ប្រតិ​កម្មៈ​សកម្មភាព​ទាមទារ​ឱ្យមាន​ការសង្គ្រោះ​តំបន់​កោះកុង​ក្រៅ​គ្រាន់​ជា​លេស​បិទបាំង​នូវ​ឧបាយកល​នយោបាយ

148
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​នៅ​ល្ងាច​ថ្ងៃទី​៣​ខែមិថុនា​នេះ​ក្រសួងបរិស្ថាន​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដោយបាន​ហៅ​សកម្មភាព​របស់​ក្រុម​ជន​មួយចំនួន​តូច​ដែល​ចេញមក​សម្តែង ធ្វើជា​អ្នកការពារ​បរិស្ថាន ដោយ​បានធ្វើ​សកម្មភាព​ទាមទារ​ឱ្យមាន​ការសង្គ្រោះ​តំបន់​កោះកុង​ក្រៅ នៃ​​ខេត្តកោះកុង ឱ្យ​ដាក់​ជា​តំបន់​ការពារ​នោះគឺ​​គ្រាន់តែ​ជា​លេស ដើម្បី​បិទបាំង​នូវ​ឧបាយកល​នយោបាយ​​ទុច្ចរិត​ដែល​ស្ថិតក្រោម​ការរៀបចំ​មួយ​ដ៏​ច្បាស់លាស់​ប៉ុណ្ណោះ​។​

​ក្នុង​សេចក្តីប្រកាស​ដដែល​នេះ​ក្រសួង​បរិ​ស្ថានប​ញ្ជា​ក់ថា ទោះបីជា​គ្មាន​យុទ្ធនាការ ឬ​ការទាមទារ​ណាមួយ​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​ការពារ​និង​អភិរក្ស​​តំបន់​កោះកុង​ក្រៅ​នេះ ដោយបាន​បញ្ជូន​ក្រុមមន្ត្រី​ជំនាញ បានធ្វើ​ការសិក្សា​ស្រាវជ្រាវ រៀបចំ​ឯកសារ និង​ទិន្នន័យ​ផ្សេងៗ​ទាក់ទង​នឹង​តំបន់​កោះកុង​ក្រៅ​នេះ តាំងពី​ឆ្នាំ ២០១៦ មកម្ល៉េះ ដើម្បី​ដាក់​តំបន់​នេះ ជា​«​ឧទ្យាន​ជាតិ​សមុទ្រ​»​ព្រោះ​តំបន់​នេះ​សម្បូរ​ដោយ​សក្តានុពល​ផ្នែក​ធនធានធម្មជាតិ និង​ជីវៈចម្រុះ និង​មាន​ឆ្នេរ​ខ្សាច់​ល្អ​ស្រស់ស្អាត ដែល​ត្រូវការពារ​និង​អភិរក្ស​។ នៅក្នុង​គម្រោង​ផែនការ ក្រសួង បរិស្ថាន​​រំពឹងថា​នឹង​អាច​ប្រកាស​តំបន់​កោះកុង​ក្រៅ​នេះ​ជា​«​ឧទ្យាន​ជាតិ​សមុទ្រ​»​អំឡុង​ឆ្នាំ ២០២១ ខាងមុខនេះ ក្រោយ​ការបញ្ចប់​ការសិក្សា​រួចរាល់​។​

​សេចក្តីប្រកាស​បានបញ្ចប់​ដោយ​ការ​បញ្ជាក់ថា​ក្រសួងបរិស្ថាន សង្ឃឹមថា​ក្រុម​ជន​មួយចំនួន​តូច​នេះ នឹង​យល់ដឹង​កាន់តែច្បាស់ ហើយ​ខិតខំ​
​រៀនធ្វើការ​រួមគ្នា​ប្រកបដោយ​ភាពស្មោះត្រង់​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធាន ធម្មជាតិ ហើយ​ជៀសវាង​ការបង្កើត​ឆាកល្ខោន​សម្តែង​និង​ធ្វើ​អាជីវកម្ម​ដើម្បី​កេងចំណេញ​នយោបាយ​៕ សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ