​ភ្នំ​ប្រាំពីរ​គឺជា​ឈ្មោះ​ភ្នំ​ដែល​ត​ជាប់ៗ​គ្នា​រហូត​ប្រាំពីរ​នៅ​ស្រុក​ភ្នំព្រឹក​

185
ចែករម្លែក

​ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​ថ្នាក់ដឹកនាំ​ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​បានឱ្យដឹងថា​បានជា​ឱ្យ​ឈ្មោះថា​ភ្នំ​ប្រាំពីរ​គឺ​ដោយសា​តែ​ភ្នំ​ចំនួន​៧​ត​ជាប់​គ្នា​ជា​ជួរ ទើប​គេ​ហៅ​ឈ្មោះថា​ភ្នំ​ប្រាំពីរ​។​ភ្នំ​នេះ​ស្ថិតក្នុង​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​មាន​ចម្ងាយ​ប្រមាណ​ជាង​១០០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់ដំបង​។​ដោយ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥៧​បេ​មាន​សភាព​រលោង​ស្រិល​ប្រើពេល​តែ​ជាង​១​ម៉ោង​នឹង​ទៅដល់​គោលដៅ​។​


​លោក​អ៊ុក​អ៊ុ​ភី​នី​ហ្សា​រ៉ា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានឱ្យដឹងថា​ភ្នំ​ប្រាំពីរ​នេះ​មាន​មាន​ល្អាង​ធំៗ​ចំនួន​បីដូច​ជា​៖១,​កិ​ល្អាង​១០០: ក្នុង​ល្អាង​នេះ​មាន​ល្អាង​តូចៗ​ជាច្រើន​រួមមាន ដោះ​ក្រមុំ កូនក្រមុំ គ្រែ​ប្រអប់ ចង្ក្រាន​ស្លាប​នាង​ក​ង្រី គក់ទ្រូង ជួង​ក្រណាត់ស ក្រពើ​ដាច់​ខ្លួន ផ្កាឈូក ដំរី​និង​ល្អាង​ព្រហ្ម​មុខ​បួន​។​ល​។

ល្អាង​ទាំងនេះ​មាន​បារមី​ស័ក្តិសិទ្ធិ​ដែល​ប្រជាពលរដ្ឋ​មាន​ជំនឿ​បាន​បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ​និង​សុំឱ្យ​រកស៊ី​មានបាន ។​ជា​រៀងរាល់​ថ្ងៃសីល អ្នកភូមិ​ក្បែរ​នោះ​តែងតែ​ភ្លេងពិណពាទ្យ​ចេញពី​ក្នុង​ល្អាង​១០០​។​នៅ​ច្រកចូល​ល្អាង​១០០​មាន​រូបសំណាក​លោកយាយ​សំ​ដែល​អ្នកស្រុក​តែងតែ​បន់ស្រន់​និង​គោរព​ប្រ​ណិ​ប​តិ​។​២,​ល្អាង​ខ្យល់​៖​មាន​ថ្លុក​ទឹក​ដក់​ធ្លា​ក់តក់ៗ​ពីលើ​ភ្នំ​រហូត​មិនចេះ​រីងស្ងួត​។​

​ពីមុន​ព្រះចៅអធិការ​វត្តភ្នំ​សត្ត​គិរី​ហៅ​វត្តភ្នំ​ប្រាំពីរ​ធ្លាប់​ឃើញ​សត្វ​ចម្លែក​ដូចជា​សត្វ​នាគ​ទំហំ​ប៉ុន​សសរ​វត្ត​ក្នុង​ល្អាង​ខ្យល់​និង​សត្វ​ខ្លា​មួយគូ​ធំ​អង្គុយ​មុខ​ល្អាង​ខ្យល់​។​៣,​ល្អាង​ឥសី​៖​មាន​រូបចម្លាក់​ថ្ម​ពី​ធម្មជាតិ​មួយ​ដែលមាន​រូបរាង​ដូច​រូប​តា​ឥសី​តែ​ត្រូវគេ​លួច​យកទៅ​បាត់​។​ក្រៅពីនោះ​ល្អាង​មាន​រូប​ព្រះពុទ្ធ​បដិមាករ​មួយ​ដ៏​ធំ​ដែល​ទើប​សាង់សង់​នៅ​ចង្កេះភ្នំ​ដើម្បីឱ្យ​ប្រជាជនមាន​ជំនឿ​គោរពបូជា​។​

​កាលពីព្រេងនាយ​មានរឿង​ដំណាល​ថា​ភ្នំ​ប្រាំពីរ​ធ្លាប់ជា​សំពៅ​មួយគ្រឿង​បាន​កឿង​ហើយ​ក្រោយមក​គេ​ហៅ​តំបន់​នេះ​ថា​តំបន់​សំពៅ​លូន​។​ភ្នំ​ប្រាំពីរ​គឺជា​កន្លែង​ប្រវត្តិសាស្ត្រ​ព្រោះ​មាន​បន្ទាយទ័ព​ចាស់​ស្ថិតនៅ​ចំ​ពីលើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​។​នៅ​ភ្នំ​ប្រាំពីរ​នេះ​ជា​ជម្រក​សត្វ​ទោច​(​ពណ៌​ខ្មៅ​)​ស្វា​ពពែ​ភ្នំ​ឈ្លូស​កាំ​ប្រ​ម៉ា ពស់ថ្លាន់ ពស់វែករនាម កំប្រុក ប្រចៀវ សារិកាកែវ​ជាដើម​។​

​ចំណែក​ដើមឈើ​ធំៗ​រួមមាន​ដើម​បេង​ធ្នង់​ព្រះ​ព្នៅ​ខ្វាវ​ស្ពង់​រកា​សុ​ក្រំ​ច័ន្ទ​ឆ្នូត​ប្រទាល​ជ្រៃ​ឆ្កែស្រែង​ជាដើម​។​មាន​គេ​ដំណាល​ថា​នៅលើ​ភ្នំ​នេះ​មាន​ដើម​ម្ទេស​មួយ​ដើម​ទំហំ​បី​ឱប​មនុស្ស​ធំ​និង​មាន​ផ្លែ​ទំហំ​ប៉ុន​ម្រាមដៃ​ដុះ​នៅ​ចំ​ពីលើ​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​។​ផ្នែក​សណ្ឋាន​ដី​និង​ភូមិសាស្ត្រ​ភ្នំ​ប្រាំពីរ​គឺជា​ភ្នំ​ធម្មជាតិ​ដែលមាន​ថ្មកែវ ថ្មថ្លើមអណ្តើក ថ្ម​ក្រា​នី​ត និង​ថ្មកំបោរ​។​

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​កំពុង​ពិចារណា​ដើម្បី​អនុ​ញ្ញា​ត្ត​ឱ្យ​ក្រសួងបរិស្ថាន​រៀបចំ​អភិរក្ស​ភ្នំ​ប្រាំពីរ ទៅជា​តំបន់​បេ​តិក​ភ័​ណ្ឌ​សម្រាប់​ជា​មរតក​មនុស្ស​គ្រប់​ជំនាន់​៕S/

​រូប​ថ​តះ​ទេសភាព​ភ្នំ​ប្រាំពីរ​ដែល​ត​ជាប់ៗ​គ្នា​ល្អាង​ជាច្រើន​ដែលមាន​នៅ​ភ្នំ​ប្រាំពីរ​និង​រូបសំណាក​ពី​បុរាណ​ដែល​គេ​គោរពបូជា​