ចង់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ កុំ​រំលង​គន្លឹះ​ទាំងនេះ​!

183
ចែករម្លែក

ជំងឺមហារីក​ពោះវៀនធំ​ជា​បញ្ហា​សុខភាព​ដ៏​គួរឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ដែល​អាច​ឆក់យក​អាយុជីវិត​បាន​យ៉ាង​ងាយ​។ ទោះជា​យ៉ាងណា​ជំងឺមហារីក​មិន​លូតលាស់​ភ្លាមៗ​ត្រឹម​រយៈពេល​តែមួយ យប់​នោះទេ ហើយ​មាន​វិធី​បង្ការ​បែប​សាមញ្ញ​ច្រើនណាស់​ដែល​អ្នក​គួរ​អនុវត្ត​ដើម្បី​កាត់បន្ថយ ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​នេះ​ដោយ​គ្រាន់តែ​កែប្រែ​សកម្មភាព​ប្រចាំថ្ងៃ​ដូច​ជាការ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ ព្រមទាំង​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។

១. កម្រិត​ការទទួល​ទាន​គ្រឿង​ស្រវឹង​
​ការទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​និង​មិន​លើសពី ១ កែវ​ចំពោះ​នារី គឺ​ល្អ​។ ប៉ុន្តែ​បើ​ទទួលទាន​ច្រើន​លើស​នេះ​អ្នក​ប្រាកដជា​អាច​ប្រឈមមុខ​ជំងឺ ផ្សេងៗ រួមទាំង​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។​

២. រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ​
​តើ​អ្នកដឹង​ទេ​ថា​ភាពធាត់​ជ្រុល​ឬ​លើស​ទម្ងន់​ផ្សារភ្ជាប់​នឹង​អាហារ​ហានិភ័យ​នៃ​ជំងឺមហារីក ដល់​ទៅ ១១ ប្រភេទ​ផ្សេងៗ​ពីគ្នា​រួមបញ្ចូល​ទាំង​ជំងឺមហារីក​ពោះវៀនធំ​? នេះហើយ​ជា​មូលហេតុ ដែល​អ្នក​គួរ​រក្សា​ទម្ងន់​ឱ្យបាន​ត្រឹមត្រូវ​មួយ​។ ភាពមិន​ធាត់​ជ្រុល ឬ​លើស​ទម្ងន់​អាច​កាត់បន្ថយ ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​មិន​ត្រឹមតែ​មហារីក​ប៉ុណ្ណោះ​ទេ​។​

៣. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​
​ការធ្វើ​មិន​លំ​ហាត់ប្រាណ​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​រួមទាំង​ជំងឺមហារីក​ពោះ វៀន​ធំ​។ ដូច្នេះ​ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​និង​ចៀសវាង​អង្គុយ​យូរៗ រាប់​ម៉ោង​រាល់ថ្ងៃ​។​

៤. រក្សា​របប​អាហារ​សុខភាព​ល្អ​
​របប​អាហារ​មាន​ផ្ទុក​ជាតិ​ស​សៃ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាប ប៉ុន្តែ​ជាតិ​ខ្លាញ់ ព្រមទាំង កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​គួរឱ្យកត់សម្គាល់​។ អ្នក​គួរ ព្យាយាម​ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន​ព្រោះ​វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។​

៥. ចៀសវាង​ការជក់បារី​
​ការជក់បារី​បណ្ដាលឱ្យ​ជាតិពុល​គ្រោះថ្នាក់​ជាច្រើន​ប្រភេទ​អាច​ជ្រាបចូល​ពេញ​ប្រព័ន្ធ​រាងកាយ​បង្កើន​ហានិភ័យ​នៃ​ជំ​ងឹ​គួរឱ្យ​បារម្ភ រួមបញ្ចូល​ទាំង​ជំងឺមហារីក​ពោះវៀនធំ​។​

៦. កាត់បន្ថយ​ការទទួល​ទាន​សាច់​ក្រហម​និង​សាច់​កែច្នៃ​
​ក្រៅពី​រួមបញ្ចូល​អាហារ​សម្បូរ​ដោយ​ជាតិ​ស​សៃ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ហើយ​នោះ អ្នក​ក៏​គួរ​កម្រិត​ការទទួល​ទាន​សាច់​ក្រហម ព្រមទាំង​សាច់​កែច្នៃ​ផងដែរ​។ អាហារ​ទាំងនេះ មាន​ផ្ទុក​សារធាតុ carcinogen ដែល​បង្ក​ជំងឺមហារីក ពិសេស គឺ​ប៉ះពាល់​ដល់​ពោះវៀនធំ​៕ ដោយៈ health.com.kh