បាតុករអាម៉េរិកប្រឈមមុខឆ្លងកូវីដ១៩នៅទូទាំងប្រទេស

198
ចែករម្លែក

មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅជិតៗគ្នា ស្រែកទាមទារ និងក្អកខ្លាំងៗនៅពេល ត្រូវឧស្ម័នបង្ហូរទឹកភ្នែក ជាហេតុធ្វើឱ្យក្រុមអ្នកជំនាញបារម្ភថាការធ្វើបាតុកម្មនៅ ទូទាំងសហរដ្ឋអាម៉េរិកអាចធ្វើឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩។

ប៉ុន្តែក្រុមគ្រូពេទ្យជំនាញនិងអ្នកស្រាវជ្រាវបានសង្កត់ធ្ងន់ថា អំពើហិង្សារបស់ ប៉ូលិសដែលប្រកាន់ពូជសាសន៍នៅតែជាវិបត្តិធ្ងន់ធ្ងរនិងជាវិបត្តិសុខភាពសាធារណៈដែលគេព្រងើយកន្តើយសម្រាប់ជនជាតិអាម៉េរិកដើមកំណើតអាហ្វ្រិក ដោយគំរាម មិនត្រឹមតែអាយុជីវិតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនហានិភ័យនៃ ជំងឺដែលទាក់ទងនឹងស្ត្រេស រាប់ចាប់ពីជំងឺខ្សោយបេះដូងរហូតដល់ជំងឺមហារីក។

វាមានរយៈពេលជាងមួយសប្តាហ៍ហើយចាប់តាំងពីបុរសស្បែកខ្មៅឈ្មោះ ចច ផ្លយ បានស្លាប់បន្ទាប់ពីប៉ូលិសស្បែកសយកជង្គង់សង្កត់កអស់ជាច្រើននាទី ដោយបង្កឱ្យ មានរលកនៃការតវ៉ាពាសពេញប្រទេសប្រឆាំងនឹងការរើសអើងជាតិសាសន៍។

សម្រាប់នាង អេបូនី ហ៊ីលតុន ដែលជាគ្រូពេទ្យស្បែកខ្មៅម្នាក់នៅឯមន្ទីរពេទ្យ នៃសាកលវិទ្យាល័យរដ្ឋវើជីនៀ បញ្ហានេះបានគូសបញ្ជាក់នូវអ្វីដែលនាងហៅថា ការគំរាមកំហែងនៃជំងឺរាតត្បាតពីរ គឺ កូវីដ១៩និងអំពើឃោរឃៅរបស់ប៉ូលិស។

នាងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងរំពឹងឃើញមានការកើនឡើង (ក្នុងករណីឆ្លងវីរុសកូរ៉ូណា) ពីព្រោះមិនមានការរក្សាគម្លាតពីគ្នាទេ ហើយគួរឱ្យស្តាយ មនុស្សភាគច្រើនពាក់ម៉ាស់របស់ពួកគេមិនបានត្រឹមត្រូវទេ”។

បណ្តាទីភ្នាក់ងារអនុវត្តច្បាប់បានបាញ់ស្ព្រាយម្រេចបង្ហូរទឹកភ្នែកនិងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាប្រចាំ ដែលវាជាភ្នាក់ងារសរសៃប្រសាទមួយបណ្តាលឱ្យក្តៅរោលរាលខ្លាំង ដើម្បីបំបែកហ្វូងមនុស្ស។

ឧទាហរណ៍ជាក់ស្តែងកាលពីថ្ងៃចន្ទ ប៉ូលិសសហព័ន្ធបានវាយទៅលើក្រុមសកម្មជន អហិង្សានៅសួនឡាហ្វាយ៉េតនៅខាងក្រៅសេតវិមានជាមួយគ្រាប់កាំភ្លើងជ័រនិងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីឱ្យប្រធានាធិបតីដូណាល់ត្រាំបានរូបថតនៅវិហារប្រវត្តិសាស្រ្តមួយ ដែលរងការខូចខាតកាលពីយប់មុននោះ។

នាងហ៊ីលតុនបាននិយាយថា “ការបាញ់ម្រេចនិងការក្អកក៏បង្កើនហានិភ័យផងដែរ។ លើសពីនេះទៀត កូវីដអាចឆ្លងរាលដាលតាមរយៈតំណក់ទឹកនៅលើភ្នែក ហើយមនុស្សជាច្រើនមិនបានពាក់វ៉ែនតាការពារទេ”៕ ដោយ៖ កញ្ញាដាលីស/Ha

បាតុករអាម៉េរិកប្រឈមឆ្លងកូវីដ១៩ ដោយសារការក្អកពេលត្រូវឧស្ម័នបង្ហូរទឹកភ្នែកនិងការពាក់ម៉ាស់មិនត្រឹមត្រូវ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ