​ស្លាប់​២​នាក់​របួសធ្ងន់​ម្នាក់​ដោយសារ​រថយន្ត​ដឹក​ទឹកកក​ក្រឡាប់​សង្កត់ពីលើ​ម៉ូតូ​

159
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ពិតជា​គ្រោះ​ចង្រៃ​មែន​។​រថយន្ត​ដឹក​ទឹកកក​បាន​ក្រឡាប់​ហើយ​ចៃដន្យ​ក៏​សង្កត់​លើ​ម៉ូតូ​ដែល​បើកបរ​តាមផ្លូវ​ខេត្ត​បណ្តាលឱ្យ​មនុស្ស​ស្លាប់​២​នាក់​និង​របួសធ្ងន់​ម្នាក់​។​ឧ​ប​ទ្ទ​ហេតុ​បាន​កើតឡើង​កាលពី​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ស្រះ​ដើម​អំពិល​ស្ថិត​ក្នុងភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ។​


​លោក​វរសេនីយ៍ទោ​សួន​នី​ប៉ូ​នាយរង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖ ជនរងគ្រោះ​មានឈ្មោះ​ផុន​សា​រួន​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​នៅ​ភូមិ​និមិត្ត​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​ចំណែក​អ្នករួមដំណើរ​មានឈ្មោះ​ប៊ុន​សារ៉ាត់​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា​ស្លាប់​នៅ​មន្ទីរពេទ្យ​។​

​រីឯ​អ្នកបើករថយន្ត​ដឹក​ទឹកកក​របួសធ្ងន់​បាក់​ភ្លៅ​ខាងឆ្វេង​មានឈ្មោះ រឿន​ឈុ​យ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កំពង់ស្វាយ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​លោក​បន្តថា​៖ នៅមុន​ពេល​កើតហេតុ​រថយន្ត​ដឹក​ទឹកកក​ស្លាក​លេខ​បន្ទាយមានជ័យ​3A1190​បើក​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​លុះ​បើក​មកដល់​កន្លែងកើតហេតុ​បាន​ឡើង​ជែង​រថយន្ត​១​គ្រឿង​ទៀត​តែ​ពេលនោះ​មាន​ឧបសគ្គ​ខាងមុខ​ប្រឹង កាច់ចង្កូត​ទៅ​ស្តាំ​ដៃ​វិញ ។​

​ដោយ​លឿន​លឿន​ក៏​បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​ហើយ​បង្ក​គ្រោះ​សោក​នា​ដ្យ​កម្ម​១​ជាន់​ទៀត​គឺ​សង្កត់​លើ​ម៉ូតូ​ដែល​កំពុងធ្វើដំណើរ​លើ​ដងផ្លូវ​។​លោក​នាយរង​បន្តថា​៖​ម៉ូតូ​រងគ្រោះ​មាន​ម៉ាក​ហុងដា​ទ្រី​ម​សេ​125​ផ្លាកលេខ​បន្ទាយមានជ័យ 1F-9337 ដែល​កំពុងបើក​ពី​លិច​មក​កើត​ច្រាស់ទិស​គ្នា​នឹង​រថយន្ត​។​
​អំពី​មូលហេតុ​ដែល​បង្ក​ឱ្យ​គ្រោះថ្នាក់​នេះ​នគរបាល​បញ្ជាក់ថា​បណ្តា​ល​មកពី​អ្នកបើករថយន្ត​ដឹក​ទឹកកក បើក​ល្បឿន​លឿន ហើយ​វ៉ា​ជែង​ដៀ​ក្នុងស្ថានភាព​គ្រោះថ្នាក់ ពេល​មាន​ឧ​ប​ស័គ្គ​ខាងមុខ​៕S/

​រូបថត ៖ ស្លាប់​២​នាក់​និង​របួសធ្ងន់​ម្នាក់​ដោយសារ​រថយន្ត​ដឹក​ទឹកកក​ក្រឡាប់​សង្កត់ពីលើ​ម៉ូតូ (​រូប​៖ ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ