សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែង​ពីអ្វី​ខ្លះ​នៅខេត្ត​ព្រះសីហនុ​?

192
ចែករម្លែក
សម្តេចតេជោហ៊ុនសែននាយក​រដ្ឋមន្ត្រី​កម្ពុជាថ្លែង​ពីអ្វី​ខ្លះ​នី​ខេត្ត​ព្រះសីហនុ​

ដោយៈ​បូព៌​ព្រឹក្ស​,​តារា​រិ​ទ្ធ​,​មុនី​រ័ត្ន​/​ព្រះ​សី​ហនុៈ​នៅ​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​ត​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី និង​ក្រុមការងារ​បច្ចេកទេសស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ក្នុង​ខេត្ត​ព្រះសីហនុ ក្រោយពី​បាន​ចុះ​ពិនិត្យមើល​ការសាងសង់​ផ្លូវ​នៅក្នុង​ក្រុងព្រះសីហនុ​។​


​ក្នុង​មតិ​សំណេះសំណាល​ជាង​បី​ម៉ោង​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ដល់​កងវិស្វកម្ម និង​ក្រុមការងារ​សាងសង់​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​សម្រេចការ​សាងសង់​ផ្លូវ​ទាំង​៣៤​ខ្សែ​បាន​លឿន​ជាង​ផែនការ​កំណត់​។​សម្តេច​បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​កម្មករ​ជាង​បួន​ពាន់​នាក់​ដែល​បម្រើ​ការងារ​សាងសង់​ផ្លូវ​ទាំង​៣៤​ខ្សែ និង​ឧបត្ថម្ភ​ថវិកា​១​នាក់ ១០​ម៉ឺន​រៀល​។​
​សម្តេច​តេ​ជោ​បាន​រំលឹក​ជាថ្មី​ថា​ មូលហេតុ​ដែលនាំឱ្យ​សម្តេច​សម្រេច​បើក​ការសាងសង់​ផ្លូវ​ទាំង​៣៤​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ គឺ​បន្ទាប់ពី​សម្តេច​បាន​មើលឃើញថា​ផ្លូវ​ក្នុង​ព្រះសីហនុ​នេះ​មិន​សម​នឹង​កំណើន​កម្ពស់​អគារ​ដែល​កំពុង​ដុះដាល​។ ការវិនិយោគ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ខេត្ត​ព្រះសីហនុ​ពេលនេះ មាន​ទឹកប្រាក់​ប្រមាណ​៣៤០​លាន​ដុល្លារ​។​


​សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ប៉ូល​សេដ្ឋកិច្ចកម្ពុជា​ពេលនេះ​មាន​បី គឺ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ​។ សម្តេច​ក៏​សង្ឃឹមថា កម្ពុជា​នឹងមាន​ប៉ូល​សេដ្ឋកិច្ច​ទី​៤ មួយទៀត នៅ​ភូមិភាគ​ឦ​សាន​។ ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មានការ​ខ្ទេចខ្ទាំ​ខ្លាំង​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ហេតុនេះហើយ​ទើប​សម្តេច​សម្រេច​ស្ថាបនា​ផ្លូវ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​


​សម្តេច​បន្តថា ការស្ថាបនា​ផ្លូវ​ដ៏​ប្រណីត​ក្នុង​ក្រុងព្រះសីហនុ រួមទាំង​ការស្ថាបនា​ឆ្នេរ​ឱ្យ​ស្រស់ស្អាត​នឹង​ក្លាយទៅជា​ការទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែខ្លាំង​មក​ខេត្ត​ភាគ​និរតី​មួយ​នេះ​។ ភ្ញៀវទេសចរ​នឹង​អាច​ទៅ​មើល​កម្សាន្ត​ផ្លូវនៅ​ខេត្ត​ព្រះសីហនុ ហើយ​សម្តេច​ជំរុញ​ឱ្យ​អភិបាលខេត្ត​តុ​ប​តែ​ផ្លូវ និង​ភ្លើង​បំភ្លឺ​ឱ្យបាន​ស្រស់ស្អាត​។​ស​ម្តេចក៏ បាន​អរគុណ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោក ថោង ខុន លោក សាយ សំ​អាល់​និង​មន្ត្រី អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​ប្រឹងប្រែង​សម្រេច​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ព្រះសីហនុ​។​ក៏បានអរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​សហការ និង​យោគយល់​ចំពោះ​ការស្ថាបនា​ផ្លូវ រួមទាំង​ការកែលំអឆ្នេរ​។​


​សម្តេច​តេ​ជោ លើកទឹកចិត្ត​ឱ្យមាន​ការបំពាក់​អំពូល​ឆ្លាត​វៃ​ឱ្យបាន​ច្រើន​តាម​ដង​វិថី​នៅក្នុង​ក្រុងព្រះសីហនុ​។ ទៅ​ថ្ងៃមុខ​មិន​ត្រឹមតែ​ក្រុងព្រះសីហនុ​ទេ ទីក្រុង​ដទៃទៀត ក៏ត្រូវ​ដាក់​អំពូល​ឆ្លាត​វៃ​នេះដែរ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​។​សម្តេច​បាន​ថ្លែងថា ពីមុន​មិនអាច​ត​ភ្ជាប់​ផ្លូវ​ពី​ឆ្នេរ​អូរត្រេះ មក​ឆ្នេរ​អូរ​ឈើទាល​នោះទេ តែ​ឥឡូវ​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ បន្ទាប់ពី​ម្ចាស់​កម្មសិទ្ធិ​ដីឯកជន​មួយ​ព្រម​ប្រគល់​ដី​មកឱ្យ​រាជរដ្ឋាភិបាល​វិញ សម្រាប់ធ្វើ​ផ្លូវ​ត​ភ្ជាប់​។​សម្តេចអរគុណ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​សម្រាប់​ការរៀបចំ និង​ត​ភ្ជាប់​ឆ្នេរ​នៅ​ក្រុងព្រះសីហនុ​។​សម្តេច បានស្នើ​ទៅ​អាជ្ញាធរ​ឱ្យ​បន្ត​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​កុំឱ្យ​ខូច​ឆ្នេរ និង​ទឹកសមុទ្រ​។​


​សម្តេច​តេ​ជោ​បាន​ថ្លែងថា ក្នុង​ដំណើរ​ពិនិត្យ​ផ្លូវ​ព្រឹក​មិញ​នេះ សម្តេច​បាន​ប្រសិទ្ធ​នាម​ទីតាំង​លើផ្លូវ​ចំនួន​បី​កន្លែង ដោយ​ដាក់ឈ្មោះ​ទីតាំង​នោះ​ថា «​ខ្មែរ​ធ្វើបាន​» «​សិលា​ចាំ​ស្នេហ៍​» និង «​ដើមឈើ​ចាំ​ស្នេហ៍​»​។​


​សម្តេច​តេ​ជោ​មានប្រសាសន៍ថា ​គោលដៅ​ធំ​សម្រាប់​ក្រុងព្រះសីហនុ គឺ​ត្រូវបង្កើត​ឱ្យក្លាយ​ទៅជា​ទីក្រុង​ពហុ​បំណង​។ ខេត្ត​ព្រះសីហនុ ត្រូវបាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ច្រើនជាង​រាជធានី​ភ្នំពេញ ដែលមាន​រហូតដល់ជិត​៦០០​កន្លែង ទៅ​ថ្ងៃ​ខាងមុខ​ក្រុងព្រះសីហនុ អាច​ក្លាយទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ផងដែរ​។​ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​ក្នុងនោះ​មាន​១​កន្លែង​វិនិយោគ​ដោយ​ចិន​និង​មួយកន្លែង​ទៀត វិនិយោគ​ដោយ​ជប៉ុន​។ ក្រុងព្រះសីហនុ បានក្លាយ​ទៅជា​ក្រុង​អភិវឌ្ឍ​ពហុ​ជាតិ​សាសន៍​។​


សម្តេច​តេ​ជោ ហ៊ុន សែន បាន​រិះគន់​ប្រទេស​មួយចំនួន ដែល​បាន​វាយប្រហារ​លើ​ផ្នែក​សុខាភិបាល​កម្ពុជា ខណៈដែល​ប្រទេស​នោះកំពុងមាន​មនុស្ស​ស្លាប់​ដោយសារ​កូ​វីដ​១៩​ជា​បន្តបន្ទាប់ ចំណែក​កម្ពុជា​មិនមាន​អ្នកជំងឺ​កូ​វីដ​១៩ ណា​ម្នាក់​ស្លាប់​។​សម្តេច​បាន​ជំរុញ​ជាថ្មី ឱ្យ​សិស្ស​-​និស្សិត បន្ត​ខិតខំ​រៀន​តាម​អន​ឡាញ ក្នុងពេលដែល​សាលា​របស់​ពួកគេ​បាន​ផ្អាក ដោយសារ​កូ​វីដ​១៩​។​សម្តេច​បន្តថា ពេល​ខាងមុខនេះ​រាជរដ្ឋាភិបាល នឹង​អនុញ្ញាត​ឱ្យមាន​ការប្រកួត​កីឡាបាល់ទាត់​។​សម្តេច​បញ្ជាក់ថា នឹង​ឲ្យ​ផលិត​ក្រមា​ធ្វើជា​ម៉ាស​ចំនួន​ពីរលាន ដើម្បី​ចែក​ឲ្យ​កម្មករ និង​អ្នកក្រីក្រ​ប្រើប្រាស់ ហើយ​ម៉ាស​នេះ​បោកគក់​បាន​។​


​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ឥឡូវនេះ មាន​រោងចក្រ​២៥៦​រោងចក្រ​បាន​ព្យួរ និង​មាន​កម្មករ​១៣​ម៉ឺន​នាក់​បាត់បង់​ការងារ​។​ទន្ទឹមនេះ​សម្តេច បាន​ព្រមាន​អ្នកវិភាគ​ម្នាក់ ដែល​ចេះតែ​និយាយថា «​រាជរដ្ឋាភិបាល​មិន​បញ្ចេញ​ថវិកា ដើម្បី​ជួយ​កម្មករ​» ខណៈដែល​រាជរដ្ឋាភិបាលបានរៀបចំ​ជា​បន្តបន្ទាប់​។​សម្តេច​តេ​ជោ​បង្ហាញ​ពី​វិធានការ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច សង្គម ដោយ​កូ​វីដ​១៩ នៅ​ជុំ​ទី​៤​។​
​សម្តេច​តេ​ជោ​បានឱ្យ​មេដឹកនាំ​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​ចាំមើល បើ​មាន​ធនាគារ​ណាមួយ​ដួល​នៅ​កម្ពុជា​។​សម្តេច​ព្រមាន​ថា ផែនការ​របស់​ក្រុមប្រឆាំង​ក្រៅប្រទេស គឺ​ចង់ឱ្យ​ធនាគារ​នៅ​កម្ពុជា​ដួល​ទាំងអស់​។​សម្តេច​ក៏បាន ព្រមាន​ចាប់ខ្លួន​ទាំងអស់​ចំពោះ​ជន​ណា​ដែល​បម្រើឱ្យ​យុទ្ធនាការ​របស់​មេដឹកនាំ​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស ចង់​ឲ្យ​ធនាគារ​ទាំងអស់​នៅ​កម្ពុជា​ដួលរលំ​។​


សម្តេច​តេ​ជោ ហ៊ុន សែន​បានបញ្ជាក់​ជាថ្មី​ថា ក្នុងស្ថានភាព​កូ​វីដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា មិន​ទុកឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់ដោយសារតែ​យើង​មិនដឹង និង​មិនបាន​ដោះស្រាយ​ទេ​។ ដំណាក់កាល​នេះ រាជរដ្ឋាភិបាល​ជួយ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​ដោយ​គ្មាន​ការរើសអើង​។​


​សម្តេច​តេ​ជោ ប្រកាស​ឱ្យ​ចាប់ខ្លួន​ជន​ដែល​បំផុសបំផុល​ថា កម្ពុជា​លែង​ចាយលុយ​១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​។ បើ​មាន​កន្លែង​ណាមួយ​នៅ​កម្ពុជាហ៊ាន​កាត់ទឹក លើ​ការដូរ​លុយ​១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ ខុសពី​តម្លៃ​ជាក់ស្តែង​លើ​ទីផ្សារ ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​ជាបន្ទាន់​ដើម្បី​ចាប់ខ្លួន​។​សម្តេច​ត​ជោ ផ្តាំ​ទៅ​មេដឹកនាំ​ក្រុមប្រឆាំង​ក្រៅប្រទេស បើ​ហ៊ាន​បញ្ជានរ​ណាមួយ​ឱ្យមក​បំផ្លាញ​កម្ពុជា នឹង​ចាប់ខ្លួន​ភ្លាម​។​


​សម្តេច​តេ​ជោ​ក៏ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់ រួមគ្នា​ជំរុញ​វិស័យ​កសិកម្ម​ឱ្យ​ខ្លាំងក្លា នៅ​ដំណាក់កាល​កូ​វីដ​១៩​។ ដ្បិត​តែមាន​កម្មករ​មួយចំនួន បាត់បង់​ការងារ​ធ្វើ​នៅតាម​រោងចក្រ ប៉ុន្តែ​ពួកគេ​បាន​ទៅ​បំពេញការងារ​ផ្នែក​កសិកម្ម នៅ​ស្រុកកំណើត​ជំនួស​វិញ​។​សម្តេច អះអាងថា ទុនបម្រុង​រាជរដ្ឋាភិបាល​បី​ពាន់លាន​ដុល្លារ មិនទាន់​ស្រកស្រុត​នោះទេ ទោះបីជា​កម្ពុជា​ត្រូវ​ចំណាយ​ដោយសារ​កូ​វីដ​១៩ ក៏ដោយ​។​


​សម្តេច​តេ​ជោ​បាន​ទម្លាយ​ថា មាន​ទូត​មួយ​នៅតែ​បន្ត​និយាយថា​មូលដ្ឋាន​សមុទ្រ​រាម ត្រូវ​បានផ្តល់​ផ្តាច់មុខ​ឱ្យទ័ព​ចិន​។​សម្តេច​តេ​ជោ​បានប្រកាស​ជាថ្មី​ថា កម្ពុជា​មិន​ចូលរួម​ជាមួយ​អ្នកនេះ ប្រឆាំង​អ្នកនោះ មិន​អនុញ្ញាត​ឱ្យមាន​ទីតាំង​យោធា​បរទេស​នៅលើ​ទឹកដី​ខ្លួន ហើយ​យើង​ក៏​មិន​បញ្ជូន​កងទ័ព​ទៅ​ក្រៅប្រទេស ក្រៅពី​បំពេញបេសកកម្ម​មនុស្ស​ធម៌ ក្រោម​ឆ​ត្រ​អង្គការសហប្រជាជាតិ​។ សម្តេច​បាន​ថ្លែងថា កម្ពុជា ស្វាគមន៍​ជំនួយ​ពី​គ្រប់​ប្រទេស​ទាំងអស់ ទាំង​អាម៉េរិក ចិន និង​ជប៉ុន​ជាដើម​។ មូលដ្ឋាន​ជើង​ទឹក​រាម​ស្វាគមន៍​គ្រប់​នាវា​បរទេស​ទាំងអស់ ដែល​ចូលមក​សំចត​និង​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា កម្ពុជា​ស្វាគមន៍​រាល់​ការចូលរួម​ធ្វើ​សមយុទ្ធ​ពី​បរទេស លើ​ការប្រឆាំង​ភេរវកម្ម និង​គ្រប់គ្រង​គ្រោះមហន្តរាយ​។​


សម្តេច​តេ​ជោ​បញ្ជាក់ថា គ្មាន​ហេតុផល​អី ដែល​ចិន​យក​មូលដ្ឋានទ័ព​រាម​សម្រាប់​ចត​នាវា​របស់ខ្លួន​នោះទេ​។​សម្តេច​បាន​ចំអក​ឲ្យ​ចារកម្ម​របស់​បរទេស​មួយចំនួន ដែល​រាយការណ៍​ព័ត៌មាន​មិន​ច្បាស់លាស់ជូន​មេដឹកនាំ​របស់​ពួកគេ ធ្វើឱ្យមាន​ការវាយតម្លៃ​ខុសពី​កម្ពុជា​។​សម្តេច​បញ្ជាក់ថា នៅតាម​ដែនសមុទ្រ​របស់​កម្ពុជា​ទាំងអស់​មិនមាន​មូលដ្ឋានទ័ព​បរទេស​ណាមួយ​នោះឡើយ​។​សម្តេច​តេ​ជោ ចាត់ទុក​ការលើកឡើង​របស់​ទូត​បរទេស​ណា​នោះ ជាការ​ភ័ន្តច្រឡំ​ក្នុង​ការទទួល​ព័ត៌មាន និង​ស្នើឱ្យ​បញ្ឈប់​ការលើកឡើង​បែបនេះ​៕សរន/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ