ភាពតានតឹងកើនឡើងក្នុងបាតុកម្មនៅប៉ារីស ខណៈកំហឹងជុំវិញ មរណភាពរបស់ចច ផ្លយ រាលដាលជុំវិញពិភពលោក

171
ចែករម្លែក

ឧស្ម័នបង្ហូរទឹកភ្នែកបានហុយពេញដងផ្លូវនានានៅទីក្រុងប៉ារីស ខណៈប៉ូលិស ប្រឆាំងកុបកម្មបានប្រឈមមុខនឹងក្រុមបាតុករដែលដុតភ្លើងកាលពីថ្ងៃអង្គារទី២មិថុនាចំពេលមានកំហឹងកាន់តែខ្លាំងឡើងជុំវិញការស្លាប់របស់ចចផ្លយ នៅសហរដ្ឋអាម៉េរិក អំពើអយុត្ដិធម៌ប្រកាន់ពូជសាសន៍ និងយុទ្ធវិធីធ្ងន់ដៃរបស់ប៉ូលិសនៅជុំវិញ ពិភពលោក។

ក្រុមអ្នកតវ៉ាបារាំងបានលុតជង្គង់និងលើកកណ្តាប់ដៃឡើងលើ ស្របពេលក្រុម​ពន្លត់អគ្គិភ័យបានព្យាយាមពន្លត់ភ្លើងជាច្រើនកន្លែង ខណៈការធ្វើបាតុកម្មដោយ​សន្តិវិធី​និង​ពហុជាតិសាសន៍បានធ្លាក់ចូលទៅក្នុងភាពតានតឹងគ្រប់កន្លែង។ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ២០.០០០ នាក់បានចូលរួមបាតុកម្មដោយមិនគោរពតាមការហាមឃាត់ទាក់ទងនឹងវីរុសកូរ៉ូណា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធផ្លយ និង អាដាម៉ា ត្រាអូរ៉េ ជាជនជាតិស្បែកខ្មៅបារាំង ដែលស្លាប់នៅក្នុងដៃរបស់ប៉ូលិស។

ម៉ូតូអគ្គិសនីនិងរនាំងការដ្ឋានសំណង់បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយផ្សែងខ្មៅបានប្រឡាក់លើផ្លាកសរសេរថា “ភោជនីយដ្ឋានបើកហើយ” នៅថ្ងៃដំបូង ដែលហាងកាហ្វេបារាំងនានាត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ បន្ទាប់ពីបិទទប់ទល់កូវីដ១៩អស់រយៈពេលជិត ៣ ខែ។

ដោយស្រែកថា “ខ្ញុំមិនអាចដកដង្ហើមបានទេ” មនុស្សរាប់ពាន់នាក់បានដើរក្បួន​ដោយសន្តិវិធីឆ្លងកាត់ទីក្រុងធំបំផុតរបស់អូស្រ្តាលី ខណៈមនុស្សរាប់ពាន់នាក់ផ្សេង​ទៀត​បានធ្វើបាតុកម្មនៅទីក្រុងឡាអេនៃប្រទេសហូឡង់និងមនុស្ស​រាប់រយនាក់ទៀតបានប្រមូលផ្តុំគ្នានៅទីក្រុងតែលអាល់វីវ។ ការបញ្ចេញកំហឹង​បានផ្ទុះឡើងជាភាសាជាច្រើននៅលើបណ្តាញសង្គម ក្នុងនោះប្រជាជនស៊ុយអែត​រាប់ពាន់នាក់បាននាំគ្នាចូលរួមក្នុងការតវ៉ាតាមអ៊ីនធឺណិត។

មន្ត្រីការទូតកំពូលរបស់សហភាពអឺរ៉ុបក៏បង្ហាញការភ្ញាក់ផ្អើលនិងរន្ធត់យ៉ាងខ្លាំងផងដែរចំពោះការស្លាប់របស់ផ្លយ។

ផ្លយបានស្លាប់កាលពីសប្តាហ៍មុនបន្ទាប់ពីប៉ូលិសម្នាក់បានយកជង្គង់សង្កត់ករបស់គាត់ជាច្រើននាទី សូម្បីក្រោយពេលគាត់លែងមានចលនានិងអង្វរសុំខ្យល់​ដកដង្ហើមក៏ដោយ។ ការស្លាប់នេះបានបញ្ឆេះការតវ៉ារាលដាលពាសពេញ​សហរដ្ឋ​អាម៉េរិក ហើយឥឡូវនេះរាលដាលជុំវិញពិភពលោក៕ ដោយ៖ កញ្ញាដាលីស/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ