បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបរិហាកេរ្ត៏ជាសាធារណៈ

184
ចែករម្លែក

ដោយៈសរិទ្ធ/ភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវតុលាការចោទប្រកាន់ពីបទប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបរិហាកេរ្ត៏ជាសាធារណៈបានគេចវេសចំនួន៣លើកមិនចូលខ្លួនតាមដីកាបង្គាប់របស់តុលាការតែបែរជាទៅបង្កើតបញ្ហាជាមួយដើមបណ្តឹងទៀតតាមរូបភាពបរិហាកេរ្តិ៍ជាច្រើនលើកតាមបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះពិសេសបានដើរដាក់ពាក្យបណ្តឹងតាមស្ថាប័នមន្ត្រីនគរបាលយុត្តិធ៍មក្នុងគោលបំណងបំភ័ន្តអង្គហេតុបំភ្លៃរឿងដើម្បីទម្លាក់កំហុសមកលើដើមបណ្តឹងវិញ។

ករណីនេះដើមបណ្តឹងយល់ឃើញថាដើម្បីធានាដល់ការស៊ើបសួរ ឲ្យបានពេញលេញ ជៀសវាងការរឹងទទឹង រត់គេចខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌនិងបង្កបញ្ហាបង្កើតជាបទល្មើសព្រហ្មទណ្ឌតាមគ្រប់រូបភាពថ្មីៗទៀតនោះសំណូមពរសុំឲ្យតុលាការឃុំខ្លួនឈ្មោះ សូ បិនឡា ដើម្បីបង្ការនិងបញ្ចប់បទល្មើសទាំងនេះផង។

បុរសរូបនេះបានត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួន នៅព្រឹកថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោកពេជ្រ វិជ្ជាធរចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។

ជនត្រូវចោទរូបនេះឈ្មោះ សូ បិនឡា ភេទប្រុសអាយុ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០អា ផ្លូវលេខ២៣២ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមឯកសារចាប់ខ្លួនរបស់តុលាការបានបញ្ជាក់ថាឈ្មោះ សូ បិនឡា ត្រូវចោទប្រកាន់ពីបទប្រើអំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបរិហាកេរ្ត៏ជាសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីអំឡុងឆ្នាំ២០១៩ ថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៩ និងថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា២៥៣ នៃច្បាប់ភូមិបាល និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។

ដើមចមនៃការចាប់ខ្លួនឈ្មោះ សូ បិនឡា នេះ គឺផ្តើមឡើងកាលពីអំឡុងឆ្នាំ២០១៦ ជនត្រូវចោទបានលក់ដីមួយកន្លែងមានទំហំជិត៤ហិតា នៅ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ឲ្យមកឈ្មោះ កើត ខេង ដោយការលក់ដូរនោះ មានការផ្ទេរសិទ្ធិកាន់កាប់ទទួលស្គាល់ដោយអាជ្ញាធរត្រឹមត្រូវតាមច្បាប់។

រយៈពេល៣ឆ្នាំក្រោយមកពោលគឺនៅអំឡុងឆ្នាំ២០១៩នៅពេលដីឡើងថ្លៃ ឈ្មោះ សូ បិនឡា បានក្លែងឯកសារ ហើយប្តឹងទាមទារយកដីដែលបានលក់ ផ្ទេរកម្មសិទ្ធិឲ្យឈ្មោះ កើត ខេង នោះវិញ ដោយមានការញុះញង់ពីមន្ត្រីយោធាផ្កាយ២ម្នាក់ ក្រោមរូបភាព ឈ្នះបានដី ចាញ់បានលុយ។ ទីបំផុតឈ្មោះ កើត ខេង បានប្តឹងចូលមក សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។

ក្នុងរឿងក្តីនេះតុលាការបានចេញដីកាបង្គាប់ ឲ្យឈ្មោះ សូ បិនឡា ចូលខ្លួនមកបំភ្លឺនៅសាលាដំបូងចំនួន៣លើក តែជនត្រូវចោទមិនបានចូលខ្លួនតាមការកំណត់របស់តុលាការនោះទេទើបតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្តង៕/B