គណបក្ស​ខ្មែរ​រួបរួម​ជាតិ​គាំទ្រ​រាជរដ្ឋាភិបាល​ទម្លាក់​ថ​វិកា​ជួយ​ពល​រង​ផលប៉ះពាល់​ពី​កូ​វីដ​-១៩

155
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ញឹក​ប៊ុនឆៃ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​ទម្លាក់​ថវិកា​ជួយ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក​រង​ផលប៉ះពាល់​ខ្លាំង​ពី​ជំងឺ​កូ​វីដ​១៩ ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជាង​៥​ខែ​មកនេះ​។ ពីព្រោះ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ គឺមាន​អ្នកខ្លះ​ធ្វើការ​ជា​កម្មករ ហើយដោយ​សារ​ជំងឺ​កូ​វីដ​១៩ វា​ធ្វើឱ្យប៉ះពាល់​ដល់​ចំណូល​។

​លោក​បន្តថា​ការគិតគូរ​របស់​រាជ​រដ្ឋាភិបាល​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ខ្ញុំ​គាំទ្រ​ចំណាត់ការ​នេះ​ទាំងស្រុង​។​បើទោះបីជា​មិនបាន​ជួយ​ទាំងស្រុង​ក៏​វា​ជួយ​ផ្នែក​ណាមួយ​ដែរ​ពីព្រោះ​វា​ប៉ះពាល់​ធំ​ដែរ​។​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​

​លោក​ញឹក​ប៊ុនឆៃ​បាន​បន្តថា​បន្ទាប់ពី​មាន​ជំងឺ​កូ​វីដ​១៩​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​១០​លាន​រៀល​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​។​នៅពេល​ខាងមុខនេះ​លោក​នឹង​ជួយ​ថវិកា​ខ្លះទៀត​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​។​យើង​រួមទាំង​គ្នា​ជួយ​ដោះស្រាយ​ទាំងអស់គ្នា​ចំពោះ​បញ្ហា​ប្រឈម​។

​នៅពេល​ចុះ​មូលដ្ឋាន​លោក​ក៏បាន​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​“​ជារួម​ខ្ញុំ​នឹង​រួមចំណែក​គ្រប់បែបយ៉ាង​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រទេសជាតិ​ប្រជាជន​យើង​បាន​ឆ្លង​នូវ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ។​ជំងឺ​នេះ​ក៏​មិនអាច​ចប់​ក្នុង​រយៈពេល​ខ្លី​ទេ​ប្រហែលជា​ត្រូវ​អូសបន្លាយ​ពេល​វែង​ដែរ​ហើយ​បញ្ហាសំខាន់​យើង​ជា​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវគោរព​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ”​។​

គួរ​បញ្ជាក់ថា​គិតដល់​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​ក្រសួងផែនការ​បានរ​ក​ឃើញ​ប្រជាពលរដ្ឋ​ចំនួន​៥៦​ម៉ឺន​គ្រួសារ​ស្មើនឹង​ជាង​២​លាន​នាក់​ដែលមាន​ជីវភាព​លំបាក​រង​ផលប៉ះពាល់​ខ្លាំង​ពី​ជំងឺ​កូ​វីដ​១៩​ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជាង​៥​ខែ​មកនេះ​។​ក្រសួងផែនការ​នៅតែ​បន្ត​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពិតប្រាកដ​នៅ​ទូទាំងប្រទេស​។​ដើម្បី​ទទួល​បានការ​គាំពារ​ដល់​ជីវភាព​របស់​ពួកគេ​ដែល​កំពុង​ជួប​ការខ្វះខាត​នេះ​ពី​រាជរដ្ឋាភិបាល​។​

​ក្នុង​ដំណើរ​ការចុះ​ស្រង់​អត្តសញ្ញាណ​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ក្រសួង​បាន​រកឃើញ​មាន​ចំនួន​ប្រមាណ​៥៦២.៦៨៦​គ្រួសារ​គិត​ជា​ចំនួន​មនុស្ស​មាន​ប្រមាណ​ជាង​២​លាន​៣​សែន​នាក់​ទូទាំងប្រទេស​កម្ពុជា​៕S/
​ ​
​ ​រូបថត​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​រូប​ថ​តៈ មុនី​រ័ត្ន​)

ទីតាំងផ្សាយពាណិជ្ជកម្ម