អតីតប្រធានាធិបតីអូបាម៉ាថ្កោលទោសអំពើហិង្សានៅក្នុងការតវ៉ា

190
ចែករម្លែក

អតីតប្រធានាធិបតីអាម៉េរិកលោកបារ៉ាក់អូបាម៉ាកាលពីថ្ងៃចន្ទទី១មិថុនាបានថ្កោលទោសការប្រើអំពើហិង្សានៅឯការតវ៉ាទូទាំងប្រទេសជុំវិញវិសមភាពជាតិសាសន៍និងកម្លាំងប៉ូលិសហួសហេតុ ខណៈកោតសរសើរសកម្មភាពរបស់ក្រុមអ្នកតវ៉ាដោយសន្តិវិធីដែលស្វែងរកការផ្លាស់ប្តូរ។

លោកអូបាម៉ាបានសរសេរនៅក្នុងអត្ថបទខ្លីមួយតាមអ៊ីនធឺណេតថា “ក្រុមបាតុករភាគច្រើនមានលក្ខណៈសន្តិវិធី” ប៉ុន្តែ “ក្រុមមនុស្សមួយចំនួនតូច” កំពុងដាក់ប្រជាជនឱ្យប្រឈមនឹងគ្រោះថ្នាក់និងធ្វើឱ្យប៉ះពាល់ដល់សហគមន៍នានា ដែលការតវ៉ានេះមានគោលបំណងជួយ។

លោកអូបាម៉ា ជាអ្នកប្រជាធិបតេយ្យដែលបានបម្រើការពីរអាណត្តិក្នុងនាមជាប្រធានាធិបតីមុនរដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ត្រាំ បាននិយាយថា អំពើហិង្សានេះកំពុង “បំផ្លាញដល់សង្កាត់នានា ដែលជាញឹកញាប់ខ្វះខាតសេវាកម្មនិងការវិនិយោគ និងកំពុងទាញចំណាប់អារម្មណ៍ចេញពីបុព្វហេតុធំៗ”។

សហរដ្ឋអាម៉េរិកត្រូវបានរង្គោះរង្គើដោយភាពច្របូកច្របល់ចំនួន ៦ យប់ជាប់ៗគ្នាជុំវិញការស្លាប់កាលពីសប្តាហ៍មុនរបស់បុរសស្បែកខ្មៅឈ្មោះចច ផ្លយនៅទីក្រុងមីននីប៉ូលីស បន្ទាប់ពីមន្ត្រីប៉ូលិសស្បែកសម្នាក់បានយកជង្គង់សង្កត់កគាត់ស្លាប់។

ការថ្លែងចុងក្រោយរបស់លោកអូបាម៉ាបានកើតឡើងបីថ្ងៃបន្ទាប់ពីការអត្ថាធិប្បាយលើកដំបូងរបស់លោកលើករណីរបស់ផ្លយ ដែលបានអំពាវនាវរកយុត្តិធម៌ប៉ុន្តែមិនបានបញ្ជាក់ពីចរិតនៃភាពឃោរឃៅក្នុងការតវ៉ាមួយចំនួនទេ។ ការផ្លាស់ប្តូរសំឡេងរបស់គាត់កាលពីថ្ងៃចន្ទបានកើតឡើងនៅពេលដែលក្រុមអ្នកតវ៉ាមួយចំនួនបានដុតបំផ្លាញ វាយបំបែកបង្អួចនិងលួចហាងជាច្រើន ដោយបង្ខំឱ្យអភិបាលក្រុងធំៗដាក់បម្រាមគោចរនៅពេលយប់៕ ដោយ៖ កញ្ញាដាលីស

អូបាម៉ាថ្កោលទោសអំពើហិង្សានៅក្នុងការតវ៉ាទូទាំងសហរដ្ឋអាម៉េរិក

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ