ចច គ្លូនី សរសេរអត្ថបទដ៏មានឥទ្ធិពលមួយអំពីកុបកម្មរើសជាតិសាសន៍នៅសហរដ្ឋអាម៉េរិក

134
ចែករម្លែក

លោកចច គ្លូនីបានសរសេរអត្ថបទដ៏មានឥទ្ធិពលមួយអំពីកុបកម្មរើសអើងជាតិសាសន៍រាលដាលទូទាំងសហរដ្ឋអាម៉េរិក ដែលបង្កឡើងពីការស្លាប់ដ៏សោកសៅរបស់លោកចច ផ្លេយនៅក្រោមថ្វីដៃប៉ូលិសនៅទីក្រុងមីននីប៉ូលីស។

លោកគ្លូនីអាយុ ៥៩ ឆ្នាំបានចាប់ផ្តើមនៅក្នុងអត្ថបទដែលបោះពុម្ពផ្សាយដោយកាសែត The Daily Beast យ៉ាងដូច្នេះ “គ្មានអីត្រូវសង្ស័យទេថា ចច ផ្លយ ត្រូវគេធ្វើឃាត។ នេះជារោគរាតត្បាតរបស់យើង។ វាឆ្លងដល់យើងទាំងអស់គ្នា ហើយក្នុងរយៈពេល ៤០០ ឆ្នាំមកនេះ យើងមិនទាន់រកឃើញវ៉ាក់សាំងទេ”។

លោកគ្លូនីបានសរសេររឿងនេះឡើងខណៈពេលអាម៉េរិកឈានចូលសប្តាហ៍ថ្មីនៃភាពវឹកវរស៊ីវិលខណៈពួកមេដឹកនាំនយោបាយកំពុងព្យាយាមគ្រប់គ្រងប្រទេសពីឆ្នេរម្ខាងទៅឆ្នេរម្ខាងទៀត ដែលពោរពេញដោយកំហឹងជុំវិញភាពសាហាវឃោរឃៅរបស់ប៉ូលិសនិងការសម្លាប់របស់ប៉ូលិសទៅលើមនុស្សស្បែកខ្មៅ។

និយាយអំពីការរើសអើងជាតិសាសន៍ដែលបានចារទៅក្នុងប្រវត្ដិសាស្ដ្ររបស់អាម៉េរិក តារាសម្តែងរូបនេះបានបន្ថែមទៀតថា “កំហឹងនិងការស្រងាកចិត្ត ដែលយើងឃើញចាប់ផ្តើមកើតឡើងម្តងទៀតនៅតាមដងផ្លូវរបស់យើងគឺគ្រាន់តែជាការរំលឹកអំពីថាតើយើងបានធំធាត់បានតិចតួចកម្រិតណាក្នុងនាមប្រទេសមួយងើបពីអំពើបាបដំបូងបំផុតនៃទាសភាព”។

លោកគ្លូនីបន្តថា “យើងត្រូវការការផ្លាស់ប្តូរជាប្រព័ន្ធនៅក្នុងការអនុវត្តច្បាប់របស់យើងនិងនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់យើង។ យើងត្រូវការអ្នកធ្វើគោលនយោបាយនិងអ្នកនយោបាយឆ្លុះបញ្ចាំងពីភាពយុត្តិធម៌ជាមូលដ្ឋានដល់ពលរដ្ឋទាំងអស់របស់ពួកគេស្មើៗគ្នា”៕ ដោយ៖ កញ្ញាដាលីស

លោកគ្លូនីសរសេរអត្ថបទដ៏មានឥទ្ធិពលអំពីការរើសអើងជាតិសាសន៍នៅអាម៉េរិក

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ