រថយន្តក្រុង​ក្រុមហ៊ុន​កៃ​ឡា​បុក​កង់​បី​ពីក្រោយ​ជ្រុល​បុក​ម៉ូតូ​២​គ្រឿង​ទៀត​នារី​ម្នាក់​របួសធ្ងន់​

121
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖ រថយន្តក្រុង ដឹក​អ្នកដំណើរ ក្រុមហ៊ុន កៃ​ឡា បាន​បើក​បុក​ម៉ូតូ​កង់​បី​ខ្មែរ​(​តុ​តុ​) ពីក្រោយ​ពេញ​ជ្រុល​ទៅបុក​ម៉ូតូ​២​គ្រឿង​ទៀត​បណ្តាលឱ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​។​កើតហេតុ​កាល​វេលា​ម៉ោង ៣​និង​៣៥​នាទី​រសៀល​ថ្ងៃទី​១​មិថុនា​ឆ្នាំ​២០២០​លើ​កំណាត់​ផ្លូវជាតិ​៦​មុខ​ផ្សារ​ព្រែកលៀប ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។​

​បន្ទាប់ពី​បង្ក​ភ្លាម​រថយន្ត​មិនបាន​ឈប់​នៅ​កន្លែងកើតហេតុ​នោះទេ​បើកបរ​បន្ត​ទៅបុក​ប្រមាណ​ជាង​១០០​ម៉ែត្រ​ទើប​មាន​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ជាប់​ទាំង​អ្នកបើកបរ​និង​រថយន្ត ។​នារី​រង​គ្រោះជា​អ្នកជិះ​ម៉ូតូ Zoomer-x មានឈ្មោះ តាំង ពេជ្រ​ធីតា អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

​ក្រោយ​កើតហេតុ នារី​រងគ្រោះ​ត្រូវបាន រថយន្ត​សាមុយ មន្ទីរពេទ្យ​កាល់ម៉ែត មក​ដឹក​ទៅ​សង្គ្រោះ ។​ចំណែក​រថយន្ត​បង្ករ​ម៉ូតូ​កង់​បី​និង​ម៉ូតូ​២​គ្រឿង​ទៀត​ត្រូវបាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​សហការ​ជាមួយ​ចរាចរ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​វាស់វែង​យកទៅ​រក្សាទុក​ដើម្បី​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ