ភិក្ខុ លួន សុវ៉ាត ត្រូវបាន ប្រកាសផ្សឹកពីបទមាតុគ្រាម ក្រោយពីបែកធ្លាយ វីដេអូនិយាយរឿង រួមភេទ

198
ចែករម្លែក
ភិក្ខុ លួន សុវ៉ាត ត្រូវបានប្រកាសផ្សឹកពីបទមាតុគ្រាម ក្រោយពីបែកធ្លាយវីដេអូនិយាយរឿងរួមភេទ

ដោយៈគូលែន,ឆាយឆនាថ/សៀមរាបៈ ភិក្ខុ កួន សុវ៉ាត សព្វថ្ងៃគង់មិនអចិន្រៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានថេរសភាខេត្តសៀមរាប ចេញប្រកាសផ្សឹកដោយព្រះអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២០ ត្រង់អាបត្តិបរាជិក។

    ព្រះអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប បានមានសង្ឃដីកាថា ដោយយោងកំណត់ហេតុអង្គប្រជុំថេរសភាខេត្តសៀមរាបលេខ៤០/២០ ថសខ.សរ ចុះថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២០ និងយោងតាមសិក្ខាបទភិក្ខុ២២៧ ត្រង់អាបត្តិបរាជិក សម្រេចប្រកាសផ្សឹកភិក្ខុ លួន សុវ៉ាត គង់មិនអចិន្ត្រៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញពីភេទបព្វជិតចាប់ពីថ្ងៃចេញសង្ឃសម្រេចនេះតទៅ។

    ព្រះមេគណខេត្តសៀមរាប បានមានសង្ឃដីកាបន្តថា អង្គប្រជុំថេរសភាខេត្តបានស្តាប់វីដេអូសារសំលេងសន្ទនារៀបរាប់ពីសេចក្តីស្នេហាយ៉ាងស៊ីជំរៅរវាងភិក្ខុ លួន សុវ៉ាត ជាមួយស្ត្រីជាម្តាយនិងកូនស្រី ព្រមទាំងបានស្តាប់ការបំភ្លឺរបស់កូនស្រីមួយរូប អង្គប្រជុំសន្មតថា ភិក្ខុរូបនេះពិតជាបានសេពមេថុនធម្ម(មាតុគ្រាម)ជាមួយស្ត្រីភេទពិតប្រាកដមែន។

    ព្រះមេគណខេត្ត បានមានសង្ឃដីកាបញ្ជាក់ថា តាមព្រះវិន័យចែងក្នុងសិក្ខាបទត្រង់អាបត្តិបរាជិក(សេពមេថុនធម្ម)ណាបានប្រព្រឹត្តធ្វើអោយកន្លង ត្រូវតែចាកចេញពីភិក្ខុភាវ:។ក្រោយពីថ្ងៃចេញសង្ឃសម្រេចនេះ បើឈ្មោះ លួន សុវ៉ាត នៅតែបន្តគ្រងស្បង់ចីវរជាបព្វដូចអ្នកបួសក្នុងព្រះពុទ្ធសាសនា ចាត់ទុកថាបុគ្គលនេះប្រព្រឹត្តក្លែងភេទ សូមព្រះមេគណរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចាតើវិធានការតាមច្បាប់ជាធរមាន។

   តាមសមត្ថកិច្ចស្រុកជីក្រែងបានបញ្ជាក់ថា ភិក្ខុ លួន សុវ៉ាត បានចាកចេញពីវត្តស្លែង តាំងពីថ្ងៃទី២៩ ខែឧសភា ក្រោយពីបែកធ្លាយវីដេអូមកម្លេះ ហើយសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរក និងឃាត់ខ្លួនភិក្ខុ លួន សុវ៉ាតផងដែរ៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ