របប​ខ្មែរក្រហម​មិនដែល​រសាត់​ចេញពី​ក្នុង​ចិត្ត​ខ្ញុំ​ឡើយ​

277
ចែករម្លែក

ដោយៈ​អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​/ភ្នំពេញៈ​អស់​រយៈពេល​៤១​ឆ្នាំ​កន្លងមកហើយ​ដែល​របប​ខ្មែរក្រហម​បាន​ដួលរលំ ប៉ុន្តែ​របប​នេះ​នៅតែ​ស្ថិតនៅក្នុង​ចិត្ត​របស់​អ្នក​រស់រានមានជីវិត​។ ការ​ដិតដាម​ទាំងនេះ​អាច​បណ្តាលមកពី​របប​នេះ​បានផ្តល់​មេរៀន​ជីវិត​ដ៏​លំបាក និង​ឈឺចាប់ ដែល​ស្ទើរតែ​មិនអាច​ទទួលយកបាន ឬ​របប​នេះ​បាន​បន្សល់ទុក​នូវ​ផលប៉ះពាល់​ជាច្រើន​ដល់​ការរស់នៅ​សម្រាប់​ប្រជាជន​កម្ពុជា​រហូតមក​បច្ចុប្បន្ន​។​


​ប្រែង ទូច ភេទ​ស្រី អាយុ​៧៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្តស្វាយរៀង​បាន​រៀបរាប់​ប្រាប់ថា ខ្ញុំ​គឺជា​កូនពៅ​នៅក្នុង​ចំណោម​បងប្អូន​១០​នាក់​។ នៅក្នុង​របប​ខ្មែរក្រហម បងប្អូន​ខ្ញុំ​ស្លាប់​អស់​ប្រាំពីរ​នាក់ ហើយ​សាច់ញាតិ​សរុប​៥០​នាក់​ក៏បាន​ស្លាប់ និង​បាត់​ខ្លួន​ដែរ​។ ខ្ញុំ​មានកូន​កំព្រា​ប្រាំ​នាក់​នៅក្នុង​របប​ខ្មែរក្រហម ព្រោះ​ប្តី​របស់​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​។ បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ ខ្ញុំ​បានសម្រេច​ចិត្ត​រៀបការ​ម្តងទៀត ព្រោះ​ខ្ញុំ​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូនៗ និង​ម្តាយ​ចាស់ជរា​របស់ខ្ញុំ​។ ខ្ញុំ​សង្ឃឹមថា កូនៗ​របស់ខ្ញុំ​អាច​រស់នៅ​ដោយមាន​អាហារ​ហូប​គ្រប់គ្រាន់ និង​អាចមាន​លទ្ធភាព​ចូលរៀន​នៅ​សាលា​។ ក្រោយមក​ខ្ញុំ​បាន​បង្កើតកូន​បាន​ប្រាំ​នាក់​ថែមទៀត​។ របប​ខ្មែរក្រហម​បាន​បន្សល់ទុក​នូវ​ឧបសគ្គ​ជាច្រើន​ក្នុងការ​រស់នៅ​សម្រាប់​គ្រួសារ​របស់ខ្ញុំ​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណា កូនៗ​របស់ខ្ញុំ​បាន​រៀន​ដល់​ថ្នាក់​អនុវិទ្យាល័យ និង​ខ្លះទៀត​រៀន​បាន​ដល់​វិទ្យាល័យ​។ សព្វថ្ងៃនេះ កូនៗ​របស់ខ្ញុំ​ធ្វើការ​ងារ​ជាជាង​សំណង់ កម្មករ​រោងចក្រ និង​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹមជីវិត​។

លោក​វេជ្ជបណ្ឌិត ដេ​ម៉ូ​ស​ធី​ន រ៉េ​យស៍ ទីប្រឹក្សា​គម្រោង ប្រមូល និង​ចងក្រង​ការចងចាំ​បទពិសោធន៍​ក្នុង​របប​ខ្មែរក្រហម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កំពុង​សួ​នាំ​ពី​អាការរោគ​របស់​ប្រជាជន​នៅតាម​ភូមិ​ក្នុង​ខេត្តស្វាយរៀង​។ (​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ពេញ​មួយជីវិត​របស់ខ្ញុំ​កើតមក​បាន​ឆ្លងកាត់​សង្គ្រាម​ជាច្រើន​ជំនាន់​។ នៅ​អំឡុង​ឆ្នាំ​១៩៧០ មានការ​ទម្លាក់​គ្រាប់បែក​ជាច្រើន​មកលើ​ភូមិ​របស់ខ្ញុំ ហើយ​ក៏មាន​កងទ័ព​ធី​វ​គី (​វៀតណាម​ខាងត្បូង​) ចូលមក​ភូមិ​របស់ខ្ញុំ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​។ នៅពេលនោះ​គ្រួសារ​របស់ខ្ញុំ​បាន​ជីក​លេណដ្ឋាន​នៅក្រោម​ផ្ទះ​ដើម្បី​ការពារ​គ្រាប់ផ្លោង និង​ការទម្លាក់​គ្រាប់បែក​ពីលើ​យន្តហោះ​។ រហូតដល់​ឆ្នាំ​១៩៧៥ ខ្ញុំ​លែងឃើញ​មាន​កងទ័ព​ធី​វ​គី​ទៀតហើយ គឺ​មានតែ​កងទ័ព និង​កម្មាភិបាល​របស់​ខ្មែរក្រហម​តែប៉ុណ្ណោះ​។ នៅ​ឆ្នាំ​១៩៧៨ ខ្មែរក្រហម​បានសម្លាប់​មនុស្ស​នៅ​ក្នុងភូមិ​របស់ខ្ញុំ​ជាច្រើន​រួមទាំង​ប្តី​ខ្ញុំ ព្រោះ​ប្តី​របស់ខ្ញុំ​គឺជា​អតីត​ទាហាន លន់ នល់​។ យោធា​ខ្មែរក្រហម​បាន​ចោទ​ប្រជាជន​នៅក្នុង​ភូមិ​ថា «​ក្បាល​យួន​ខ្លួន​ខ្មែរ​» និង​ជា​អ្នកយកការណ៍​ឲ្យ​កងទ័ព​វៀតណាម​។ ក្រោយមក ខ្មែរក្រហម​ចាប់ផ្តើម​ជម្លៀស​ប្រជាជន​ចេញពី​ក្នុងភូមិ​ទាំងអស់ ហើយ​ខ្ញុំ​និង​ក្រុមគ្រួសារ​ក៏ត្រូវ​បាន​ជម្លៀស​ទៅកាន់​ខេត្តពោធិ៍សាត់​ដែរ​។​គ្រួសារ​របស់ខ្ញុំ​រស់នៅ​យ៉ាង​លំបាក​វេទនា​នៅ​ទីនោះ​។ ថ្ងៃ​មួយពេល​ត្រឡប់​មកពី​ធ្វើ​ការងារ​នៅតាម​ការដ្ឋាន​វិញ ខ្ញុំ​ឃើញ​កូន​របស់ខ្ញុំ​ដេកស្លាប់​នៅក្នុង​រោង​ស្នាក់​បណ្តោះអាសន្ន​តែម្នាក់ឯង​។ កូន​ខ្ញុំ​របស់ខ្ញុំ​កើត​ពិស​នៅពេលនោះ​។ មុខ​របស់​កូន​ខ្ញុំ​ឡើង​ប្រែ​ពណ៌​ខ្មៅ​។ មិនមែន​មានតែ​កូន​របស់ខ្ញុំ​ទេ​ដែល​ស្លាប់​នៅពេលនោះ គឺមាន​កូន​របស់​ប្រជាជន​ដែល​ជម្លៀស​ទៅ​ទីនោះ​ជាច្រើន​នាក់​ទៀត​។ យើង​រស់នៅ​ដោយ​គ្មាន​អនាម័យ​។ យើង​ផឹកទឹក​ដែល​ដង​មកពី​ត្រពាំង បឹងបួរ និង​ហូប​អាហារ​ជូរ​ផ្អូម​ដើម្បី​បំពេញ​កម្លាំង​ធ្វើការ​ងារ​ជូន​ដល់​អង្គការ​។ ពេលនោះ មាន​ប្រជាជន​ជម្លៀស​ជាច្រើន​បានកើត​ជំងឺ​ក​ញ្ជ្រិ​ល ពិស រាករូស និង​ជំងឺ​ផ្សេងៗ​ទៀត​ដែល​បណ្តាល​ឲ្យ​ស្លាប់​អស់​ជាច្រើន​នាក់​។ ចំណែក​ខ្ញុំ​ធ្វើ​កិច្ចការ​ជាច្រើន ដូចជា លី​បាវស្រូវ ភ្ជួរស្រែ ស្ទូង​សំណាប់ និង​លើក​ទំ​និង​នប់​។ ខ្មែរក្រហម​មិន​គិតថា​យើង​ជា​មនុស្ស​ស្រី ឬ​ប្រុស​ទេ គឺត្រូវធ្វើ​ការងារ​ស្មើគ្នា​។

លោក​វេជ្ជបណ្ឌិត ដេ​ម៉ូ​ស​ធី​ន រ៉េ​យស៍ ទីប្រឹក្សា​គម្រោង ប្រមូល និង​ចងក្រង​ការចងចាំ​បទពិសោធន៍​ក្នុង​របប​ខ្មែរក្រហម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កំពុង​សួ​នាំ​ពី​អាការរោគ​របស់​ប្រជាជន​នៅតាម​ភូមិ​ក្នុង​ខេត្តស្វាយរៀង​។ (​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ដោយសារតែ​ខ្ញុំ​បាន​ឆ្លងកាត់​រឿងរ៉ាវ​ឈឺចាប់ និង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​អស់​ជាច្រើន​នាក់​នៅក្នុង​របប​ខ្មែរក្រហម ទើប​ខ្ញុំ​បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ខ្មែរក្រហម​ដើម្បី​រក​យុត្តិធម៌​។ ខ្ញុំ​ក៏បាន​តាមដាន​មើល​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដែល​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ដែរ​។ ខ្ញុំ​តែងតែ​ប្រាប់​កូន​របស់ខ្ញុំ និង​ចៅៗ​ថា «​កូនៗ​និង​ចៅ​សំណាង​ហើយ​ដែល​បាន​កើតមក​និង​ធំ​លូតលាស់​នៅក្នុង​របប​នេះ​ដែល​ទទួលបាន​សិទ្ធិសេរីភាព មានការ​អប់រំ និង​មាន​អាហារ​ហូប​បាន​គ្រប់គ្រាន់​។​នៅក្នុង​របប​ខ្មែរក្រហម​យាយ​មិនមាន​អាហារ​ហូប​គ្រប់ មិនមាន​ពេល​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​សូម្បីតែ​ឱកាស​ថែរក្សា​ជីវិត​របស់​យាយ​ក៏មាន​តិចតួច​ដែរ​»​។ ប៉ុន្តែ​មាន​ក្មេងៗ​ខ្លះ​មិនសូវ​ជឿ​នូវ​អ្វីដែល​ខ្ញុំ​បាន​រៀបរាប់​ឡើយ​។ ខ្ញុំ​ដឹងថា​រឿងរ៉ាវ​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម​អាចធ្វើ​ឲ្យ​ក្មេងៗ​ពិបាក​ទទួលយក ដោយសារតែ​ក្មេងៗ​ទាំងនោះ​កើតមក​ក្នុងសង្គម​ដែលមាន​សន្តិភាព និង​មាន​ឪពុកម្តាយ​ថែទាំ​។ ខ្ញុំ​មិន​ខឹង​នឹង​ក្មេងៗ​ដែល​មិន​ជឿ​នៅ​រឿងរ៉ាវ​របស់ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​នៅតែ​បន្ត​និយាយ​រឿងរ៉ាវ​របស់ខ្ញុំ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ក្មេងៗ​ទាំងនោះ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការដឹកនាំ​នាពេល​អនាគត​។

លោក​វេជ្ជបណ្ឌិត ដេ​ម៉ូ​ស​ធី​ន រ៉េ​យស៍ ទីប្រឹក្សា​គម្រោង ប្រមូល និង​ចងក្រង​ការចងចាំ​បទពិសោធន៍​ក្នុង​របប​ខ្មែរក្រហម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កំពុង​វាស់​សម្ពាធ​ឈាម និង​ពិនិត្យ​អាការរោគ​របស់​ប្រជាជន​នៅតាម​ភូមិ​ក្នុង​ខេត្តស្វាយរៀង​។ (​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​សព្វថ្ងៃនេះ​ខ្ញុំ​មាន​សុខភាព​ល្អប្រសើរ​ជាង​កាលពី​រយៈពេល​មួយ​ឆ្នាំមុន​ច្រើនណាស់​។ ជំងឺ​របស់ខ្ញុំ បណ្តាលមកពី​ខ្ញុំ​ធ្វើ​ការងារ​ធ្ងន់ៗ​។ ខ្ញុំ​គិតថា​ជំងឺ​របស់ខ្ញុំ​ក៏​អាច​បណ្តាលមកពី​ខ្ញុំ​ធ្លាប់ធ្វើ​ការងារ​នៅក្នុង​របប​ខ្មែរក្រហម​ដែរ​។ ដោយ​ខ្ញុំ​មាន​វ័យ​កាន់តែ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំកាយ ដូច្នេះ​ខ្ញុំ​មិនអាច​ធ្វើស្រែ​ចម្ការ​ដូច​ពីមុន​បាន​ទៀតឡើយ​។ ខ្ញុំ​នៅផ្ទះ​មើលថែ​ចៅៗ​។ ខ្ញុំ​ធ្លាប់​ឈឺចង្កេះ ប៉ុន្តែ​ឥឡូវ​មិនសូវ​ឈឺ​ដូច​ពីមុន​ទេ ព្រោះ​ខ្ញុំ​ឈប់​ធ្វើ​ការងារ​ធ្ងន់ៗ​។ ខ្ញុំ​បាន​ទៅពិនិត្យ​មើល​ចង្កេះ​របស់ខ្ញុំ​នៅឯ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​លទ្ធផល​នៃ​ការឈឺ​ចង្កេះ​របស់ខ្ញុំ​គឺ​ដោយសារតែ​ឆ្អឹង​ខ្ញុំ​ប្រេះស្រាំ និង​ចាប់ផ្តើម​ពុក​។ ខ្ញុំ​បាន​ផឹកថ្នាំ និង​ព្យាបាល​ដោយ​ចលនា​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។ ខ្ញុំ​ភ័យ​បារម្ភ​ចំពោះ​សុខភាព​របស់ខ្ញុំ​នៅពេល​អនាគត​។​
សុខភាព​របស់ខ្ញុំ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​គឺ​ទ្រុឌទ្រោម​។ ខ្ញុំ​បារម្ភ​ថា​ខ្ញុំ​ដើរ​មិន​រួច និង​គ្មាន​លទ្ធភាព​ព្យាបាល​។ ខ្ញុំ​ពិតជា​រីករាយ​ប្រសិនបើ​មានការ​ពិនិត្យ​សុខភាព​ដល់​ខ្ញុំ​។ ខ្ញុំ​នៅចាំ​បាន​ថា នៅ​អំឡុង​ឆ្នាំ​២០១៩​កន្លងមកនេះ មាន​វេជ្ជបណ្ឌិត​ជនជាតិ​ហ្វីលីពីន និង​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចុះមក​ពិនិត្យ​សុខភាព​របស់ខ្ញុំ និង​អ្នក​ដែល​បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាក្តី​ខ្មែរក្រហម​ផ្សេងទៀត​។ ខ្ញុំ​អរគុណ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​បាន​យកចិត្តទុកដាក់ និង​បាន​ទូរស័ព្ទ​សួរសុខទុក្ខ​ខ្ញុំ​៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ