អាម៉េរិក​កាន់តែ​បន្ថែម​ជម្លោះ ដោយ​មិន​អនុញ្ញាត​ឲ្យយន្តហោះ​ចិន​ចូល​

294
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​ទី​៣​មិថុនា​​ បាន​បញ្ជា​ឲ្យ​ផ្អាក​ការហោះហើរ​របស់​យន្តហោះ​ចិន​ទាំង​អស់ ទាំង​ចូល​និង​ចេញ​ពី​សហរដ្ឋ​អាម៉េរិក​ ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​អនុញ្ញាត​​ឲ្យ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​អាម៉េរិក​បន្ត​សេវា​មកកាន់​ចិន​ឡើងវិញ​។​

​ចំណាត់ការ​នេះ​បន្ថែម​ការបែកបាក់​ដែល​កំពុង​មាន​ស្រាប់​រវាង​មហាអំណាច​ទាំង​ពីរ​ចំពេល​មាន​វិបត្តិ​កូរ៉ូណា និង​ក្រោយ​សង្គ្រាម​ពាណិជ្ជកម្ម​អស់​ពេល​២​ឆ្នាំ​ដែល​នៅ​មិនទាន់​ត្រូវបាន​ដោះស្រាយ​ចប់​សព្វ​​គ្រប់​នៅឡើយ​។​

​ការផ្អាក​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​១៦​មិថុនា តែ​អាច​ត្រូវបាន​អនុវត្ត​លឿន​ជាង​នេះ ប្រសិន​បើ​ប្រធានាធិបតី​អាម៉េរិក​បញ្ជា​ឲ្យ​ធ្វើ​វា នេះ​បើ​តាម​ការអះអាង​របស់​ក្រសួង​គមនាគមន៍​អាម៉េរិក​។​

​ការផ្អាក​នេះ​នឹង​ត្រូវ​អនុវត្ត​លើ​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​ចិន​ចំនួន​៧ ទោះជា​យ៉ាងណា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​តែ​៤​កំពុង​ដំណើរការ​ហោះហើ​រ​មកកាន់​បណ្តា​ទីក្រុង​អាម៉េរិក រួមមាន​Air China​និង China Eastern Airlines​។​

​ក្រសួង​គមនាគមន៍​បាន​និយាយថា «​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​អាម៉េរិក​បាន​ស្នើសុំ​បន្ត​សេវា​ដឹក​អ្នកដំណើរ ចាប់ពី​ថ្ងៃ​០១​មិថុនា តែ​រដ្ឋាភិបាល​ចិន​មិន​អនុញ្ញាត​ដែល​ជា​ការរំលោភ​កិច្ចព្រមព្រៀង​គ​មនា​​គ​មន៍​ផ្លូវអាកាស​របស់​យើង​»​។​

​សូមបញ្ជាក់​ថា បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​អាម៉េរិក​បាន​កាត់បន្ថយ ឬ​ផ្អាក​សេវា​មកកាន់​ចិន ចំ​ពេល​មាន​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​ក្រុមហ៊ុន​United Airlines និង Delta Air Lines​បាន​សុំ​ចាប់ផ្តើម​​ហោះហើរ​វិញ​ចាប់ពី​ខែ​ឧសភា តែ​ចិន​មិន​អនុញ្ញាត​។​

​ជម្លោះ​អំពី​ការធ្វើដំណើរ​ផ្លូវអាកាស​នេះ​កើតឡើង​ក្រោយ​ពី​អាម៉េរិក​ដាក់​ការ​រឹតត្បិត​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ហួរ​វ៉េ និង​បញ្ជា​ឲ្យ​ស៊ើបអង្កេត​អំពើ​របស់​បណ្តា​ក្រុមហ៊ុន​ចិន​ដែល​ចុះបញ្ជី​ក្នុង​ទីផ្សារ​ហិរញ្ញ​​វត្ថុ​អាម៉េរិក​។​

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ក៏​ចោទប្រកាន់​ចិន​ចំពោះ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក ​ហើយ​កាលពី​សប្តាហ៍​មុន​បាន​វាយប្រហារ​ចិន​ចំពោះ​ផែនការ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

យន្តហោះ​ចិន​នឹង​ត្រូវ​ហាម​ចូល​អាម៉េរិក​ចាប់ពី​ថ្ងៃ​១៦​មិថុនា​តទៅ ដោយសារ​តែ​ចិន​មិន​ទាន់​អនុញ្ញាត​ឲ្យ​យន្តហោះ​អាម៉េរិក​ចូល​ដោយសារ​អាម៉េរិក​នៅ​ផ្ទុះ​ជំងឺឆ្លង​ខ្លាំងក្លា​នៅឡើយ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ