ទិវា សាធារណរដ្ឋ អ៊ីតាលី​

191
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អ៊ីតាលី ប្រារព្ធ ទិវា សាធារណរដ្ឋ របស់​ពួកគេ​នៅ​ថ្ងៃទី ២ ខែ មិថុនា ចាប់ពី​ឆ្នាំ ១៩៧៧ មក ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​បោះឆ្នោត​ប្រជាមតិ​កាលពី ឆ្នាំ ១៩៤៦ លុបបំបាត់​របបរាជានិយម ហើយ​បង្កើតបានជា​របប​សាធារណរដ្ឋ​និយម​រហូត​មក ដល់​សព្វថ្ងៃ ។

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ អ៊ីតាលី មាន​ផ្ទៃដី ៣០១.៣៣៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អឺរ៉ុប​ខាងត្បូង មាន ព្រំដែន​ជាប់​នឹង​ប្រទេស បារាំង ស្វ៊ី​ស អូទ្រីស និង ប្រទេស ស្លូ​វេ​នី ។ ឆ្នាំ ២០២០ មាន​ប្រជា ពលរដ្ឋ ជាង ៦០ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត រ៉ូ​ម៉ាំង កាតូលិក ភាសាផ្លូវការ គឺ​ភាសា អ៊ីតាលី រដ្ឋធានី គឺ​ទីក្រុង រ៉ូម ដែលជា​រាជា​ធានី​របស់​អី​តី​ត ចក្រភព​រ៉ូ​ម៉ាំង​ដ៏​មហស្ចារ្យ ហើយ​ទីក្រុង រ៉ូម នៅតែ​ជា ទីក្រុង កណ្តាល នៃ គ្រិស្តសាសនា​ពិភពលោក ។​

​ក្រុមបាល់ទាត់​ជម្រើសជាតិ អ៊ីតាលី គឺជា​ក្រុម​ដ៏​ជោគជ័យ​បំផុត​មួយ​នៅក្នុង​ប្រវត្តិ បាល់ទាត់ ពិភពលោក របស់ FIFA ដោយបាន​ឈ្នះ ពានរង្វាន់​បាល់ទាត់​ពិភពលោក បួន​លើក​គឺ​៖ ឆ្នាំ ១៩៣៤ នៅ​ប្រទេស​ខ្លួនឯង អ៊ីតាលី ឈ្នះ ឆេ​កូ​ស្លូ​វ៉ា​គី ២-១ ។ ឆ្នាំ ១៩៣៨ នៅ ប្រទេស បារាំង អ៊ីតាលី ឈ្នះ ហុង​គ្រី ៤-២ ។ ឆ្នាំ ១៩៨២ នៅ​ប្រទេស អេ​ស្ប៉ា​ញ អ៊ីតាលី ឈ្នះ អាល្លឺម៉ង់ (​ខាងលិច​) ៣-១ និង ឆ្នាំ ២០០៦ នៅ​ប្រទេស​អាល្លឺម៉ង់ អ៊ីតាលី​ឈ្នះ បារាំង ៥- ៣ ។ បាល់ទាត់ SERIE A របស់ អ៊ីតាលី ជា លី​ក ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយ​របស់​ពិភពលោក ។

​ប្រវត្តិសាស្ត្រ​
​ការដឹកនាំ​របស់ ហ្វា​ស៊ី​ស របស់ បេ​និ​តូ មូ​ស្សូ​លិ​នី ប្រទេស អ៊ីតាលី គឺជា​ភី ១ ក្នុងចំណោម​ភាគី ទាំង ៣ ( ២ ផ្សេងទៀត គឺ អាល្លឺម៉ង់ និង ជប៉ុន ) នៃ សម្ព័ន្ធ Axis នៅក្នុង​សង្គ្រាមលោកលើកទី ២ ដោយ អ៊ីតាលី ជា​អ្នកត្រួតត្រា​ច​ច្រើន​បំផុត​ទៅលើ​តំបន់​សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណេ ហើយ អ៊ីតាលី បាន​ជោគជ័យ​គួរឱ្យ​កត់ សម្គាល់​នៅ​ដំណាក់កាល​ដំបូងៗ នៃ សង្គ្រាម​នោះ ។ ប៉ុន្តែ​ក្រោយមក អ៊ីតាលី បាន​ស្គាល់​បរាជ័យ​ជា បន្តបន្ទាប់ ។​

​នៅ​ដំណាក់កាល​ចុងក្រោយ នៃ សង្គ្រាមលោកលើកទី ២ ស្តេច វិចទ័រ អេ​ម៉ា​នូ​អែល ទី ៣ បាន​ព្យាយាម​ស្រោចស្រង់ របបរាជានិយម ដោយ​ប្រការ​ផ្សេងៗ ហើយ​បាន​សន្យាថា នៅពេល ចប់​សង្គ្រាម (​លោក​លើក​ទី ២ ) ប្រជាពលរដ្ឋ អ៊ីតាលី អាច​ជ្រើសរើស​ទម្រង់​រដ្ឋាភិបាល​របស់ខ្លួន តាមរយៈ​ប្រជាមតិ ។ នៅ​ឆ្នាំ ១៩៤៥ កងទ័ព​សម្ព័ន្ធមិត្ត បាន​រុលទៅមុខ ហើយដោយ​មានការ ជួយ​គាំទ្រ ពី​សំណាក់ ចលនា តស៊ូ របស់​អ៊ីតាលី ផង ក៏បាន​ផ្តួលរំលំ របប​សាធារណរដ្ឋ សង្គម ហ្វា​ស៊ី​ស នៅ អ៊ីតាលី របស់ បេ​និ​តូ មូ​ស្សូ​លិ​នី និង រដ្ឋ​អាយ៉ង​ផ្សេងទៀត ដែល​តែងតាំង​ដោយ ណា​ហ្ស៊ី អាល្លឺម៉ង់ ។​

​បន្ទាប់ពី​បាន​ចាញ់​សង្គ្រាមលោកលើកទី ២ មក អ៊ីតាលី បាន​ក្លាយជា​ប្រទេស​ដ៏​ខ្ទេចខ្ទាំ​យ៉ាង ជ្រាលជ្រៅ ជាមួយនឹង​ជនរងគ្រោះ​ដ៏​ច្រើន​ឥត​គណនា ហើយ​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ នានា ត្រូវ បាន​បំផ្លិចបំផ្លាញ​យ៉ាង​ពិបាក​នឹង​បរិយាយ ។ ការ​ចាញ់​សង្គ្រាម បានធ្វើឱ្យ អ៊ីតាលី ដែល​ធ្លាប់តែ​ជា​អាណាចក្រ​ដ៏​មហិមា​ជាង​២០​ទសវត្សរ៍​មកហើយ​នោះ​ក្លាយជា​ប្រទេស​ដែល​ត្រួតត្រា​ដោយ​យោធា​បរទេស បែកបាក់​ផ្ទៃក្នុង​ប្រទេស​ត្រូវបាន​ហែកហួរ​ដោយ​សង្គ្រាមស៊ីវិល នៅតែ​បន្ត​អូសបន្លាយ ។

​ស្តេច វិចទ័រ អេ​ម៉ា​នូ​អែល ទី ៣ បានដាក់​រាជ្យ ជា​ផ្លូវការ នៅ​ថ្ងៃទី ៤ ខែ ឩ​សភា ឆ្នាំ ១៩៤៦ ។ បន្ទាប់ពី​បាន​ជួបពិភាក្សា​យ៉ាងយូរ​ជាមួយ​ស្តេច អ៊ុម​ប៊ែ​រ៍​តូ ទី ២ នៅ​ថ្ងៃទី ៩ ខែ ឩ​សភា ឆ្នាំ​១៩៤៦ ដដែល នោះ អតីត​ព្រះរាជា វិចទ័រ អេ​ម៉ា​នូ​អែល ទី ៣ បាន​ចាក​ចេញពី​ប្រទេស អ៊ីតាលី​របស់ ព្រះអង្គ តាម​កប៉ាល់​ទៅកាន់​ប្រទេស អេ​ហ្ស៊ី​ព (​សោយ​ទិវង្គត​នៅ​ទីនោះ​នៅ​ឆ្នាំ ១៩៤៧ ) ។

​ស្អែក​ឡើង គឺ​នៅ​ព្រឹក​ថ្ងៃទី ១០ ខែ ឩ​សភា ឆ្នាំ ១៩៤៦ បុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ អ៊ុម​ប៊ែ​រ៍​តូ ទី ២ ( ដែល​ពេលនោះ​នៅ​ជា​ឩ​ត្ត​ម​សេនីយ៍​ទោ ) បាន​ឡើង​សោយរាជ្យ​បន្ត ។ អ៊ុម​ប៊ែ​រ៍​តូ ទី ២ មាន ប្រជាប្រិយភាព​គួរសម​ចំពោះ​ប្រជាជន អ៊ីតាលី ។​

​នាពេលនោះ ប្រទេស អ៊ីតាលី មាន​ចលនា​ធំៗ​ចំនួន​បី​។ គឺ​ចលនា​រាជានិយម​មួយ ចលនា​ហ្វា ស៊ី​ស និយម​មួយ និង​ចលនា​ពួក​សាធារណ​រដ្ឋនិយម​មួយ​។ គណបក្សនយោបាយ​ដែល​លេច ធ្លោរ​ជាងគេ​មាន ៣ គឺ គណបក្ស​ប្រជាធិបតេយ្យ អ្នក​គ្រិស្ត​និយម (DC) គណបក្ស​អ្នក​សង្គម និយម អ៊ីតាលី (PSI) និង គណ​បក្សកុម្មុយនិស្ត៍​និយម អ៊ីតាលី (PCI) ។​

​នៅ​ភាគ​ខាងជើង នៃ ប្រទេស អ៊ីតាលី ពួក​អ្នករាជានិយម​បាន​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ក្លា​ឥត សំចៃ​ពី​សំណាក់​ពួក​អ្នក សាធារណ​រដ្ឋនិយម និង ពួក​អ្នក​ហ្វា​ស៊ី ។​

ប្រជាមតិ​-​បង្កើត​សាធារណរដ្ឋ​
​ពេលនោះ ចំណោទ​ធំ​បំផុត គឺថា ប្រមុខរដ្ឋ គប្បី​ជា​អ្នក​ចេញពី​រាជវង្ស ឬក៏​ជា​អ្នក​ដែល​ត្រូវបាន បោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ ? ឆ្លើយតប​នឹង​ប្រស្នា​ខាងដើម​នេះ រាជក្រឹត្យ មួយ របស់ ស្តេច អ៊ុម​ប៊ែ​រ៍​តូ ទី ២ បាន​កំណត់ថា សភាធម្មនុញ្ញ មួយ គួរតែ​ត្រូវបាន​រៀបចំឡើង ដើម្បី​ព្រាង​ទម្រង់ រដ្ឋធម្មនុញ្ញ​សម្រាប់​ជាតិ ។ គណបក្សនយោបាយ​ដែលជា​គូបដិបក្ខ​ទាំងឡាយ​បាន​ព្រមព្រៀង គ្នា​ថា “ ប្រជាមតិ​មួយ​គប្បី​ត្រូវបាន​ធ្វើឡើង​ដើម្បី​សម្រេច​អំពី​អនាគត នៃ ជម្រើស ប្រមុខរដ្ឋ “ ។

​ការពិភាក្សាគ្នា​ត្រូវបាន​ព​ន្លឿ​ន​នៅក្នុង​ឆ្នាំ ១៩៤៦ ដោយ​ក្នុងនោះ នៅ​ថ្ងៃទី ១ ខែ មីនា​រដ្ឋាភិបាល របស់លោក អាល​ស៊ីដ ដឺ ហ្កា​ស្ប៉េ​រិ បានអនុម័ត​ឱ្យធ្វើ​ប្រជាមតិ រវាង សាធារណ​រដ្ឋនិយម និង រាជានិយម ។ លុះ ដល់​ថ្ងៃ​តី ១២ ខែ មីនា ឆ្នាំ ១៩៤៦ រដ្ឋាភិបាល​បានប្រកាស​ឱ្យ​អ្នកបោះឆ្នោត ទាំងអស់ ចេញទៅ​បោះឆ្នោត​ប្រជាមតិ នៅ​ថ្ងៃទី ២ ខែ មិថុនា និង​បោះឆ្នោត​បង្កើត​សភា តំណាងរាស្ត្រ នៅ​ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ១៩៤៦ ។​

​គឺ​ការបោះឆ្នោត​នោះឯង​ហើយ ដែល​បាន​លប់បំបាត់​របបរាជានិយម រហូតមកដល់​សព្វថ្ងៃ ហើយ​ថ្ងៃទី ០២ ខែ មិថុនា ក៏បាន​ក្លាយជា ទិវា​ជាតិ របស់​អ៊ីតាលី រហូតមកដល់​សព្វថ្ងៃ​នេះដែរ ។​

​កាលពី​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ១៩៤៦ គណបក្ស​ប្រជាធិបតេយ្យ អ្នក​គ្រិស្ត​និយម​បានបង្ហាញ ថា បន្ទាប់ពី​ការស្ទង់មតិ​ផ្ទៃក្នុង​មក សមាជិក​បក្ស ៦០ ភាគរយ​គាំទ្រ សាធារណ​រដ្ឋនិយម ១៧ ភាគរយ​គាំទ្រ រាជានិយម ហើយ​២៣ ភាគរយ អនុប្បវាទ ។​

​នៅ​ថ្ងៃទី ១០ មិថុនា គេ​បានដឹង​លទ្ធផល នៃ ការបោះឆ្នោត កាលពី​ថ្ងៃទី​២ ខែ មិថុនា និង ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ១៩៤៦ គឺ​ពួក​អ្នក​សាធារណរដ្ឋ បានឈ្នះ​សំឡេង​ភាគច្រើន​នៅ​តំបន់​ភាគ​ខាង ជើង ចំណែក​ភាគខាងត្បូង ពួក​អ្នករាជានិយម​បានឈ្នះ​ភាគច្រើន ។ សម្រេច​សម្រួច​ទៅ​ពួក អ្នក​សាធារណរដ្ឋ ជា​អ្នកទទួលបាន​ជោគជ័យ ប៉ុន្តែ​តុលាការ បាន​ពន្យារពេល​ទុក​រហូតដល់​ថ្ងៃទី ១៨ ខែ មិថុនា ។

​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​កុប្បកម្ម​នយោបាយ​ធ្ងន់ធ្ងរ​ដោយសារតែ​ការពន្យារពេល​របស់​តុលាការ​នោះ នៅ​ថ្ងៃទី ១៣ ខែ មិថុនា រដ្ឋាភិបាល​របស់លោក ដឺ ហ្កា​ស្ប៉េ​រិ​បាន​ចេញមក​ប្រកាស​ដោយ ខ្លួនឯង​ដោយ​មិន​ត្រឹមត្រូវ​តាមច្បាប់​រដ្ឋធម្មនុញ្ញ ថា សាធារណរដ្ឋ​ទទួលជោគជ័យ​ហើយ​បាន ប្រកាស​តែងតាំង​លោក ដឺ ហ្កា​ស្ប៉េ​រិ ជា​ប្រមុខរដ្ឋ​បណ្តោះអាសន្ន ។ នោះ​ជា​ពេលដែល របបរាជានិយម​នៅ​ប្រទេស​អ៊ីតាលី ត្រូវបាន​លុបបំបាត់ ។​

​ធម្មនុញ្ញ នៃ សាធារណរដ្ឋ ថ្មី​ត្រូវបាន​ចេញផ្សាយ​ជាមួយ​ការចាត់ចែង​យ៉ាង​លម្អៀង​មួយចំនួន ដែល​ក្នុងនោះ មាត្រា​ទី ១៣ ដាក់​បញ្ញត្តិ​ថា បុរស​ទាំងឡាយ ដែលជា​សមាជិក នៃ វិមាន Savoy ( គឺជា​វិមាន​សម្រាប់​រាជវង្សានុវង្ស ) ត្រូវតែ​និរទេស​ខ្លួន​ជា​អចិន្ត្រៃយ៍ ។ ស្តេច អ៊ុម​ប៊ែ​រ៍​តូ ទី ២ ដែល​ទើបតែ​ឡើង​សោយរាជ្យ​បាន​ប្រហែលជា​មួយខែ បាន​ត្រូវ​និរទេស​ទៅ​គង់នៅ​ប្រទេស ព័រទុយហ្កាល់ ( បញ្ញត្តិ​នេះ​លុបចោល​នៅ​ឆ្នាំ ២០០២ ) ។​

​សភាតំណាងរាស្ត្រ បាន​ចូលធ្វើការ​ចាប់ពី​ចន្លោះ ខែ មិថុនា ឆ្នាំ ១៩៤៦ និង ខែ មករា ឆ្នាំ ១៩៤៨ ហើយ​បាន​តាក់តែង​រដ្ឋធម្មនុញ្ញ អ៊ីតាលី ដែល​បាន​ចូល​ជាធរ​មាននៅ ថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៤៨ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ទិដ្ឋភាព​ទីក្រុង រ៉ូម នៃ ប្រទេស អ៊ីតាលី
​ក្បួន​យន្តហោះ​នៅ​ទិវា​សាធារណរដ្ឋ អ៊ីតាលី
ក្រុម​ជម្រើសជាតិ​អ៊ីតាលី​លើក​ពាន​បាល់ទាត់​ពិភពលោក ឆ្នាំ ២០០

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ