បក្ខសម្ព័ន្ធ​, បក្ខ​, បាតុភូត​, បាតុកម្ម​, ពោធិ៍សាត់​, ពិព័រណ៍​, ពពក​, ពិស្ណុការ​

224
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

បក្ខសម្ព័ន្ធ ប៉ាក់​-​សំ​-​ព័ន បា​. ឬ សំ​. ក្ល​. ( ន​. ) ការ​ចងបាច់​គ្នា​ជា​ពួក​ជា​ក្រុម ដើម្បី​ពង្រឹងកម្លាំង ឲ្យ​បាន​រឹងប៉ឹង​មុតមាំ​; ពួក​មនុស្ស​ឬ​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​ជា​ពួក​ដើម្បី​ប្រឆាំង​ទប់ទល់ នឹង​ខ្មាំងសត្រូវ : ប្រទេស​នេះ​មាន​បក្ខសម្ព័ន្ធ​ដ៏​រឹងប៉ឹង​ណាស់​សត្រូវ​មិនអាច​នឹង​ចូលលុកលុយ ជិះជាន់​បាន​តាម​អំពើ​ចិត្ត​ទេ ។ (​បារ​. Clanligue) ។ បក្សសម្ព័ន្ធ​

បក្ខ ប៉័ក ដូចគ្នា​ទាំងពីរ បា​. ឬ សំ​. ( ន​. ) (​ចំណែក​, ប៉ែក​; ចំណែក​ខែ (​កន្លះ​ខែ​); ចំអេងស្លាប​; ពួក ។​ល​។ ច្រើន​និយាយថា បក្ខពួក ឬ ពួក​បក្ខ ឬថា ស្ម័គ្រ​បក្ខពួក​។ គណ បក្ខ ឬ គណបក្ស (​គណៈ “​ពួក​, គ្នា​, គ្នីគ្នា​” + បក្ខ ឬ បក្ស “​ប៉ែក​, ប៉ែក​ខាង​”) ជា​ពាក្យ​ផ្សំ​ដោយ​សន្មតិ​ប្រើ​, មាន អត្ថន័យ​ថា ពួក​មាន​គ្នាច្រើន ឬថា ពួក​ទីទៃ​ពីគ្នា​; ប្រើ​ជា គណ​ព័គ្គ ក៏បាន (​មកពី គណៈ និង វគ្គ​, ។

បាតុភូត ប៉ា​- បា​. ( ន​. ) (​បា​តុ + ភូត​) ហេតុដែល​កើតមានឡើង​យ៉ាង​ប្រា​ដក​ជាក់ស្ដែង ។ ហេតុដែល​បណ្ដាល​ឡើង​ឯងៗ​ដោយ​ធម្មជាតិ ហើយ​ដែល​គួរ​ឲ្យ​ចង់​មើល​ចង់​ត្រិះរិះ​ពិចារណា មើល ដូច​ជាការ​កក្រើក​ផែនដី​ជាដើម​; សត្វ​, មនុស្ស​ឬ​វត្ថុ​ផ្សេងៗ​ដែលមាន​អាការ​ណាមួយ​ចម្លែក អស្ចារ្យ​ខុសពី​ធម្មតា : ផ្កាយដុះកន្ទុយ​ជា​បាតុភូត​មួយ​ក្នុង​សកលលោក ។

បាតុកម្ម ប៉ា​– បា​. ( ន​. ) (​បា​តុ + កម្ម​) អំពើ​ជាក់ស្ដែង​, ការធ្វើ​ឲ្យ​ដឹង​ឬ​ឲ្យ​ឃើញ​ប្រា​ដក​; ការលើក​គ្នា​ដើរ​ដង្ហែ​ជា​ក្បួន​ដើម្បី​សម្ដែង​សេចក្ដី​មិន​ពេញចិត្ត​ចំពោះ​អំពើ​អ្វី​នីមួយ ឬ​ទទូច​សុំ ស្រុះគ្នា​ឲ្យ​សម្រេច​ផលប្រយោជន៍​អ្វីមួយ​តាម​សេចក្ដី​ពេញចិត្ត​ខ្លួន​ទាំងអស់គ្នា : ធ្វើបាតុកម្ម សម្ដែង​ការមិន​ពេញចិត្ត​ចំពោះ​រឿង​…; បាតុកម្ម​នៃ​ពួកកម្មករ​…​។ បាតុកម្ម​បំពាន​ច្បាប់ បាតុកម្ម ខុសផ្លូវ​ច្បាប់ ។ បាតុកម្ម​ឡើងចាង បាតុកម្ម​តាម​ទំនើង​ក្រៅ​លក្ខណា​នុ​ញ្ញាត ។​ល​។ បាតុកម្ម សុភាព បាតុកម្ម​សុភាពរាបសា​តាម​លក្ខណា​នុ​ញ្ញាត ។​ល​។

ពោធិ៍សាត់ ពោ​– ( ន​. ) ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជរដ្ឋ​, នៅ​ជា​ខាងកើត​ខែត្រ​បាត់ដំបង ។ តាម​ពាក្យបរម្បរា​ពី​ព្រេងនាយ​តំណាល​ថា មាន​ដើម​ពោធិ​តូច​មួយ រសាត់​ច្រាសទឹក​មកជា អស្ចារ្យ​ប្លែក​, គេ​បាន​ស្រង់​យកទៅ​ដាំ​នៅ​ទីមួយ​, ដោយហេតុនេះ​ទើប​ឲ្យ​ឈ្មោះ​ភូមិប្រទេស នុះ​ថា ពោធិ៍​រសាត់ ព្រោះ​ពាក្យ​ថា រសាត់​និង​សាត់ នេះ​ជា​ពាក្យ​តែមួយ​ប្រើ​ជួស​គ្នា​បាន ។ លុះ​ចំណេរ​កាល​យូរអង្វែង​មក ក្លាយជា ពោធិ៍សាត់​; សព្វថ្ងៃនេះ តាំង​ជាទី​រួម​ខែត្រ​ហៅថា ខែត្រ​ពោធិ៍សាត់ ។ ឈ្មោះ​ក្រូច​មួយ​ប្រភេទ : ក្រូចពោធិ៍សាត់​ព្រោះ​ក្រូច​ប្រភេទ​នេះ​កើត​មាននៅ ខែត្រ​ពោធិ៍សាត់​ជាដំបូង​បង្អស់ ។ (​គួរ​កុំ​ហៅថា ខែត្រ​ពោធិសត្វ​, ក្រូច​ពោធិសត្វ ព្រោះ ពោធិ៍សាត់ និង ពោធិសត្វ ទាំងពីរ​នេះ​មាន​អត្ថន័យ​ផ្សេងគ្នា​ឆ្ងាយ​ណាស់​) ។​

ពិព័រណ៍ –​ព័រ បា​. ក្ល​.; បា​. ( ន​. ) (​វិវរណ “​ការបើក​, ការបើក​បង្ហាញ​;…”) ការដាក់​តាំង​, ការបញ្ចេញ​ឲ្យ​ឃើញ​នូវ​វត្ថុ​ផ្សេងៗ ដើម្បី​ឃោសនា​ផ្សាយ (​បារ​. Exposition) : រៀបចំ​ពិព័រណ៍ នៃ​ផលិតផល​ខាង​កសិកម្ម ។ ពិព័រណ៍​អន្តរជាតិ ពិព័រណ៍​ដែល​ទាក់ទង​ដោយ​ជាតិ​បរទេស​, ដោយ​ជាតិ​នានា​, ដោយ​សាសន៍​ដទៃ ។

ពពក ( ន​. ) សំណុំ​ផ្សែង​ទឹក​ក្រាស់​ឬ​ស្ដើង ដែល​អណ្ដែត​ព្ធដ៏​អាកាស ។ កប់​ពពក​ជ្រក​អាចម៍ ជន្លេន ព​. ប្រ​. និយាយ​ពី​មនុស្ស​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ហាក់ដូចជា​ឋិត​នៅ​នា​ផ្ទៃ​អាកាស ក៏​ស្រាប់តែ​ធ្លាក់ខ្លួន​ចុះ​ដុនដាប​ក្រីក្រ​ឬក៏​ជាប់គុក​ច្រវាក់​ព្រោះ​ការ​ភ្លាត់ស្នៀត​ឬ​ព្រោះ​អំពើ​ទុច្ចរិត​ណាមួយ ។

ពិស្ណុការ ពិស​-​ស្ណុ​កា​, ឬត​. ទ​. ពឹ​ស​-​ស្ណុ​កា​( ន​. ) ពាក្យ​ហៅ​ឃ្លាតក្លា​យមក​អំពី បា​. វិស្សកម្ម​, សំ​. វិ​ឝ្វ​ក​ម៌​ន៑ ដែលជា​នាម​នៃ​ទេវតា​អ្នកមាន​ចំណេះ​ខាង​ការ​ជាង​ជា​អ្នកសម្រេច​កិច្ចការ​ថ្វាយ​ព្រះ ឥន្ទ្រ​ដែល​ធ្លាប់​ហៅថា ព្រះ​វិស្សកម្ម ។ ពួក​ជាង​ពី​បុរាណ​ច្រើន​ជឿថា​ទេវតា​នោះ​ជា​គ្រូធំ​លើ ជាង​ទាំងឡាយ​, ព្រោះហេតុនោះ បានជា​ហៅ​រណ្ដាប់​ជា​ទ្រនឹប​ជាង​ឬ​ទ្រនឹប​គ្រូ​ថា រៀប ព្រះ​ពិស្ណុការ​…៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា