ប្រមុខការទូតកម្ពុជា “មិនឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសរណប ឬក៏ខ្ញុំរបស់អ្នកណា នោះទេ”

159
ចែករម្លែក
ប្រមុខការទូតកម្ពុជា “មិនឲ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសរណប ឬក៏ខ្ញុំរបស់អ្នកណានោះទេ”

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានធ្វើការណែនាំដល់ឯកអគ្គរាជទូតកម្ពុជាទាំងអស់ត្រូវយកចិត្តទុកដាក់ការពារផលប្រយោជន៍គ្រឹះរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យបានគង់វង់ល្អ ពោលគឺការពារបូរណភាពទឹកដី មិនឲ្យគេរំលោភបំពាន ទន្រ្ទានកាន់កាប់ ប្រើប្រាស់ខុសច្បាប់ ការពារអធិបតេយ្យ ឯករាជ្យ កិត្យានុភាពកិត្តិយសជាតិ កុំឲ្យគេរំលោភបំពាន មើលងាយជាដាច់ខាត។ សកម្មចេញមុខ បកស្រាយការពារនយោបាយរាជរដ្ឋាភិបាល ការពិតនៅកម្ពុជា បកអាក្រាតការមួលបង្កាច់ បង្ខូចកិត្តិនាមប្រទេសកម្ពុជា។

  ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គតម្រង់ទិសសម្រាប់ឯកអគ្គរាជទូត អគ្គកុងស៊ុល សហព័ទ្ធនៅវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។

  ប្រមុខការទូតកម្ពុជាបានសង្កត់ធ្ងន់ថា “ការពារឯករាជ្យនៃប្រទេសយើង  គឺមិនឲ្យប្រទេសយើងក្លាយទៅជាប្រទេសរណប ឬក៏ខ្ញុំរបស់អ្នកណានោះទេ។ ការពារអធិបតេយ្យភាព គឺបានន័យថាការពាររក្សានូវសិទ្ធិសម្រេចរបស់យើង ជារដ្ឋអធិបតេយ្យ មិនបាច់ឲ្យអ្នកណាមកចង្អុលបង្ហាញថាឲ្យធ្វើនេះធ្វើនោះទេ គឺរក្សាសិទ្ធិដូចគ្នា សិទ្ធិអធិបតេយ្យដូចគ្នា ដូចប្រទេសនានាផ្សេងៗទៀតដែលគេមាន។ យើងដឹងច្បាស់ហើយពាក់ព័ន្ធនឹងបញ្ហា EBA ទោះជាត្រូវ EU ចាប់បង្ខំយ៉ាងណាក៏ដោយ គឺយើងប្រកាសហើយដាច់ខាត គឺយើងមិនដោះដូរអធិបតេយ្យជាតិរបស់កម្ពុជាជាមួយនឹងជំនួយ ឬក៏លក្ខខណ្ឌអនុគ្រោះណាខាងផ្នែកពាណិជ្ជកម្មនោះទេ”។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្តល់ជូននូវការណែនាំ និងចែករំលែកបទពិសោធន៍មួយចំនួនថែមទៀតដូចតទៅ៖ ទី១. អំពីគោលការណ៍ការងារទូទៅគឺត្រូវផ្អែកលើការងារធំៗទាំង៥ដែលក្រសួងបានដាក់ចេញហើយដែលត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីគាំទ្រ ណែនាំបន្ថែមក្នុងឱកាសបិទសន្និបាតកាលពីដើមឆ្នាំនេះ។ ក្នុងនោះយកចិត្តទុកដាក់ការពារផលប្រយោជន៍គ្រឹះរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋយើងឲ្យបានគង់វង់ល្អ ពោលគឺការពារបូរណភាពទឹកដី មិនឲ្យគេរំលោភបំពាន ទន្រ្ទានកាន់កាប់ ប្រើប្រាស់ខុសច្បាប់ ការពារអធិបតេយ្យ ឯករាជ្យ កិត្យានុភាពកិត្តិយសជាតិ កុំឲ្យគេរំលោភបំពាន មើលងាយជាដាច់ខាត។ សកម្មចេញមុខ បកស្រាយការពារនយោបាយរាជរដ្ឋាភិបាល ការពិតនៅកម្ពុជា បកអាក្រាតការមួលបង្កាច់ បង្ខូចកិត្តិនាមយើង។ការពារសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់ របៀបរៀបរយផ្ទៃក្នុងប្រទេស តាមរយៈការតស៊ូប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងរុញច្រានឲ្យប្រទេសជាតិយើងធ្លាក់ក្នុងសង្រ្គាមសារជាថ្មី ប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាជនម្ចាស់ឆ្នោតដ៏ច្រើនលើសលប់ កសាងទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ អ្នកនយោបាយ អ្នកមានឥទ្ធិពលនៅក្នុងប្រទេសម្ចាស់ផ្ទះ និងកសាងទំនាក់ទំនងស្និទ្ធស្នាលជាមួយពលរដ្ឋដែលរស់នៅ ធ្វើការ ប្រកបរបររកស៊ី និងជួយយកអាសារពលរដ្ឋយើងដែលជួបការលំបាកនៅទីនោះ។ ទី២. ជួយរួមវិភាគទាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តន៍ការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។គ្មានប្រទេសណាអាចទទួលជោគជ័យបាននោះទេ បើប្រសិនមិនយកបញ្ហាសេដ្ឋកិច្ចធ្វើជាស្នូលធ្វើជារបៀបវារៈទី១របស់ខ្លួននោះ។ ស្ថានទូត ស្ថានបេសកកម្មរបស់យើងមានភារកិច្ចជួយលើកស្ទួយកម្ពុជាឲ្យក្លាយជាគោលដៅពេញនិយមសំរាប់ការបោះទុនវិនិយោគ និងធ្វើទេសចរណ៍ផ្សព្វផ្សាយផលិតផលកម្ពុជា វប្បធម៌ប្រវត្តិសាស្រ្ត ទំនៀមទំលាប់ខ្មែរឲ្យបានទូលាយ។ ទី៣. គ្រប់គ្រងឲ្យបានល្អស្ថានបេសកកម្ម៖ ស្ថានបេសកកម្មយើងមិនធំទេ មន្ត្រីបុគ្គលិកក៏មិនច្រើនដែរប៉ុន្តែការងារនៅទីនោះ គឺជាការងារដែលមានលក្ខណៈពហុវិស័យចំរុះបែប។ ដោយហេតុនេះទាមទារឲ្យប្រធានស្ថានបេសកកម្មមានភាពជាអ្នកដឹកនាំខ្ពស់ មានវិន័យ និងសីលវិធី ច្បាស់លាស់ក្នុងការគ្រប់គ្រងចាត់ចែងការងារនិងរស់នៅដោយសុខដុមជាមួយមន្ត្រី បុគ្គលិកក្រោមឱវាទ។ 

ប្រមុខការទូតកម្ពុជាបានលើកទឹកចិត្តវិទ្យាស្ថានជាតិយើងដែលឥឡូវនេះ មានប្រធាន និងអនុប្រធានថ្មី ជាអ្នកមានបទពិសោធន៍ ចំណេះដឹង និងភាពប៉ិនប្រសព្វខាងស្រាវជ្រាវ ការគ្រប់គ្រងនិងអនុវត្តគំរោង សូមបន្តខិតខំសម្រួចបន្ថែមនូវវគ្គបំប៉នសម្រាប់មន្រ្តីការទូត និងមន្រ្តីស្ថាប័នផ្សេងដែលមានតម្រូវការខាងជំនាញការទូត និងរិះរកវិធីសាស្រ្តគរុកោសល្យក្នុងការធ្វើឲ្យការបណ្តុះបណ្តាល បំពាក់បំប៉នកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតម្រូវការជាក់ស្តែងនៃធនធានមនុស្សក្នុងបរិការបច្ចុប្បន្ន។ ជាមួយគ្នានេះដែរ វិទ្យាស្ថានត្រូវធ្វើការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីឲ្យការបណ្តុះ      បណ្តាលតាមទាន់ការវិវត្តន៍នៃសភាពការណ៍ក្នុងតំបន់ និងសកលលោកដែលកំពុងឈានដល់ Diplomacy 4.0 ឬអ្នកការទូតសម័យឌីជីថល៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ