ឆ្នាំ ២០២០ ខែមិថុនា មាន​អាយុកាល ២. ៧៧៣ ឆ្នាំ​ហើយ​

195
ចែករម្លែក

ភ្នំពេញៈ ពាក្យ​ថា មិថុនា មកពី​ពាក្យ​ថា មិថុន (​មិ​-​ថុ​-​ណៈ​) ជា​ភាសាបាលី និង សំស្ក្រឹត ប្រែជា ខេមរភាសា​ថា “ គូ នៃ បុរស និង ស្ត្រី “ ។ គេ​អាច​ហៅ ខែ មិថុនា ថា មិថុនរាសី ( មិ​-​ថុ​-​ណៈ​-​រាសី ) ក៏បាន ។ មិថុនា ជា​ខែ​ទី ៣ នៃ សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី ៦ នៃ ប្រតិទិន​សកល​ហើយ​គឺជា​ខែ មួយ​ក្នុងចំណោម​ខែ​ទាំង ៤ ដែលមាន​រយៈពេល​៣០​ថ្ងៃ ក្នុង​មួយខែ និង​ជា​ខែ​ដែលមាន​ពេល​ថ្ងៃ យូរ​ជាងគេ​បំផុត​នៅ​អឌ្ឍគោល​ខាងជើង ប៉ុន្តែ​នៅ​អឌ្ឍគោល​ខាងត្បូង​វា​មាន​ពេល​ថ្ងៃ​ខ្លី​ជាង គេ​បំផុត ។​
​ ​
​នៅ​អឌ្ឍគោល​ខាងជើង រដូវក្តៅ ចាប់ផ្តើម​នៅ​ថ្ងៃទី​១ ខែ មិថុនា ចំណែក​នៅ​អឌ្ឍគោល​ខាងត្បូង ថ្ងៃទី ១ ខែ មិថុនា ជា​ពេល​ចាប់ផ្តើម នៃ សិសិររដូវ គឺ​រដូវរងា ។​

​ខែ មិថុនា ដែលជា​ភាសា​អង់គ្លេស​ថា June មកពី​ភាសាឡាតាំង​ថា Junius ជា​ពាក្យ​ហៅ​តាម នាម​របស់​ទេវតា Juno ដែលជា​ទេវតា​អាពាហ៍ពិពាហ៍​នៅក្នុង​ទេវ​កថា រ៉ូ​ម៉ាំង ។ ដោយហេតុនេះ ហើយ ប្រពៃណី​ជនជាតិ រ៉ូ​ម៉ាំង ពី​បុរាណ រយៈកាល​ចាប់ពី​ពាក់កណ្តាល​ខែឧសភា​ដល់​ពាក់ កណ្តាលខែ មិថុនា ត្រូវបាន​គេ​ចាត់ទុកថា​ជា​រដូវ​កាល​អាពាហ៍ពិពាហ៍ ។​

​សាវតារ​
​មិថុនា ត្រូវបាន​ផ្តល់កំណើត​ឱ្យ​តាំងពី ៧៥៣ ឆ្នាំមុន​គ្រិស្តសករាជ តាមរយៈ​ប្រតិទិន រ៉ូ​មូ​លូ​ស ហើយ​កាលណោះ មិថុនា ជា​ខែ​ទី ៤ ដោយសារ​ខែ​ទីមួយ នៃ ប្រតិទិន រ៉ូ​មូ​លូ​ស នោះ គឺ​ខែ មីនា ដ្បិត​កាលណោះ ពុំទាន់​មាន​ខែ មករា និង ខែ កុម្ភៈ នៅឡើយ​ហើយ​ប្រតិទិន​នោះ​ក្នុង​មួយឆ្នាំ មានតែ ១០ ខែ​ប៉ុណ្ណោះ ។ ដូច្នេះ​មកដល់​ឆ្នាំ​២០២០ នេះ ខែមិថុនា មាន​អាយុកាល ២ ៧៧៣ ឆ្នាំ​ហើយ ។​

​ឆ្នាំ​ទី ៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស ជា​ក្សត្រ​ទី ២​ក្នុងចំណោម​ក្សត្រ​តាម បវេណី​ទាំង ៧ អង្គ របស់​ទីក្រុង រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន នូ​ម៉ា ដោយ​ការបន្ថែម​ខែ​ចំនួន​ពីរ នៅ​ខាងដើម គឺ​ខែ មករា និង ខែ កុម្ភៈ ។ ប្រតិទិន ដែល​ក្នុង​មួយឆ្នាំ មាន ១២ ខែ ក៏​ចាប់​មាន​ប្រាកដ ក្នុង​លោក​តាំងពី​ពេលនោះ​មក ហើយ​ខែ មិថុនា ក៏បាន​ក្លាយ ទៅជា​ខែ​ទី ៦ តាំងពី​ពេលនោះ​មក​ដែរ ។​

​ប្រតិទិន នូ​ម៉ា នេះ ត្រូវបាន​កែប្រែ​ឱ្យទៅជា​ប្រតិទិន ជូ​លាន ដោយ​លោក ជូ​លី​យើ​ស សេ​ហ្សា នៅ ៤៦ ឆ្នាំមុន គ្រិស្តសករាជ ហើយ នៅ​ឆ្នាំ ១៥៨២ នៃ គ្រិស្តសករាជ ក៏ត្រូវ​បាន​សម្តេច ប៉ាប ហ្គ្រេ​ហ្កូ​រី ទី ១៣ កែប្រែ​ឱ្យទៅជា ប្រតិទិន​ហ្ក្រេ​ហ្គោ​រាន ដែលជា​ប្រតិទិន​សកល​នាពេល​បច្ចុប្បន្ន ។​

​ជំនឿ​និង​ទំនាយ​
​ប្រពៃណី​ទំនៀមទម្លាប់​ប្រជាជន​នៅ អ៊ី​សឡង់​ដ៍​ជឿថា​ប្រសិនបើ​គេ​ស្រាត​ងូតទឹក​សន្សើម​នា ពេលព្រឹក​ព្រហាម នៃ ថ្ងៃទី ២៤ ខែ មិថុនា នោះ គេ​នឹងមាន​អាយុ​វែង ។​

​តាម​ក្បួន​ហោរា​បស្ចិម​លោក បុគ្គល​ដែល​ចាត់ទុកថា​កើត​នៅ​ខែ មិថុនា គឺ​ជនានុជន​ទាំងឡាយ ណា កើត​ពី​ចន្លោះ​ថ្ងៃទី ២១ ខែ ឩ​សភា​-២០ ខែ មិថុនា ។ គេ​អាច​ហៅ​បុគ្គល​កើត​ខែ មិថុនា ថា មិថុនរាសី​បុគ្គល ក៏បាន ។ និមិត្តសញ្ញា នៃ មិថុនរាសី​បុគ្គល គឺ មនុស្ស​ភ្លោះ ធាតុខ្យល់​ទទួល ឥទ្ធិពល​ពី​ភព ពុធ គេ​ជា​ប្រភេទ​មនុស្ស​ចូលចិត្ត​ប្រើ​អារម្មណ៍ ។ ពណ៌​ដែល​ស័ក្តិសម​គឺ​ពណ៌ បៃតង រីឯ​ត្បូង​នាំ​សំណាង​គឺ ត្បូង​ចរណៃ និង ត្បូង ដួង​ចន្ទ ។ មិថុនរាសី​បុគ្គល ស្មើនឹង​មនុស្ស កើត​ឆ្នាំ សេះ ក្នុង​ក្បួន​ហោរា​ចិន ឬ ឆ្នាំ មមី ក្នុង​ក្បួន​ហោរា​ខ្មែរ ហើយ​ឆុង​នឹង​មនុស្ស​កើត​ខែ ធ្នូ (២២ វិច្ឆិកា​-២១ ធ្នូ ) ។​

​មិថុនរាសី​បុគ្គល គឺជា​មនុស្ស​ប្រសប់​ធ្វើ​គ្រប់​កិច្ចការងារ ប៉ុន្តែ​មាន​លក្ខណៈ​ខុសគ្នា​ពីរ​យ៉ាង​គឺ ៖ ទី ១. បុគ្គល​នេះ​ពូកែ​ម្ញ៉ិកម្ញ៉ក់ រួសរាយ ពូកែ​ទំនាក់ទំនង និង ចូលចិត្ត​ការសប្បាយ ។ ចំណុច​ទី​២. បុគ្គល​នេះ​គឺជា​មនុស្ស​ចេះ​គិតគូរ​ពិចារណា ហ្មត់ចត់ មមាញឹក និង រារែក មិន​ចូលចិត្ត​អ្វី​ច្រំ​ដែល ខ្លាច​ភាព​ឯកោ និង ការដែល​ត្រូវ​អ្នកដទៃ​គ្រប់គ្រង ។ គេ​ចេះ​បត់បែន​គ្រប់​កាលទេសៈ និង រហ័សរហួន ជា​មនុស្ស​ដែល​គេឯង​ចង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ ។ គេ​ជាម​នុស្ស​ស្ទុះស្ទា​ចង់ដឹង ចង់ឃើញ មាន​សមត្ថភាព​ក្នុងការ​ចែករំលែក​ទស្ស​នៈ មាន​អធ្យាស្រ័យ​ល្អ​ប៉ុន្តែ​ជួនកាល​គេ​ចូល ចិត្ត​ចំណាយ​កម្លាំង​ទៅគ្រប់​ទីកន្លែង​ឥតប្រយោជន៍ ។​

​ជួនកាល​ត្រូវបាន​អ្នកដទៃ​មើលឃើញថា បុគ្គល​នេះ​ជា​មនុស្ស​សាវា​ក្នុង​រឿង​ស្នេហា គេ​ចាត់ទុក ស្នេហ៍​ដូចជា​រឿង​កម្សាន្ត​ដ៏​រីករាយ​ក្នុង​ជីវិត ។ ប៉ុន្តែ​តាមពិត ព្រោះ​គេ​ត្រូវការ​ស្ទាបស្ទង់ និង សម្រិតសម្រាំង​រក​មនុ​ស្ស​ដែល​ស័ក្តិសម​នឹង​ខ្លួនគេ​បំផុត ។ ម្យ៉ាងទៀត បុគ្គល​នេះ​ចូលចិត្ត ចង់ដឹងថា​ស្នេហា​មាន​ភាព​ល្វីង​ជូរចត់ និង​ផ្អែមល្ហែម​បែបណា ។ ប៉ុន្តែ​នៅពេលដែល​គេ​រកបាន អ្នក​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​ហើយ​នោះ បុគ្គល​នេះ​តែងតែ​លះបង់​គ្រប់​អ្វីៗ​ទាំងអស់ ដើម្បី រក្សា​ចំណងស្នេហា​របស់ខ្លួន​ឲ្យ​ឋិតថេរ​ជា​អមតៈ ។​

​បុគ្គល​កើត​ក្នុង​មិថុនរាសី ចាត់ទុក​គ្រួសារ​ជា​រឿង​សំខាន់​ជាងគេ ឲ្យ​តែ​គ្រួសារ​ជួប​បញ្ហា​បុគ្គល នេះ​តែង​ចេញមុខ​ជួយ​ដោះស្រាយ​ជានិច្ច ហើយ​គេ​មិនដែល​បង្ករឿង​រ៉ាវ​ដល់​គ្រួសារ​ឡើយ ។​

​ចំពោះ​ការងារ​វិញ មិថុនរាសី​បុគ្គល ចូលចិត្ត​តែ​ប្រភេទ​ការងារ​ណា​ដែលមាន​លក្ខណៈ​ប្រកួត ប្រជែង​ប៉ុណ្ណោះ ។ ក្រៅពីនេះ​បុគ្គល​កើត​ក្នុង​មិថុនរាសី​ក៏​ជា​មនុស្ស​ពូកែ​ខាង​ដោះស្រាយ​បញ្ហា ផងដែរ​ក្នុង​រឿង​ការងារ ។ គេ​ពូកែ​រកលុយ មិនដែល​ចំណាយ​ខ្ជះខ្ជាយ​ឥតប្រយោជន៍ ប៉ុន្តែ​មិន មែន​ជា​មនុស្ស​កំណាញ់​ឡើយ ។​

​ព្រឹត្តិការណ៍​សំខាន់ៗ​
​ថ្ងៃទី ១ ខែ មិថុនា គឺជា​ទិវា កុមារ​អន្តរជាតិ , ថ្ងៃទី ២ ទិវា​បង្កើត​សាធារណរដ្ឋ នៃ ប្រទេស​អ៊ីតាលី , ថ្ងៃទី ៦ ទិវា​ជាតិ នៃ ប្រទេស ស៊ុយអែត , ថ្ងៃទី ១០ ទិវា ជាតិ នៃ ប្រទេស​ព័រទុយហ្កាល់ , ថ្ងៃទី ១២ ទិវា ឯករាជ​ជាតិ នៃ ព្រ​ទេស​ហ្វីលីពីន និង ទិវា រុស្ស៊ី , ថ្ងៃទី ១២ ទិវា ជាតិ រុស្ស៊ី , ថ្ងៃទី ២៥ ទិវា ជាតិ នៃ​ប្រទេស​ក្រូ​អាត ៕ ប្រែ​សម្រួលៈ​មេសា​

ត្បូង​ចរណៃ​ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​មនុស្ស​កើត​ខែ មិថុនា
គំនូរ​រូប​កូនភ្លោះ​ដែលជា​និមិត្តសញ្ញា នៃ ជន​កើត​ខែ មិថុនា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ