ដោយមានទុនវិនិយោគ២០០លាន ដុល្លារ ជីប ម៉ុង ថៅវើ កម្ពស់៤៥ជាន់ សម្រេចសាងសង់បាន៣៩% និងរំពឹងដាក់ឱ្យដំណើរការដើមឆ្នាំ ២០២២

137
ចែករម្លែក

ដោយៈសុផលភ្នំពេញ៖ អគារ​​កម្ពស់​​៤៥​​​ជាន់​​​ ជីប ម៉ុង ថៅវើ ដែលវិនិយោគក្នុងទំហំទឹកប្រាក់​ប្រមាណ​ជិត​២០០លាន​ដុល្លារអាម៉េរិក​​ សម្រេចសាងសង់បាន៣៩ភាគរយ​​ហើយនិង​គ្រោង​​​​​​​ដាក់ឲ្យ​ដំណើរ​ការ​ក្នុង​​ឆ្នាំ​២០២២​ខាងមុខ ។

អគារ ជីប ម៉ុង ថៅវើ ត្រូវបានបញ្ចុះបឋមសិលាបើកការសាងសង់នៅខែ​មករាឆ្នាំ២០១៩​មាន​ទីតាំងស្ថិតនៅម្តុំស្ពានអាកាសសាលាតិចណូ បណ្តោយមហាវិថីសហព័ន្ធ រុស្សី សង្កាត់​ផ្សាដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។អគារនេះ​នឹងក្លាយជាសំណង់អគារប្រវត្តិសាស្ត្រ​សម័យ​ទំនើបកណ្តាលបេះដូងនៃ​រាជធានី​ភ្នំពេញ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអគារពាណិជ្ជកម្មចម្រុះជីប ម៉ុង ថៅវើ និង​ក្រុម​ហ៊ុនកូមិនខ្មែរសម្រាប់ការ​ម៉ៅការការងារប្រព័ន្ធមេកានិក ទឹក​និង​ភ្លើងកាល​ពីព្រឹកថ្ងៃទី៣​ខែ​មិថុ​នា​ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន​ ជីប​ ម៉ុង បាន​មានប្រសាសន៍ថា​៖ក្រុម​ហ៊ុន ជីប ម៉ុង នឹង​បន្ត​រួមចំណែក​ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ក្នុង​ការកសាងសេដ្ឋកិច្ច​​មួយ​ឲ្យ​រឹង​មាំ​ បើ​ទោះ​បី​ស្ថិត​ក្នុង​អំឡុងពេល​ដែល​សេដ្ឋកិច្ចពិភពលោកកំពុង​​ប្រឈម​នឹង​​​​វិបត្តិ​​​ដោយ​សារ​វីរុស​​កូវីដ-១៩​ក៏​​ដោយ។

លោក Simon Dell អគ្គនាយករងជាន់ខ្ពស់ផ្នែក​សណ្ឋាគារនិងបដិសណ្ឋារកិច្ចនៃ​ក្រុមហ៊ុន ​ជីប​ ម៉ុង បាន​បញ្ជាក់ថា អគារ​ ជីប ម៉ុងថៅវើ​ត្រូវបានសាងសង់លើផ្ទៃដីទំហំ៨០០០ម៉ែត្រការ៉េ ដែល​មានតម្លៃ៥០លានដុល្លារ​និងតួអគារទាំងមូលដែលមានផ្ទៃជាង១០ម៉ឺនម៉ែត្រការ៉េត្រូវបាន​វិនិ​យោ​គ​ក្នុងទំហំទឹកប្រាក់ប្រមាណ១៥០លានដុល្លារនិងមាន​ចំនួន​៤៥​ជាន់។ក្នុងនោះ​២០ជាន់​ជា​សណ្ឋា​គារលំដាប់ផ្កាយបី Fairfield by Marriott Phnom Penh,១០ជាន់​សម្រាប់​ការិយា​ល័យ,៥ជាន់សម្រាប់មណ្ឌលផ្សារទំនើបជីបម៉ុង,៩ជាន់សម្រាប់ចំណត​រថយន្តនិងជាន់​ក្រោម​ដី​។

លោក Michael Vong នាយកផ្នែកមណ្ឌលផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល បាន​បញ្ជាក់​​ថាមណ្ឌល​ផ្សារទំនើប ជីប ម៉ុង ដែលនឹងមានវត្តមានក្នុងអគារ​ ជីប ម៉ុង ថៅវើ​ នឹងមាន​​ផលិត​​ផលផ្សេង​ៗ​ជា​ច្រើន​ ផ្សារ​ទំនើប​ ភោជនីយដ្ឋាន ហាងកាហ្វេ​​ និង​​ពាណិជ្ជកម្ម​​​យីហោ​ល្បី​ៗ​​ថ្មីៗ​ជា​ច្រើន​ទៀត​ ដែល​នឹង​ផ្ដល់​បទពិសោធន៍នៃ​ការទិញទំនិញបែបថ្មី​ និង​សម្បូរ​បែប​ជូន​ដល់​អតិថិជន​ផង​ដែរ៕សរន