តែងតាំងឯកអគ្គរាជទូតកម្ពុជាទៅកាន់នៅបណ្តាប្រទេសនានា

127
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ឯកអគ្គរាជទូតកម្ពុជាដែលទើបតែងតំាងទៅកាន់នៅបណ្តាប្រទេសនានាចំនួន៩។

រាជទូតទាំង៩មានៈ១- លោក កាន់ ផារិទ្ធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស ។២- លោក តាន់ វុដ្ឋា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋស៊ែប៊ី ។៣. លោក មាស គឹមហេង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី ។៤- លោក កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ។៥- លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។៦- លោក សៀង ប៊ុនវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ ៧- លោកស្រី ផែន សាវនី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។៨- លោកអុីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី ។៩- លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសិង្ហបុរី។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងក្នុងពិធីបិទវគ្គតម្រង់ទិសសម្រាប់ឯកអគ្គរាជទូត និងមន្ត្រីការទូតកាលពីព្រឹកថ្ងៃទី៣ ខែមិថុនាថា នៅពេលស្ថានភាពប្រយុទ្ធប្រឆាំងកូវីដ១៩ ធូរស្រាលដល់កម្រិតដែលនឹងអនុញ្ញាតឱ្យការធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយបាននោះ ឯកអគ្គរាជទូត អគ្គរាជទូត ទីប្រឹក្សា អគ្គកុងស៊ុល និងមន្ត្រីនានារបស់យើង នឹងទៅកាន់តំណែងថ្មីរបស់ខ្លួននៅតាមស្ថានតំណាងនានា ក្នុងនោះមានប៉ុស្តិ៍សំខាន់ៗដូចជាប៉ារីស ឡុងដ៍ ញូយ៉ក អង់ការ៉ា ចាការតា និងវៀងចន្ទន៍ ជាដើម។

ដំណើរការជ្រើសរើសតែងតាំងនេះក៏ជាផ្នែកមួយទៀតនៃកំណែទម្រង់ផ្ទៃក្នុងរបស់ក្រសួងដែរដើម្បីធានាតម្លាភាព និងសមធម៌នៅក្នុងប្រព័ន្ធលើកទឹកចិត្ត និងវិន័យមន្ត្រីរាជការយើង ក៏ដូចជាធានាប្រសិទ្ធភាពការងាររបស់ក្រសួង និងស្ថានតំណាងនៅក្រៅប្រទេស។ និតិវិធីក្នុងការជ្រើសរើស ត្រូវបានធានាដោយយន្តការត្រួតពិនិត្យ វាយតម្លៃដោយ​យកគុណសម្បត្តិ និងសមត្ថភាព ជាលក្ខណៈចម្បង។ ពិតហើយ មានលក្ខណសម្បត្តិផ្សេងទៀតដែលសំខាន់ដែរ ដូចជាអតីតភាព ភាពឧស្សាហ៍ព្យាយាម ស្វាមីភ័ក្តិចំពោះជាតិមាតុភូមិ ។ល។.. ប៉ុន្តែលក្ខណសម្បត្តិទាំងនោះ ត្រូវតែយកមកគួបផ្សំគ្នា ដើម្បីធានាថាមន្ត្រីដែលយើងសម្រេចបញ្ជូនទៅបំពេញបេសកកម្មនៅក្រៅប្រទេស ជាជម្រើសប្រសើរបំផុតរបស់យើង៕សរន/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ