ត្រឹមខែឧសភា ស្ពាន​ស្ទឹងត្រង់​-ក្រូចឆ្មារ សាងសង់បានជាង៨៧ % គ្រោងបញ្ចប់​នា​ខែមីនា ឆ្នាំក្រោយ

98
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា​​ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម)ទៅស្រុកក្រូចឆ្មារ​(ខេត្ត​ត្បូង​ឃ្មុំ)សម្រេចការសាងសង់បាន ៨៧,៥%។គម្រោងនឹង​រួចរាល់​មុន​កាលកំណត់គឺក្នុងខែមីនាឆ្នាំ២០២១(កាលកំណត់ក្នុង ខែឧសភា ឆ្នាំ​២០​២១)។តួស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូឆ្នាំ២០២០ខាងមុខ​នេះ។

ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់​ទំនង​ការ​ដឹក​ជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និង​ខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះ​ករនៅត្រើយខាងកើតនិងត្រើយ​ខាង​លិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។

សូមបញ្ជាក់ថាស្ពាននេះមានប្រវែងសរុប១.១៣១ មនិងទទឹង ១៣,​៥​០ ម ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន​កាល​ពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយគ្រោងចំណាយថវិកាសរុបជិត៥៧​លាន​​ដុល្លារសហរដ្ឋអាមេរិកនិង​ប្រើប្រាស់រយៈពេលសាងសង់​ចំនួន៤២​ខែ ។

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នេះមានទីតាំងឋិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុក​ស្ទឹងត្រង់ខេត្តកំពង់ចាមឆ្លងកាត់ទន្លេមេគង្គទៅ​ត្រើយ​ខាងកើតស្ថិតនៅភូមិ​ក្តុល​​លើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

គម្រោងស្ពាននេះសាងសង់ឡើងដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប(Shanghai Constru​c​tion Group)និងត្រួតពិនិត្យបច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេក​ទេស ក្វាងចូវវ៉ានអាន៕សរន