​រយ​:​ពេល​៦​ខែ​ដើមឆ្នាំ​ខេត្តកំពង់ចាម​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​ជាង​២០​ភាគរយ​

127
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​៖​រយ​:​ពេល​ប្រាំ​មួយខែ​ដើមឆ្នាំ​២០២០​នេះ​ខេត្តកំពង់ចាម​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ប្រមាណ​ជាង​២០​បើ​ប្រៀបធៀប​រយ​:​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​។​ជាពិសេស​ក្នុងកំឡុងពេល​នៃ​យុទ្ធនាការ​រឹតបន្តឹង​ឱ្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ក្នុង​ខែឧសភា​នេះ​គឺ​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ទាំង​រថយន្ត និង​ម៉ូតូ​បាន​ចូលរួម​គោរព​ច្បាប់​បាន​ប្រហែល ៩៥ ភាគរយ​។​

​នៅក្នុង​ឱ្យ​កាស​ចែក​អំណោយ​មនុស្សធម៌រ​បស់​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១២០ គ្រួសារ ក្នុងដំណាក់កាល​ជំងឺឆ្លង​សកល​កូ​វីដ​.១៩ មកពី​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម នៅក្នុង​សាលាស្រុក​នេះ ។​កាលពី​ព្រឹក​ថ្ងៃទី​២​ខែមិថុនា ឆ្នាំ​២០២០ លោក អ៊ុន ចាន់​ដា​អភិបាលខេត្ត​និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​ថ្លែងថា​ក្រៅពី​ការប្រុងប្រយ័ត្ន​ទប់ស្កាត់​ជំងឺ​កូ​វីដ​.១៩​គឺ​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ជា​បញ្ហាសំខាន់​មួយទៀត​។​

លោក​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា​មួយរយ​:​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ចូលរួម​អនុវត្តន៍ និង​គោរព​ច្បាប់​ចរាចរណ៍​បានល្អ ដោយ​មិនមាន​អ្នករងគ្រោះ​នៅតាម​ដងផ្លូវ​ច្រើន​ទេ​។ អ៊ីចឹង​សូម​ថែរក្សា​នូវ​គោល​គំនិត នៃ​ការគោរព​ច្បាប់​នេះ​នៅពេល​យើង​ធ្វើដំណើរ​តាម​ដងផ្លូវ​នោះ​។​

លោក​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​បាន​មានប្រសាសន៍​ទៀតថា ជា​លទ្ធផល​ដែល​ទទួលបាន​គឺ​រយ​:​ពេល​ប្រាំ​មួយខែ​ដើមឆ្នាំ​២០២០​នេះ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ចំនួន​២២​ភាគរយ​។​បើ​ប្រៀបធៀប​រយ​:​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅនោះ​។​កត្តា​នេះ​បណ្តាលមកពី​ការដាក់ចេញ​នូវ​វិធានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​។​

​លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែងថា​ក៏ប៉ុន្តែ​នៅមាន​ប្រជាពលរដ្ឋ​មិន​ដល់​មួយ​ភាគរយ​មិន​ពេញចិត្ត​នឹង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​លើ​ម៉ូតូ​ចំនួន ប្រាំពីរ​ចំណុច​និង​រថយន្ត​ចំនួន​ប្រាំបួន​ចំណុច​នេះ​។​តែ​យើង​បាន​សិក្សា ផ្សព្វផ្សាយ​និង​អប់រំ​ដល់​ប្រជាពលរដ្ឋ​គ្រប់ទិសទី​អស់ហើយ​មុន​ដាក់ឱ្យ​រឹតបន្តឹង​និង​អនុវត្តន៍​ច្បាប់​ខាងលើនេះ គឺ​ផាកពិន័យ​តែម្តង​។​


​លោក​បាន​បន្ថែមថា​យើង​គ្មាន​ចង់បាន​លុយ​ជា​ប្រាក់​ពិន័យ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទេ​គឺ​ចង់​ឱ្យតែ​បងប្អូន​គោរព​ច្បាប់​។ ដោយ​វិធានការ​អនុវត្ត​ច្បាប់​ចរាចរណ៍​បឋម​នេះ​គឺ​យើង​បានចាប់ផ្តើម​អនុវត្តន៍​ពីថ្ងៃ​ទី ១​ខែឧសភា​ឆ្នាំ​២០២០​។​ដោយ​កម្លាំង​ដែល​ឈរជើង​តាម​ដងផ្លូវ​មិនមែន​ដាក់​ប៉ា​រ៉ា​ស់ទារ​លុយ​ពី​ប្រជាពលរដ្ឋ​ទេ​។​ករណី​ឈរ​ពិនិត្យឃើញ​យានយន្ត​ឈានដល់​ការខុសច្បាប់​គឺ​ហៅ​ឱ្យ​ឈប់​ដើម្បី​ពិនិត្យ​និង​ផាកពិន័យ​។ មន្ត្រីនគរបាល​ចរាច​រណ៍​មិន​ហៅ​អ្នកគោរពច្បាប់​មក​ផាកពិន័យ​ទេ​។​


លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សោម​រស់​ស្នងការរង​នគរបាល​ខេត្តកំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២​មិថុនា​ថា​ការកែតម្រូវ​អនុក្រឹត្យ​លេខ​៤៤​ទៅ​អនុក្រឹត្យ​លេខ​៣៩​វិញ​នេះ​គឺជា​ការ​ដាស់​អារម្មណ៍​ប្រជាពលរដ្ឋ​ដើម្បី​គោរព​ច្បាប់​ទាំងអស់គ្នា​។​ជាក់ស្តែង​ការមិន​ទាន់​អនុវត្តន៍​អនុក្រឹត្យ​លេខ​៣៩​ទាំង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​និង​ទាំង​រថយន្ត​ជា​ប្រជាពលរដ្ឋ​មិន​ដល់​៦០​ភាគរយ​បាន​គោរព​ច្បាប់​ចរាចរណ៍​។​

​លោកស្នងការ​រង​ទទួល​ការងារ​ចរាចរណ៍​បាន​ថ្លែងថា​ប៉ុន្តែ​ក្រោយពី​ការ​រឹតបន្តឹង​ការអនុវត្ត​អនុក្រឹត្យ​មួយ​នេះ​រយ​:​មួយខែ​ឧសភា នេះ យើង​ធ្វើការ​ប៉ាន់​ជាប្រចាំ​លើផ្លូវ​ជាតិ និង​ផ្លូវ​ខេត្ត​គឺ​យើង​ទទួលបាន​កំណើន នៃ​ការ​គៅ​រព​ច្បាប់​ចំនួន​រហូត ៩៥ ភាគរយ ទាំង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​ទាំង​រថយន្ត​។​នៅសល់​ចំនួន ប្រាំ​ភាគរយ​ទៀត​នោះ​មិនមែន​ពួកគាត់​មិន​គោរព​ច្បាប់​ទេ​គឺ​អ្នកបើកបរ​ម៉ូតូ​មាន​សព្វគ្រប់​។​

​ប៉ុន្តែ​ម៉ូតូ​របស់​ពួកគាត់​អត់​ស្លាក​លេខ​ដោយសារតែ​ទិញ​ម៉ូតូ​អត់​ពន្ធ​នាំចូល​ខាង​មន្ត្រី​សាធារណការ​អត់​ផ្តល់​ស្លាក​លេខ​ឱ្យ​។​ដែល​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ក្នុងចំណោម​បញ្ហា​ប្រឈម​ដទៃ​ជាច្រើន​ផ្សេងទៀត​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ