នៅ​ថ្ងៃទី​៣ មេសា គណៈអចិន្ត្រៃយ៍​រដ្ឋសភា​ប្រជុំ​ពិនិត្យ​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​ចំនួន​២​រូប​

1473
ចែករម្លែក
  • 55
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​នឹងធ្វើ​ការប្រជុំ​ពិនិត្យ​សម្រេច​លើ​បេក្ខជន​ជា​សមា​ជិក​ព្រឹទ្ធសភា និង​ពិនិត្យ​លើ​របៀបវារៈ​មួយចំនួនទៀត នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ ស្អែក​នេះ​។ កិច្ច​ប្រជុំ​នេះ ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​


លោក​ស្រី ជា ច័ន្ទ​ទេវី បេក្ខជនសមាជិក​ព្រឹទ្ធសភា

​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​បិទ​បញ្ចប់​ការទទួល​ពាក្យ​បេក្ខជន​ជា​សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​៣០ ខែ​មីនា ។ បន្ទាប់ពី​ទទួល​ពាក្យ​រួចហើយ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បានរៀបចំ​បញ្ជី​បេក្ខជន​ដាក់ជូន​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា​ដើម្បី​ពិនិត្យ​និង​សម្រេច​ជា​ផ្លូវការ​។​

លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​បាន​ប្រាប់​រស្មី​កម្ពុជា ថា អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​បានទទួល​ពាក្យ​បេក្ខជន​ចំនួន​១២​រូប ដោយ​ក្នុងនោះ បេក្ខជន​ដែលមាន​ឯកសារ​គ្រប់គ្រាន់ គឺមាន​ចំនួន​ពីររូប​តែប៉ុណ្ណោះ​។ ឈ្មោះ​បេក្ខជន​ទាំងពីរ​រូបនេះ នឹង​ដាក់ជូន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា ពិនិត្យ​នៅ​ថ្ងៃ​អង្គារ ទី​៣ ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ប៉ុន្តែ​លោក​មិនបាន​ប្រាប់​ឈ្មោះ​បេក្ខជន​ទាំង​ពីររូប​នោះទេ គឺ​រង់ចាំ​គណៈកម្មាធិកា​រអិច​ន្ត្រៃ​យ៍ស​ម្រេច​សិន​។​

មន្ត្រីជាន់ខ្ពស់​រដ្ឋសភា​បាន​បង្ហើប​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា បេក្ខជន​ពីររូប​ដែល​នឹងត្រូវ​ដាក់ជូន​គណៈអចិន្ត្រៃយ៍ នៃ​រដ្ឋសភា ពិនិត្យ​សម្រេច​នៅ​ថ្ងៃទី​៣ ខែមេសា គឺមាន​លោកស្រី ជា ច័ន្ទ​ទេវី និង​លោក​សួន មាន​។ បេក្ខជន​ទាំងពី​រូបនេះ គឺ​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

សូមជម្រាបថា រដ្ឋសភា​បានទទួល​ពាក្យ​បេក្ខជន​ជា​សមាជិក​ព្រឹទ្ធសភា ចាប់ពី​ថ្ងៃទី​១៦ ខែមីនា រហូតដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ ។​

គួរ​បញ្ជាក់ថា សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ មាន​ចំនួន​សរុប​៦២​រូប ដោយ​ក្នុងនោះ​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៨​រូប ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ដោយ​សាម​ជិ​ក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​តំណាងរាស្ត្រ​ក្នុង​តំណែង​។ ចំណែក​សមាជិក​ព្រឹទ្ធសភា ចំនួន​២​រូប តែងតាំង​ដោយ​ព្រះ មហាក្សត្រ គឺ​សម្តេចព្រះ​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី និង​លោកស្រី អ៊ុ សូ​ម៉ា​នី​ន​។ រីឯ​សមាជិក​ព្រឹទ្ធសភា​ចំនួន​ពីររូប​ទៀត ជ្រើសតាំង​ដោយ​រដ្ឋសភា ដែល​ពេលនេះ​នៅ​ពុំទាន់​បាន​ជ្រើសតាំង​នៅឡើយ​ទេ​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម