ថៃ​បើក​រោងភាពយន្ត​និង​កន្លែង​ម៉ាស្សា នៅពេល​សិង្ហ​បុរី​បើក​សាលារៀន​ឡើងវិញ​

150
ចែករម្លែក

​ប្រជាជន​ថៃ​កាលពី​ថ្ងៃ​ចន្ទ​នាំគ្នា​ទៅ​កាន់​រោង​ភាពយន្ត​និង​កន្លែង​ម៉ាស្សា​ដើម្បី​ស្វាគមន៍​ការដែល​អាជ្ញាធរ​អនុញ្ញាតអោយ​បើក​ទីតាំង​បែប​នេះ​ឡើង​វិញ​ក្នុង​វិធានការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​មុន​ច្បាប់​​គ្រាអាសន្ន​ត្រូវបាន​ដក​ចេញ​ទាំង​ស្រុង​។​

​បណ្តា​ផ្សារ​ទំនើប និង​ស្ថាប័ន​ក្រុមហ៊ុន​ក៏បាន​បើក​ដំណើរការ​វិញ ហើយ​បំរាម​គោចរ​ត្រូវបាន​បំព្រួញ​ពេល​មក​នៅ​ខ្លី​ជាង​មុន ។​

​ថៃ​មាន​អ្នក​កើតកូ​វីដ​១៩​សរុប​៣.០៨២​ករណី និង​៥៧​នាក់​ស្លាប់ តែ​៧​ថ្ងៃ​មកនេះ​មិន​មាន​ករណី​ឆ្លង​ក្នុងស្រុក​ទេ និង​ការឆ្លង​ភាគច្រើន​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ជា​ករណី​នាំចូល​មកពី​ក្រៅ​។​

​ទោះជា​របរ​ម៉ាស្សា​ត្រូវបាន​អនុញ្ញាត​អោយ​បើក​ដំណើរការ​វិញ តែ​វិធានការ​អនាម័យ​ត្រូវបាន​អនុវត្ត​យ៉ាង​ហ្មត់ចត់ ដោយ​កម្រាល​ផ្លាស្ទិ​ក​ត្រូវ​បាន​ជូត​សម្លាប់​មេរោគ​ជាប្រចាំ និង​អ្នក​ម៉ាស្សា​ជៀសវាង​ការ​​ប៉ះពាល់​ត្រង់​រង្វង់​មុខ​និង​ក​របស់​ភ្ញៀវ​។​

​រោង​ភាពយន្ត​ក៏​កំហិត​ភ្ញៀវ​ច្រើន​បំផុត​២០០​នាក់​ក្នុង​មួយ​រោង​និង​អនុវត្ត​គម្លាត​សង្គម​ដោយ​កៅអី​សងខាង​ភ្ញៀវ​មិនត្រូវ​មាន​អ្នក​អង្គុយ​ទេ​។​បុគ្គលិក​រោងភាពយន្ត​ត្រូវ​ពាក់​ម៉ាស់​និង​ស្រោមដៃ នៅពេល​​វាស់​កំដៅ​ភ្ញៀវ​ចូល​រោងភាពយន្ត​។​រាល់​ក្រោយ​ការ​បញ្ចាំងភាពយន្ត​ម្តងៗ បុគ្គលិក​ប្រដាប់​ដោយ​សម្លៀកបំពាក់​ការពារ បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​រោងភាពយន្ត​។​

​នៅ​ពេល​ថៃ​អនុញ្ញាត​អោយ​បើក​ដំណើរការ​អាជីវកម្ម​ស្ទើរ​គ្រប់​ផ្នែក សិង្ហ​បុរី​ក៏​អនុញ្ញាតអោយ​សិស្ស​វិល​ទៅ​សាលារៀន​វិញ​នៅ​ថ្ងៃ​អង្គារ​តី​០២​មិថុនា ក្រោយ​ការបិទទ្វារ​អស់​ពេល​ជិត​២​ខែ​ដោយសារកូ​វីដ​១៩​។​

​សិង្ហ​បុរី​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជាង​៣៥.០០០​នាក់​និង​២៤​នាក់​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩៕​ប្រែ​សម្រួល​៖​វាសនា​

​អ្នក​ម៉ាស្សា​ថៃ​និង​អតិថិជន ពាក់​ម៉ាស់​មុខ​ក្នុងពេល​ធ្វើ​សរសៃ​