ចំនួន០៧គ្រឿង ។

របាយការណ៍បានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះ បានចុះអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបើកបរយន្ត ចំនួន ០៤លើក ដោយសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្ត និងទោចក្រ យានយន្ត សរុប២៦នាក់ ដែលមានលទ្ធផលតេស្តវិជ្ជមាន ចំនួន ១២នាក់ ហើយបានបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត ហើយសម្រាប់អ្នកដែលតេស្តទឹកនោអធវិអជ្ជមាន ចំនួន១៤នាក់ បានអប់រំ និងណែនាំឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀន ។

របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា ទោះជាយ៉ាងនេះក្ដី គណៈ កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ដាក់ទិសដៅការងារសម្រាប់អនុវត្តបន្តទៀត ដូចជាការពង្រឹងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ , ការធ្វើបច្ចុប្បន្នភាព និងកំណត់គោលដៅក្លឹបកម្សាន្ត និងកន្លែងសប្បាយដ្ឋាន ដែលមានសញ្ញាណជួញដូរ-ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះក្លឹបកម្សាន្ត និងកន្លែងសប្បាយដ្ឋានដែលមិនចូលរួមសហការ និងចាត់វិធានការបិទ ឬដកហូតច្បាប់អនុញ្ញាតធ្វើអាជីវកម្មជាបណ្ដោះអាសន្ន ឬជាស្ថាពរ ចំពោះទីតាំងអាជីវកម្មណាដែលពិនិត្យឃើញថាមានសកម្មភាព ជួញដូរ និងប្រើប្រាស់គ្រឿង ញៀន ជាពិសេសពង្រឹងកម្លាំងជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីអប់រំ បង្ការ ស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿង ញៀនទូទាំងខេត្ត និងបង្កើតសកម្មភាពស្រាវជ្រាវ បង្ក្រាបជនល្មើសជួញដូរចែកចាយគ្រឿងញៀន និងកសាងមូលដ្ឋានសម្ងាត់ផ្ដល់ព័ត៌មាន ដើម្បីចាត់វិធានការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀនឲ្យបានទាន់ពេលវេលា៕/B