យេម៉ែនជាប្រទេសមានវិបត្តិមនុស្សធម៌អាក្រក់បំផុតលើពិភពលោក

117
ចែករម្លែក

យោងតាមអង្គការសហប្រជាជាតិ យេម៉ែនត្រូវបានហែកហួរដោយសង្គ្រាម ដែលសម្លាប់មនុស្សរាប់ម៉ឺននាក់ និងនាំទៅរកវិបត្តិមនុស្សធម៌អាក្រក់បំផុតលើពិភពលោក។

សង្គ្រាមរវាងពួកឧទ្ទាមហ៊ូធីនិងកងកម្លាំងគាំទ្ររដ្ឋាភិបាលបានរីកធំឡើងក្នុងឆ្នាំ ២០១៥ នៅពេលកងកម្លាំងយោធាចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ប្រឆាំងនឹងពួកឧទ្ទាម ដែលគ្រប់គ្រងផ្នែកដ៏ធំនៃទឹកដីយេម៉ែនរួមទាំងរដ្ឋធានីសាណា។

យោងតាមអង្គការជំនួយនានាបានឱ្យដឹងថា ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ប្រជាជនរាប់ម៉ឺននាក់ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និយាយថា ប្រជាជនជាង ៣,៦ លាននាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសយេម៉ែន ដោយកំពុងរស់នៅតាមជំរំនានា។

អង្គការលើកលែងទោសអន្តរជាតិបាននិយាយកាលពីខែធ្នូឆ្នាំ ២០១៩ ថា ប្រជាជនប្រមាណ ៤,៥ លាននាក់ដែលកំពុងរស់នៅក្នុងភាពពិការ ត្រូវប្រឈមនឹងការលំបាកដែលកំពុងកើនឡើងនៅក្នុងប្រទេសនេះ។

អង្គការនេះបាននិយាយក្នុងរបាយការណ៍មួយថា ក្នុងករណីអាក្រក់បំផុត ជនពិការត្រូវបានបោះបង់ចោលដោយក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពីត្រូវបានបំបែកចេញពីគ្នាខណៈកំពុងភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។

ប្រព័ន្ធសុខាភិបាលទន់ខ្សោយរបស់យេម៉ែនបានដួលរលំក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩។

កាលពីចុងខែឧសភា អង្គការសហប្រជាជាតិបានអំពាវនាវរកថវិកាបន្ទាន់សម្រាប់ប្រទេសនេះ។

ក្រុមមន្រ្តីមកពីនាយកដ្ឋានកិច្ចការមនុស្សធម៌អ.ស.ប អង្គការ UNICEF កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការសុខភាពពិភពលោក បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា “យើងមានការបារម្ភខ្លាំងឡើងអំពីស្ថានភាពនៅយេម៉ែន។ យើងជិតអស់ពេលវេលាហើយ”។

អង្គការសង្គ្រោះកុមារបាននិយាយកាលពីខែមេសាថា យេម៉ែនខ្វះខាតឧបករណ៍សព្វបែបយ៉ាងដើម្បីប្រឈមនឹងជំងឺរាតត្បាត។ មានតែមណ្ឌលសុខភាពចំនួនពាក់កណ្តាលប៉ុណ្ណោះដែលនៅមានដំណើរការពេញលេញ។

ប្រទេសនេះក៏កំពុងញាំញីដោយជំងឺអាសន្នរោគផងដែរ ដែលបានសម្លាប់មនុស្សជាង ២.៥០០ នាក់ចាប់តាំងពីខែមេសាឆ្នាំ ២០១៧ ។

យោងតាមអង្គការសុខភាពពិភពលោក ករណីសង្ស័យអាសន្នរោគប្រមាណ ១,២ លាននាក់ត្រូវបានរាយការណ៍៕ ដោយ៖ កញ្ញាដាលីស

ទាហានផ្តាច់ខ្លួននៅភាគខាងត្បូងកំពុងមើលយានជំនិះយោធារបស់រដ្ឋាភិបាលឆាបឆេះអំឡុងការប្រយុទ្ធគ្នានៅខេត្តអាប់យ៉ានកាលពីថ្ងៃទី១១ឧសភា