​វៀតណាម បន្ត​ប្ដេជ្ញា​ថា នឹង​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​លើក​ទី​៣១ ទាល់តែ​បាន​

119
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /ភ្នំពេញ​៖ ប្រទេស​វៀតណាម ដែល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ នោះ បាន​ប្ដេជ្ញា​មិន​រាថយ​ឡើយ ទោះបី​ពិភពលោក មិនទាន់​ស្ងប់ស្ងាត់ ពី​ការ​រាតត្បាត នៃ​មេរោគ​កូ​វីដ ១៩ ក៏ដោយ ។​

​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម របស់​វៀតណាម មិន​ត្រឹមតែ​ប្រកាសថា នឹង​ត្រូវតែ​ធ្វើជា​ម្ចាស់ផ្ទះ​នោះទេ តែ​គេ​បាន​ពង្រឹង សមត្ថភាព​អត្ត​ព​លិ​ក និង​ធនធាន​របស់គេ ទាំង​មន្ត្រី​រៀបចំ​ការប្រកួត អ្នកបច្ចេកទេស និង​បន្ត​រៀបចំ​កែលម្អ ទីលាន​នានា សម្រាប់​បម្រើ​ឲ្យ​ការប្រកួត ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថា ដោយសារតែ​វៀតណាម មានការ​ប្ដេជ្ញា​ខ្ពស់​បែបនេះហើយ ទើប​កម្ពុជា​រៀបចំ​បញ្ជូន​កីឡាករ កីឡាការិនី ទៅ​ហ្វឹកហាត់ រយៈពេល​យូរ នៅក្រៅ​ប្រទេស​នោះ ។ លោក​បាន​បញ្ជាក់ថា ឆ្នាំ​២០២១ គឺជា​ឆ្នាំ​ដែល​សំខាន់ ចុងក្រោយ មុនពេល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ។​

​កម្ពុជា ត្រូវការ​ពិនិត្យ​ពី សមត្ថភាព​កីឡាករ កីឡាការិនី​របស់ខ្លួន ជា​ចុងក្រោយ នៅ​ឆ្នាំ​២០២១ នេះឯង ។ ឆ្នាំ​២០២៣ កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ហេតុនេះ កម្ពុជា ត្រូវតែ​ដណ្ដើម បាន​មេដាយ ក្នុង​កម្រិត​សមស្រប​មួយ ។ ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ដែល​ការប្រកួត កីឡា​ស៊ី​ហ្គេម ស្អាតស្អំ​ជាងគេ ព្រោះ​កម្ពុជា មិន​ឆ្លៀត​យក​ព្រឹត្តិការណ៍​នេះ ធ្វើជា​វេទិកា ចែក​មេដាយ​គ្នា​ឡើយ ។ នរណា មាន​សមត្ថភាព គឺ​ដណ្ដើមបាន​មេដាយ​ច្រើន​។​

​ស៊ី​ហ្គេម​លើក​ទី​៣១ ដែល​នឹងធ្វើ​នៅ​ទីក្រុង​ហាណូយ​នោះ គណៈកម្មាធិការ​ជាតិ អូឡាំពិក​វៀតណាម ត្រៀម​កីឡា ចន្លោះ​ពី ៣៦ ទៅ ៤០ ប្រភេទ ដើម្បី​ដាក់​ឲ្យ​ប្រកួត​។ តាម​ការគ្រោងទុក ការប្រកួត នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២១ វិច្ឆិកា ដល់​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០២១ ៕v/សរន

និម្មិត​សញ្ញា​ស៊ី​ហ្គេម ឆ្នាំ​២០២១

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ