​រថយន្ត​ដឹកទំនិញ​ចេញចូល​ច្រកព្រំដែន​ប៉ោយប៉ែត​វិល​មក​ធម្មតា​

109
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​រថយន្ត​ដឹកទំនិញ​ចេញចូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខ្លង​លឹក​វិល​មក​ធម្មតា​វិញ​ហើយ​។​ខណៈពេលដែល​មន្ត្រី​អាជ្ញាធរ​កងកម្លាំង​ចម្រុះ​នៃ​គណៈបញ្ជាការ​កងឯកភាព​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​បង្ការ​រ​ទប់ស្កាត់បាន​ទាំងស្រុង​នូវ​គម្រោង​បាតុកម្ម​ចូល​៣​ថ្ងៃ​ជាប់ៗ​គ្នា​មកទល់​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០ ។​

​យោង​របាយការណ៍​នៃ​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បានដឹង​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០២០​ថា​៖​ជារួម​ទំនិញ​ចម្រុះ​របស់​ថៃ​នាំ​ចូលមក​កម្ពុជា​តាម​ច្រក​នេះ​អាច​នាំឱ្យ​ប្រមូល​ចំណូល​ពន្ធគយ​បានគិត​ជា​ប្រាក់​ដុល្លារ​បាន​ពី​៧០​ម៉ឺន​ទៅ​១,៤ លាន​ដុល្លារ​/១​ថ្ងៃ ៗ ។​

​កាលបរិច្ឆេត​ពីថ្ងៃ​ទី​១​ដល់​៣​ខែមិថុនា​ឆ្នាំ​២០២០​ជា​ពេលដែល​លោក​ឌិន​ពុ​ទ្ធី​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ជូនដំណឹង​ថា​នឹងធ្វើ​បាតុកម្ម​ប្រមាណ​១.៥០០​នាក់​ឡើងទៅ​ដើម្បី​ស្នើ​បើក​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត​សម្រាប់​រទេះអូស​ដឹកទំនិញ​និង​មនុស្ស​ចេញចូល​ផ្សារ​រោង​ក្លឿ​។​ពុំ​នោះទេ​សូម​បិទ​កុំឱ្យ​រថយន្ត​ដឹកទំនិញ​ថៃ​ចូលមក​កម្ពុជា​នោះ​ឃើញថា​រថយន្ត​ធុន​ធ្ងន់​បាន​មមាញឹក​ឡើងវិញ​នូវ​ការដឹក​ទំនិញ​ចម្រុះ​ចូលមក​កម្ពុជា​។​ក្នុងនោះ​ចំណូល​ពន្ធគយ​ក៏បាន​ក្នុង​មធ្យមភាគ​ដូចខាងលើ ។​

​ដោយឡែក​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ក្រុមការងារ​តាមដាន​ក្តាប់​សភាពការណ៍​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹង​នា​ល្ងាច​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​ថា​៖​អ្វីដែល​បាតុករ​គ្រោង​ធ្វើបាតុកម្ម​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ថ្ងៃទី​១​ខែមិថុនា​ហើយ​ព្រមាន​ថា​នឹងធ្វើ​នៅ​ថ្ងៃ​បន្តបន្ទាប់​នោះ​ត្រូវបាន​មន្ត្រី​និង​កងកម្លាំង​បង្ការ​ទប់ស្កាត់បាន​ទាំងស្រុង​។​កម្លាំងចម្រុះ​ដែល​ដឹកនាំ​អន្តរាគមន៍​ដ៏​ច្រើន​បញ្ជូន​ពី​ខេត្ត​ទៅ​ក៏បាន​ដកថយ​មកវិញ​តាំងពី​ថ្ងៃទី​២​មិថុនា​៕S/

​រូបថត​៖​រថយន្ត​ដឹកទំនិញ​ចេញចូល​ច្រកព្រំដែន​ប៉ោយប៉ែត​វិល​មក​ធម្មតា​ខណៈ​ការទប់ស្កាត់​បាន​ទាំងស្រុង​នូវ​បាតុកម្ម​៣​ថ្ងៃ​មកហើយ (​រូប​៖ ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ