គម្រោង​អភិវឌ្ឍន៍​រោងចក្រ​ដុត​ធ្យូងថ្ម នៅ​ស្រុក​បូ​ទុម​សាគរ ស្ថិតនៅក្នុង​ដំណាក់កាល​សិក្សា​ពី​ផលប៉ះពាល់​នៅឡើយ​

185
ចែករម្លែក
​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃទី​១ ខែមិថុនា

ដោយៈ សុ​ផានី​តា​/​កោះកុងៈ ទោះបីជា​រដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា អនុម័ត​សម្រេច​ឱ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប​(Royal Group)​របស់​អ្នកឧកញ៉ា គិត ម៉េង វិនិយោគ​អភិវឌ្ឍន៍​រោងចក្រ​ដុត​ធ្យូងថ្ម​ទំហំ​៧០០​មេ​ហ្គា​វ៉ា​ត់​លើ​ផ្ទៃដី​១៦៨​ហិកតា នៅ​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ កន្លង​ទៅក៏ដោយ ​ក៏​គម្រោង​មួយ​នេះ​មិនទាន់​ដំណើរការ​ជា​ផ្លូវការ​បាន​នៅឡើយ​។​ពោលគឺ​កំពុង​ស្ថិតនៅក្នុង​ដំណាក់​កាលសិក្សា​ពី​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ជូន​ប្រជាពលរដ្ឋ​នៅឡើយ​។​

​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​រសៀល​ថ្ងៃទី​១ ខែមិថុនា លោក នួន ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​KFA ដែលជា​ក្រុមហ៊ុន​ឯករាជ្យ​មួយ​ជំនួសមុខ​ឱ្យ​ក្រុមហ៊ុន​Royal Group បាន​និយាយថា ចាប់តាំងពី​ដើមខែ​មេសា ដល់​ចុងខែ​ឧសភា ឆ្នាំ​២០២០ ថ្មីៗ លោក និង​ក្រុមការងារ​ចុះ​ពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ជូន​ពលរដ្ឋ​ជាង​៥៨​គ្រួសារ ស្ថិតនៅ​ក្នុងភូមិ​ថ្ម​ស ឃុំ​ថ្ម​ស​។ ក្នុងនោះ ពលរដ្ឋ​២៧​គ្រួ​សារបាន​ព្រមព្រៀង​ទទួលយក​សំណង​ទូទាត់​ដោះស្រាយ និង​ពលរដ្ឋ​ចំនួន​៣១​គ្រួសារ​ផ្សេងទៀត​ពុំ​ឯកភាព​នោះទេ ព្រោះតែ​ពួកគាត់​ទទួលបាន​ព័ត៌មាន​នៅមានកម្រិត​ពី​យន្តការ​ដោះស្រាយ​ផ្អែកលើ​តម្លៃ និង​ឯកសារ​គតិ​យុ​ត្ត​នានា​។​

​អគ្គនាយក​ក្រុមហ៊ុន​KFA ឱ្យដឹង​ដែរ​ថា ក្រុមការងារ​របស់ខ្លួន ចំណាយ​ពេលវេលា​ចំនួន​ជាង​២​ខែ ដើម្បី​ស្រាវជ្រាវ​ពិនិត្យ និង​វាយតម្លៃ​ពី​ផលប៉ះពាល់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជាក់ស្តែង ដោយមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​ដឹងឮ​​ កត់ត្រា​ទិន្នន័យ​យ៉ាង​​សុ​ក្រឹត មុននឹង​ដាក់ជូន​ក្រសួងបរិស្ថាន ព្រមទាំង​រាជរដ្ឋាភិបាល​ពិនិត្យ​សម្រេច​។​

​បើតាម​តំណាង​ក្រុមហ៊ុន​Royal Group បើកាលណា​ក្រសួងបរិស្ថាន និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ពិនិត្យ និង​ឯកភាព​សម្រេច​លើ​របាយការណ៍​លទ្ធផល​ប៉ះពាល់​អំពី​ការអភិវឌ្ឍន៍​រោងចក្រ​ដុត​ធ្យូងថ្ម​រួចហើយ មិនយូរ​ទេ នៅ​ដើមរដូវ​ប្រាំង​ឆ្នាំក្រោយ​នឹង​ផ្តើម​អនុវត្ត​បើក​ការដ្ឋាន​ដំណើរការ​លើ​ផ្ទៃ​ទំហំ​១៦៨​ហិកតា នៅ​ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ក្នុង​គោលដៅ​ដើម្បី​ឆ្លើយតប​នឹង​ការផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​ថាមពល​អគ្គិសនី និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​។​

​ទាក់ទិន​នឹង​លទ្ធផល​ប៉ះពាល់​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​ដុត​ធ្យូងថ្ម​នេះដែរ លោក សុខ សុ​ទ្ធី​ អភិបាលរង​ខេត្តកោះកុង​សម្តែង​នូវ​ការ​កោត​ស​សើរ​ពី​កិច្ចខិតខំ​សិក្សា​លម្អិត​ពី​ប៉ះពាល់​របស់​ពលរដ្ឋ​ជាក់ស្តែង​មុននឹង​អនុវត្ត​ដំណើរការ​។ ប៉ុន្តែ​ទោះយ៉ាងណា ធានាបាន​សុ​ក្រឹត គ្មាន​លម្អៀង ព្រមទាំង​មានការ​ឯកភាព​ពី​ពលរដ្ឋ ។​ដូច្នេះ​លោក​សុំឱ្យ​ក្រុមហ៊ុន​Royal Group លៃលក​ពេលវេលា​ដ៏​សមស្រប​មួយ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បង្ហាញ​ឱ្យ​ទូលំទូលាយ​អំពី​តម្លៃ​សំណង​ទូទាត់​ឈរលើ​គោលការណ៍​យុត្តិធម៌ និង​តម្លាភាព​។​

​លោក សុខ សុ​ទ្ធី សង្កត់ធ្ងន់ថា កាលដែល​អាជ្ញាធរខេត្ត​ចង់ឱ្យ​ក្រុមហ៊ុន​វិនិយោគ​នេះ ស្វែងរក​ពេលវេលា​ជជែក​លម្អិត​ជាមួយ​ពលរដ្ឋ​រង​ផលប៉ះពាល់ ក៏​ព្រោះតែ​បង្ការ​ខ្លាចក្រែង​មាន​ការមិន​ពេញចិត្ត​ណាមួយ​ធ្វើឱ្យ​ពលរដ្ឋ​តវ៉ា​ខុសច្បាប់​តាម​ការ​ញុះញង់​ពី​ក្រុម​ជំទាស់​ក្តាប់​តូច បង្ក​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​គ​ម្រោ​ង​ទៅ​អនាគត​។​។​

​ការស្នើសុំ​របស់​អភិបាលរង ត្រូវបាន​លោក នួន ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​KFA គាំទ្រ និង​មូលមតិ​គ្នា​កំណត់​ពេលវេលា​ដ៏​ត្រឹមត្រូវ ក្នុងន័យ​ជា​អាជ្ញាកណ្តាល​ផ្អោ​ត​លើ​ប្រយោជន៍​រួមទាំង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ តាមរយៈ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លម្អិត នាពេលខាងមុខ គ្រា​លទ្ធផល​សិក្សា​ផលប៉ះពាល់​នៅ​ពុំទាន់​បាន​ពេញលេញ​។ ករណី​ថ្លៃដើម​នៃ​សំណង​ទូទាត់​ថ្លៃ​លើស​កម្រិត​កំណត់ឱ្យ នោះ​វា​ប្រឈម​នឹង​ថ្លៃ​ផលិត​ថាមពល​អគ្គិសនី​។​

​កន្លងទៅ ទីតាំង​ដែល​អភិវឌ្ឍន៍​រោងចក្រ​ធ្យូងថ្ម ជាការ​ចង្អុលបង្ហាញរ​បស់​ក្រសួង​រ៉ែ និង​ថាមពល ក្រោម​ហេតុផលថា​អាច​និ​វិយោគ​លើ​ផ្ទៃដី​នេះ​បាន ពុំមែន​ក្រុមហ៊ុន​ជា​អ្នកទិញ​នោះទេ​។ ម្យ៉ាងទៀត​ដីធ្លី​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​ក៏​ស្ថិតនៅក្នុង​តំបន់​ឧទ្យាន​ការពារ​ធម្មជាតិ​បូ​ទុម​សាគរ​៕​សរន/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ