ត្រាំថានឹងបញ្ជូនប៉ូលិសនិងទាហានរាប់ពាន់នាក់ដាក់តាមដងផ្លូវនៃ រដ្ឋធានីវ៉ាស៊ីនតោន

147
ចែករម្លែក

ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី១មិថុនាបាននិយាយថា លោកនឹងដាក់ពង្រាយទាហាននិងប៉ូលិស “ប្រដាប់អាវុធធុនធ្ងន់” រាប់ពាន់នាក់ដើម្បី ទប់ស្កាត់ការតវ៉ាបន្ថែមទៀតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កន្លែងដែលអគារនិងវិមាន នានាត្រូវបានបំផ្លាញនៅជិតសេតវិមាន។

លោកបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រទេស ខណៈឧស្ម័នបង្ហូរទឹកភ្នែក បានបាញ់និងបាតុករកំពុងតវ៉ានៅលើផ្លូវក្បែរៗនោះថា “អ្វីដែលបានកើតឡើងនៅ ក្នុងទីក្រុងកាលពីយប់មិញគឺជាការអាម៉ាស់ទាំងស្រុង។ ខ្ញុំនឹងបញ្ជូនកម្លាំងទាហាន បុគ្គលិកយោធានិងមន្រ្តីអនុវត្តច្បាប់ប្រដាប់អាវុធធុនធ្ងន់រាប់ពាន់ៗនាក់ដើម្បីបញ្ឈប់ការធ្វើកុបកម្ម ការលួចប្លន់ ការបំផ្លិចបំផ្លាញ ការរំលោភបំពាន និងការចង់បំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ”។

លោកបានថ្កោលទោស “អំពើភេរវកម្មក្នុងស្រុក” បន្ទាប់ពីការតវ៉ាទូទាំងប្រទេសប្រឆាំង នឹងមរណភាពរបស់ជនជាតិអាម៉េរិកដើមកំណើតអាហ្វ្រិកឈ្មោះចច ផ្លយ ក្នុងពេលប៉ូលិសចាប់ខ្លួន បានប្រែក្លាយទៅជាកុបកម្មរើសអើងជាតិសាសន៍​ដ៏ហិង្សានៅទូទាំងប្រទេស។

លោកត្រាំនិយាយថា “ខ្ញុំចង់ឱ្យអ្នករៀបចំអំពើភេរវកម្មនេះបានដឹងថា អ្នកឯងនឹង​ប្រឈមទោសព្រហ្មទណ្ឌជាច្រើនករណីនិងត្រូវជាប់គុករយៈពេលយូរ” ខណៈគេ​អាចស្តាប់ឮប៉ូលិសកំពុងប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកសំឡេងបន្លាចដើម្បីបំបែកហ្វូងបាតុករនៅខាងក្រៅសេតវិមាន។

លោកក៏បានអំពាវនាវឱ្យអភិបាលរដ្ឋនានាដាក់ពង្រាយឆ្មាំជាតិក្នុងចំនួនគ្រប់គ្រាន់ដែលអាចគ្របដណ្តប់លើដងផ្លូវនានាបានផងដែរ មុនពេលធ្វើដំណើរដោយថ្មើរជើងដើម្បី​ថតរូប​នៅឯវិហារដែលរងការបំផ្លាញដោយកុបកម្ម ដែលនោះជាព្រះវិហាររបស់​ប្រធានាធិបតីមានអាយុកាលពីរសតវត្សរ៍ស្ថិតនៅក្បែរសេតវិមាន៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំនឹងបញ្ជូនទាហាននិងប៉ូលិសប្រដាប់អាវុធមកតាមដងផ្លូវនៃរដ្ឋធានីវ៉ាស៊ីនតោន