សប្បុរសជនផ្តល់ថវិកា និងស្បៀងអាហារ ជូនសាខាកាកបាទក្រហមខេត្តកំពត ដើម្បីការងារមនុស្សធម៌

93
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ ក្នុងបំណងចូលរួមទ្រទ្រង់ការងារមនុស្សធម៌នាដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោកឧកញ៉ាទ្រី ភាពបានផ្តល់អំណោយជាបរិក្ខារប្រើប្រាស់ ម្ហូបអាហារ និងថវិកាមួយចំនួនជូនដល់កាកបាទក្រហមកម្ពុជាសាខាខេត្តកំពត។
ពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌ខាងលើបានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២០ នៅបរិវេណសាលាខេត្តកំពត។

ក្នុងឱកាសនោះ លោកជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតបានមានប្រសាសន៍ថាអំណោយដ៏សន្ធឹកសន្ធាប់របស់លោកឧកញ៉ា ទ្រី ភាព និងលោកស្រីគៀន ស្រីនាងពិតជាវិសេសវិសាលស្ទើរមិនអាចកាត់ថ្លៃបាន ស្របពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបាន និងកំពុងត្រូវការដើម្បីផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ក៏ដូចជាអ្នកមានជីវភាពខ្វះខាតតាមមូលដ្ឋានទូទាំងខេត្ត។ អំពើដ៏សប្បុរសទាំងនេះពិតជាមានសារសំខាន់ក្នុងការរួមចំណែកជួយដល់សកម្មភាពមនុស្សធម៌ជាមួយសាខាកាកបាទក្រហម និងរដ្ឋបាលខេត្ត ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋនាដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩។

លោកអភិបានលខេត្តបានបន្តថាអំណោយនេះផងដែរក៏ជាការរួមចំណែកក្នុងមូលនិធិស្ម័គ្រចិត្តសម្រាប់ទ្រទ្រង់ការងារមនុស្សធម៌កាកបាទក្រហមកម្ពុជា នាឱកាសអបអរ​ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភា។

សូមបញ្ជាក់ថាអំណោយរបស់លោកឧកញ៉ា ទ្រី ភាព និងលោកស្រីគៀន ស្រីនាងដែលបានផ្តល់ជូន រួមមាន អង្ករទម្ងន់១០តោន មីចំនួន១០០កេសធំ ទឹកអាកុលចំណុះ៣០០លីត្រ និងថវិកា៤០លានរៀល៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ