សារមន្ទីរ​ទាំង​៣​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បើកទ្វារ​ដំណើរការ​ឡើងវិញ​ចាប់ពី​ខែមិថុនា​តទៅ​

155
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​សារមន្ទីរ​ទាំង​៣​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បើកទ្វារ​ដំណើរការ​ឡើងវិញ​ហើយ​ចាប់ពី​ខែមិថុនា​តទៅ​បន្ទាប់ពី​បិទទ្វារ​មួយរយៈ​អំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោក​សេង​សុធា​រ៉ា​អនុប្រធាន​នាយក​អភិវឌ្ឍន៍​វប្បធម៌​សារមន្ទីរ​និង​បទដ្ឋាន​បេតិកភណ្ឌ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​

​លោក​សេង​សុធា​រ៉ា​អនុប្រធាន​នាយក​អភិវឌ្ឍន៍​វប្បធម៌​សារមន្ទីរ​និង​បទដ្ឋាន​បេតិកភណ្ឌ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយថា​ចាប់ពី​ថ្ងៃទី​២​ខែមិថុនា​ឆ្នៃ​២០២០​តទៅ​សារមន្ទីរ​ទាំង​៣​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ផ្តើម​បើកទ្វារ​ស្វាគមន៍​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ​ឡើងវិញ​បន្ទាប់ពី​បិទទ្វារ​មួយរយៈ​អំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​ការបើកទ្វារ​ឡើងវិញ​នេះ​គឺមាន​ការគិតគូរ​ខ្ពស់​ពី​សុវត្ថិភាព​ភ្ញៀវទេសចរ​ដែល​អញ្ជើញ​មក​ទស្សនា​។​

​លោក​សេង​សុធា​រ៉ា​បាន​បន្តថា​សារមន្ទីរ​ទាំង​៣​មាន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​,​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​និង​សារមន្ទីរ​កុលាលភាជន៍​ឡ​តានី​បាន​បំពាក់​ឧបករណ៍​វាស់​កម្ដៅ​ទឹក​អាល់កុល សម្រាប់​ត្រួតពិនិត្យ និង​ការគិតគូរ​ពី​សុវត្ថិភាព​មិនឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​លោក​បាន​បន្ថែមថា​ភ្ញៀវទេសចរ​ទាំងអស់​នឹង​តម្រូវឱ្យ​ស្ថិតនៅ​ចំណុច​គំលាត​២​ម៉ែត្រ​ពីគ្នា​ប្រសិនបើ​ការ​ទស្សនា​នោះ​មាន​ចំនួន​ច្រើន​អំឡុងពេល​ចូល​ទស្សនា​ក្នុង​សារមន្ទីរ​។​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បន្ត​ការបើកទ្វារ​ទស្សនា​ដោយ​ឥតគិតថ្លៃ​ដើម្បី​អបអរ​ខួប​២៥​ឆ្នាំ​ថ្ងៃ​បង្កើត​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ការប្រកាស​នេះ​ចាប់ផ្តើម​ពី​ដើមខែ​មីនាឆ្នាំ​២០២០​រហូតដល់​ចុងខែ​មករា​ឆ្នាំ​២០២១​។​ក្នុង​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ដ្រ​វប្បធម៌​អារ្យធម៌​ទំនៀមទម្លាប់​ប្រពៃណី​ដល់​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាស្ដ្រ​បានដឹង​ពី​កម្ពុជា​។​

អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌​សារមន្ទីរ​និង​បទដ្ឋាន​បេតិកភណ្ឌ​បាន​អំពាវនាវ​ដល់​សាធារណជន​ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​និង​អន្ដរជាតិ​សូម​អញ្ជើញ​មក​ទស្សនា​សារមន្ទីរ​ទាំ​ង​៣​របស់​អាជ្ញាធរ​ជាតិ​អប្សរា​គឺ​សារមន្ទីរ​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការទទួល​ស្វាគមន៍​ទេសចរ​គ្រប់​ជាតិ​សាសន៍​អំឡុងពេល​មាន​ជំងឺ​កូ​វីដ​១៩​នេះ​។​ការការពារ​នេះ​គឺ​ដើម្បី​ធានា​សុវត្ថិភាព​ទាំង​ទេសចរ​និង​បុគ្គលិក​របស់​សារមន្ទីរ ធ្វើយ៉ាងណា​ធានា​ឱ្យបាន​ពី​សុវត្ថិភាព​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​គួរ​បញ្ជាក់ថា សារមន្ទីរ​ព្រះ​ន​រោ​ត្ដម​សីហនុ​-​អង្គរ​និង​សារមន្ទីរ​កុលាលភាជន៍​ឡ​តានី​បើកទ្វារ​ពីថ្ងៃ​អង្គារ ដល់​ថ្ងៃអាទិត្យ ចំណែក​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បើកទ្វារ​ពីថ្ងៃ​ពុធ ដល់​ថ្ងៃ​ចន្ទ​៕S/

​រូបភាព​:​សារមន្ទីរ​ទាំង​៣​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បើកទ្វារ​ដំណើរការ​ឡើងវិញ​ចាប់ពី​ខែមិថុនា​តទៅ​៕​អប្សរា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ