ប្រធានាធិបតី​ប្រេ​ស៊ីល​ចូលរួម​ជា​មួយក្រុ​ម​អ្នក​តវ៉ា​ប្រឆាំង​សភា​និង​តុលាការ​

241
ចែករម្លែក

​ប្រធានាធិបតី​ប្រេ​ស៊ីល លោក​ហ្ស៊ែ​រ បុល​សូ​ណារ៉ូ​( Jair Bolsonaro) បាន​ចូលរួម​ជាមួយ​ក្រុម​អ្នកគាំទ្រ ធ្វើ​បាតុកម្ម​ប្រឆាំង​សភា​និង​តុលាការ​កំពូល​នៅ​ទីក្រុង​ប្រា​ស៊ី​លី​យ៉ា កាលពី​ថ្ងៃអាទិត្យ​ទី​៣១​ខែ​ឧសភា ដែល​បង្ក​ការព្រួយបារម្ភ​អំពី​វិបត្តិ​ស្ថាប័ន​នៅ​ប្រទេស​ដែល​ឥឡូវ​នេះ​មាន​ចំនួន​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩​ច្រើន​បំផុត​លំដាប់​ទី​២ នៅលើ​ពិភពលោក​បន្ទាប់ពី សហរដ្ឋ​អាម៉េរិក​។​

​នៅក្នុង​ការផ្សាយ​ផ្ទាល់​នៅលើ​បណ្តាញ​សង្គម លោក​ហ្ស៊ែ​រ បុល​សូ​ណារ៉ូ​បាន​ស្វាគមន៍​ក្រុម​អ្នកគាំទ្រ​ពី​ឧទ្ធម្ភាគចក្រ​ដែល​ហោះ​លើ​តំបន់​ដែល​បាតុកម្ម​នោះ​មុន​ឧទ្ធម្ភាគចក្រ​នោះបាន​ចុះចត​ហើយ​​លោក​បាន​ចូលរួម​ក្នុង​ការតវ៉ា​ដោយ​មិន​ពាក់​ម៉ាស់​ទោះបីជា​មាន​ក្រឹត្យ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​ដែល​បាន​បញ្ជា​ឱ្យ​ពួកគេ​ពាក់​ម៉ាស់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ក៏ដោយ​។​

​លោក បុល​សូ​ណារ៉ូ​ដែល​ជា​អតីត​មេបញ្ជាការក​ង​ទ័ព​នេះ ក៏​បាន​ឡើង​ជិះ​លើ​សេះ​ប៉ូលិស​សហព័ន្ធ​នៅ​ចំពោះមុខ​ក្រុម​បាតុករ​ដែល​បាន​កំពុង​កាន់​បដា​ដែល​រិះគន់​តុលាការ​កំពូល​ហើយ​ថែម​ទាំង​អំពាវនាវ​​ឱ្យមាន​សកម្មភាព​យោធា ប្រឆាំង​នឹង​តុលាការ​និង​សភា​។​

​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេសប្រេ​ស៊ីល ក្រុមអ្នកតវ៉ា​ប្រឆាំង​និង​ក្រុមអ្នកតវ៉ា​គាំទ្រ លោក បុល​សូ​ណារ៉ូ បាន​ប៉ះទង្គិច​គ្នា​និង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​។

​នៅ​ទីក្រុង​សៅ ប៉ាវ​ឡូ និង​ទីក្រុង​រី​យ៉ូ ដឹ ហ្សា​ណេ​រ៉ូ បាតុកម្ម​ប្រឆាំង​លទ្ធិ​ហ្វា​ស៊ីស​និយ​ម និង​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ត្រូវបានធ្វើ​ដោយ​ដោយ​ក្រុម​អ្នកគាំទ្រ​បាល់ទាត់ ដែល​បាន​ប៉ះទង្គិច​ជាមួយ​​អ្នកគាំទ្រ​របស់​លោក​លោក​ហ្ស៊ែ​រ បុល​សូ​ណារ៉ូ ។​

​បណ្តាញ​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា​នៅ​ទីក្រុង​សៅ ប៉ៅ​ឡូ ប៉ូលិស​បាន​បាញ់​គ្រាប់​បែកផ្សែង ហើយ​យ៉ាងហោចណាស់​អ្នក​តវ៉ា ៥ នាក់ ត្រូវបាន​ចាប់ខ្លួន​។​

​ការតវ៉ា​ចុងក្រោយ​និង​ការបង្ហាញ​មុខ​របស់ លោក​ហ្ស៊ែ​រ បុល​សូ​ណារ៉ូ​ដើម្បី​ស្វាគមន៍​អ្នកគាំទ្រ​របស់​លោក​អាច​ជំរុញ​ឱ្យ​វិបត្តិ​ស្ថាប័ន​នេះ​កាន់​អាក្រក់​ខ្លាំង​ឡើង ចំ​ពេល​ការស៊ើបអង្កេត​ព័ត៌មាន​ក្លែងក្លាយ ​ត្រូវបាន​បញ្ជា​ធ្វើ​ដោយ​តុលាការ​កំពូល​នេះ​។ កាលពី​សប្តាហ៍​មុន​ប៉ូលិស​សហព័ន្ធ បាន​អនុវត្ត​បទបញ្ជា​ស្វែងរក​និង​ចាប់ខ្លួន​មនុស្ស​ដែល​គេ​គិតថា​ជា​សម្ព័ន្ធមិត្ត​របស់ លោក​ហ្ស៊ែ​រ បុល​សូ​ណារ៉ូ​។​

​ប្រធានាធិបតី​និង​តុលាការ​កំពូល​នេះ​មាន​ការខ្វែងគំនិត​គ្នា​លើ​បញ្ហា​មួយចំនួន​ជាពិសេស​បន្ទាប់ពី​តុលាការ​នេះ បាន​គាំទ្រ​វិធានការ​រឹតត្បិត​ដែល​ត្រូវបាន​ដាក់​ដោយ​ក្រុម​អភិបាលរដ្ឋ​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​វីរុស ដែល​ជា​ការប្រឆាំង​ការជំរុញ​របស់​ប្រធានាធិបតី​នេះ​ឱ្យ​បើក​សេដ្ឋកិច្ច​ឡើងវិញ​។​

​គិត​មក​ត្រឹម​ថ្ងៃអាទិត្យ​ទី​៣១​ខែ​ឧសភា ប្រទេសប្រេ​ស៊ីល មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ សរុប​ចំនួន​២៩.៣១៤​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រធានាធិបតី​ប្រេ​ស៊ីល លោក​ហ្ស៊ែ​រ បុល​សូ​ណារ៉ូ​ស្វាគមន៍​ក្រុម​អ្នកគាំទ្រ​ពី​ឧទ្ធម្ភាគចក្រ​នៅ​ទីក្រុង​ប្រា​ស៊ី​លី​យ៉ា​កាលពី​ថ្ងៃទី​៣១​ខែ​ឧសភា​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម