ក្រសួងការបរទេស​ក​ម្ពុ​ជា​ហៅ​ទូត​វៀតណាម​មក​ប្រាប់​និង​ឲ្យ​រុះរើ​តង់​ចេញ​ទាំងអស់​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្តកណ្តាល​

160
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ បានធ្វើ​កំណត់​ទូត​តវ៉ា​អំពី​ការបោះ​តង់​របស់​វៀតណាម​ចំនួន ៣១​កន្លែង លើ​តំបន់​ព្រំដែន​ដែល​មិនទាន់​ឯកភាពគ្នា​ក្នុង​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា ជាប់​នឹង​ខេត្ត​អាន​យ៉ាង​នៃ​ប្រទេស​វៀតណាម ដោយ​ស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំងនោះ​ចេញ និង​បញ្ឈប់​សកម្មភាព​នានា ដើម្បី​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​នៅក្នុង​តំបន់​នេះ ស្របតាម​សេចក្តីប្រកាស​រួម​ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ ១៩៩៥ សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ ២០០៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០ ស្តីពី​ការបោះ​តង់​របស់​វៀតណាម​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្តកណ្តាល​​ជាប់​នឹង​ខេត្ត​អាន​យ៉ាង​។​


​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បន្តថា នៅ​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ ក្រសួងការបរទេស​វៀ​ត​ណា​ម​បានធ្វើ​កំណត់​ទូត​ឆ្លើយតប ដោយ​អះអាងថា ការបោះ​តង់​នៅតាម​ព្រំដែន​ដោយ​ខេត្ត​អាន​យ៉ាងនេះ​គឺជា​វិធាន​បណ្តោះអាសន្ន​ចាំបាច់​ដើម្បី​ទប់ស្កាត់​ឲ្យ​ទាន់ពេលវេលា​នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩ ហើយ​ការ​បោះតង់​ទាំងនោះ​មិនមាន​ផលប៉ះពាល់​ដល់​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​លើ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នេះ​ទេ​។ អាជ្ញាធរ​វៀតណាម​បាន​សន្យាថា​នឹងធ្វើ​ការរុះរើ​តង់​ដែល​បាន​បោះ​ជា​បណ្តោះអាសន្ន​ទាំងអស់​ចេញពី​តំបន់​នោះ​។​

​ក្រសួងការបរទេស​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ ២០២០ លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏បាន​អញ្ជើញលោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀត​ណា​ម មកជួប​ពិភាក្សា និង​បានស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ចេញ​ទាំងអស់​ឲ្យ​បាន​ឆាប់ ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​ក្នុង​តំបន់​នោះ រហូតដល់​គណៈកម្មកា​រ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន​ជាក់លាក់​ជា​ស្ថាពរ​នៅ​តំបន់​នោះ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​៕​សរន​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ