ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍ ខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរក្នុង ខេត្ត សៀមរាប

110
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែលហៅកាត់ថា អេម ( AIMS ) និង ក្រុមហ៊ុនជី អេស ឌី ភាច ( Golden Silk PHEACH.Co.,Ltd ) បានរួមគ្នាចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិត​ផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរនៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបបាននិយាយថា នៅក្នុងខេត្តសៀមរាប រួមមានក្រុងសៀមរាប ស្រុកពួក និងស្រុកបន្ទាយស្រីប៉ុណ្ណោះ ដែលមានប្រជាជនប្រកបមុខរបរដាំមន ចិញ្ចឹមដង្កូវនាង ស្រាវសរសៃសូត្រ និងមានតម្បាញហូល ផាមួង និងចរបាប់។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំមុននេះ ផលិតផលកសិ-ពាណិជ្ជកម្មសូត្រ នៅក្នុងខេត្តសៀមរាប មានការបាត់បង់ច្រើន ដោយសារតែកត្តាប្រឈមមួយចំនួនដូចជា ៖ បញ្ហាទីផ្សារមិនស្ថិតស្ថេរ , ការប្រកួតប្រជែងជាមួយផលិតផលសូត្រពីក្រៅប្រទេស និងការធ្វើចំណាកស្រុកស្វែងរកការងារថ្មីដែលអាចមានចំណូលច្រើនជាងការធ្វើសូត្រជាដើម ហើយបច្ចុប្បន្ននេះ អាស្រ័យដោយការដាក់ចេញនូវយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងមានក្រសួងពាណិជ្ជកម្មជាសេនាធិការ វិស័យសូត្រខ្មែរត្រូវបានស្តារពង្រឹងឡើងវិញ និងកំពុងបោះជំហ៊ានឆ្ពោះទៅការអភិវឌ្ឍ បំពេញតម្រូវការទីផ្សារជាបណ្តើរហើយ។

លោកអភិបាលរងខេត្តបានបន្តថា ក្នុងគោលដៅធ្វើការប្រមូលផ្តុំក្រុមកសិករផលិតដែលមានស្រាប់ និងចងក្រងបង្កើតក្រុមកសិករផលិតថ្មី ដើម្បីពង្រីកនិងកែលម្អផលិតកម្មសូត្រខ្មែរក្នុងបទដ្ឋាននៃគុណភាព គាំទ្របច្ចេកទេសថ្មីៗក្នុងការបង្កើតផលិតភាព ឆ្លើយតបតាមតម្រូវការទីផ្សារ បង្កើនប្រាក់ចំណូលដល់បងប្អូនកសិករក្រុមផលិត ជាពិសេសបងប្អូនស្រ្តី និងដោយផ្តោតការយកចិត្តទុកដាក់ទៅលើគុណភាពផលិតផល សម្រាប់ការប្រកួតប្រជែងជាយុទ្ធសាស្រ្តរយៈពេលយូរអង្វែង។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ ថា៖ ដើម្បីធ្វើឲ្យវិស័យសូត្រខ្មែរមានភាពរស់រវើកឡើងវិញ រាជរដ្ឋា ភិបាលកម្ពុជាបានរៀបចំយុទ្ធសាស្រ្តសូត្រជាតិ២០១៦-២០២០ ហើយដើម្បីលើកកម្ពស់និងអភិវឌ្ឍវិស័យសូត្រខ្មែរនេះ AIMS គឺជាចំណុចចាប់ផ្តើមដំបូង នៃភាពជាដៃគូរវាងវិស័យឯកជននិងសាធារណៈទៅលើអាជីវកម្មសូត្រខ្មែរ។

លោកបានបន្តថា ការចុះហត្ថលេខាលើអនុស្សរណៈក្នុងភាពជាដៃគូនេះ គម្រោងមានរៀបចំឲ្យមានការផ្គត់ផ្គង់សំបុកកូននាង ជំរុញការដាំដើមមនមានគុណភាព សម្របសម្រួលឲ្យមានវេទិកា ពហុភាគីពាក់ព័ន្ធជាមួយតួអង្គខ្សែសង្វាក់តម្លៃសូត្រ ដើម្បីដោះស្រាយបញ្ហានានា ដូចជាបច្ចេកទេស ប្រព័ន្ធស្រោចស្រព ឥណទាន និងការធ្វើពពិធកម្មទីផ្សារជាដើម ហើយតាមរយៈសកម្មភាពនេះ គម្រោងក៏មានការរំពឹងទុកដែរថា កសិករទទួលបានការកើនឡើងនូវប្រាក់ចំណេញពីការផលិតសូត្រឆៅខ្នាតតូចនេះ និងរចនាជាផលិតផលសូត្រសំរេចផងដែរ៕/B