មាន​ដង្កូវ​ប៉ារ៉ាស៊ីត​ក្នុង​ខ្លួន​មិន​ខាន បើ​អាកា​រៈទាំង​នេះ​លេចឡើង​

186
ចែករម្លែក

ដង្កូវ​ប៉ារ៉ាស៊ីត​ងាយ​នឹង​ឆ្លងទៅ​គ្រប់គ្នា​ណាស់ដែរ​។ ពិសេស​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក និង​អាហារ​មិន​ស្អាត ព្រមទាំង​សាច់​ដែល​មិនបាន​ចម្អិន ឱ្យ​ឆ្អិន​ល្អ​មាន​ជាប់​ពង​ដង្កូវ​ប៉ារ៉ាស៊ីត​។ ប៉ុន្តែ​ថា​តើ​យើង​អាច​ដឹងថា​ខ្លួន​ឆ្លង​ដង្កូវ​ប៉ារ៉ាស៊ីត​បាន យ៉ាងដូច​ម្ដេចទៅ​?

១. តែងមាន​អារម្មណ៍​ហត់នឿយ​អស់កម្លាំង​
​នេះ​ក៏​ព្រោះតែ​ដង្កូវ​ប៉ារ៉ាស៊ីត​លួច​សារធាតុចិញ្ចឹម​ពី​ក្នុង​អាហារ​ដែល​អ្នក​ទទួលទាន​។​

២. មាន​អារម្មណ៍​ឃ្លាន​ជាប់​ជានិច្ច​
​ញ៊ាំ​ច្រើន​ហើយ​នៅតែ​ឃ្លាន​ជាប់​? នេះ​វា​អាចទៅរួច​ក្នុង​ពោះវៀន​អ្នក​កំពុងមាន​ដង្កូវ​ប៉ារ៉ាស៊ីត ហើយ​។ ដូច​បាន​រៀបរាប់​ខាងលើ​ដង្កូវ​ប៉ារ៉ាស៊ីត​រស់​ដោយ​លួច​ស៊ី​អាហារ ឬ​សារធាតុចិញ្ចឹម ផ្សេងៗ​ដែល​អ្នក​ទទួលទាន​ចូល​។ អ្នក​ក៏​ងាយ​នឹង​ស្រក​ទម្ងន់​ឥត​ឈប់​ដោយសារ​ដង្កូវ​ទាំងនេះ ផងដែរ​។​

៣. ឧស្សាហ៍​ជួបប្រទះ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេងៗ​
​ដង្កូវ​ប៉ារ៉ាស៊ីត​ភាគច្រើន​ស្ថិតក្នុង​ពោះវៀន​ដែល​នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​ងាយ​នឹង​ជួបប្រទះ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ផ្សេងៗ​ជាប្រចាំ​រួមបញ្ចូល​ទាំង​អា​ការៈពិបាក​រំលាយ​អាហារ ចង្អោរ​ចង់​ក្អួត ក្អួត ឈឺចាប់​ក្នុង​ពោះ លើស​ហ្គាស ហើមពោះ រាគ ឬ​ទល់លាមក​។​

៤. អារម្មណ៍ល្អ​ធ្លាក់ចុះ​
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​សុខភាព​ពោះវៀន​មាន​ឥទ្ធិពល​លើ​អារម្មណ៍​? នេះហើយ​ជា​មូលហេតុ ដែល​ការ​មាន​ដង្កូវ​ប៉ារ៉ាស៊ីត​ក្នុង​ពោះវៀន​អាច​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​មិន​សប្បាយចិត្ត​។​

៥. លាមក​មាន​ផ្ទុក​ដង្កូវ​ប៉ារ៉ាស៊ីត​
​នេះ​ជា​អា​ការៈច្បាស់​បំផុត​មួយ​បញ្ចា​ក់ថា​អ្នក​កំពុងមាន​ដង្កូវ​ប៉ារ៉ាស៊ីត​ក្នុង​ខ្លួន​ហើយ​។ ដូច្នេះ​មិនគួរ ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រក​ដំណោះស្រាយ​ឡើយ​។​

​វា​ជា​គំនិត​ដ៏​ល្អ​បំផុត​មួយ​ក្នុងការ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​សង្ស័យថា​មាន​ដង្កូវ ប៉ារ៉ាស៊ីត​ក្នុង​ខ្លួន​។ គ្រូពេទ្យ​នឹងធ្វើ​តេស្ត​ដើម្បី​ដឹងថា​ដង្កូវ​ប៉ារ៉ាស៊ីត​ក្នុង​ពោះ​អ្នកនោះ​ជា​ប្រភេទ​អ្វី​។ ការដឹង​ច្បាស់​ពី​ប្រភេទ​នៃ​ដង្កូវ​ប៉ារ៉ាស៊ីត​ណាមួយ គឺ​សំខាន់​ណាស់​ដើម្បី​អាច​ព្យាបាល​បាន ត្រឹមត្រូវ​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ