ទី​ម័​រ​ឡេ​ស្តេ​និង​កម្ពុជា​យល់ស្រប​គ្នា​ក្នុង​ព​ន្លឿ​ន​វិស័យ​ទេសចរណ៍​

89
ចែករម្លែក
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​លោក Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ឡេ​ស្តេ​ប្រចាំ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៣ ខែមិថុនា ម្សិលមិញ​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​(រូបថតក្រសួងទេសចរណ៍)

ដោយៈ​មូល​សម្បត្តិៈ​ភ្នំពេញៈ​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ទី​ម័​រ​ឡេ​ស្តេ បាន​ស្របគ្នា​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​។ ភាគី​កម្ពុជា​ក៏បាន​ជំរុញ​ឱ្យ​ភាគី​ទី​ម័​រ​ឡេ​ស្តេ​ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ព្រោះ​អនុស្សរណៈ​នេះ​ត្រូវបាន​ផ្ដួចផ្ដើម​ជា​យូរ​មកហើយ តែ​មិនទាន់បាន​ចុះហត្ថលេខា​។​
​លទ្ធផល​នេះ​បាន​បង្ហាញឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​លោក Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ឡេ​ស្តេ​ប្រចាំ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៣ ខែមិថុនា ម្សិលមិញ​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​


​ប្រភព​ក្រសួងទេសចរណ៍​បញ្ជាក់​ថា​ក្នុងជំនួប​នេះ​លោក​ទូត​បាន​បញ្ជាក់ថា​ប្រជាជន​ទី​ម័​រ​ច្រើនណាស់​ដែលមាន​គម្រោង​មកលេង​កម្ពុជា​ព្រោះ​កម្ពុជា​បាន​គាំទ្រ​ប្រទេស​ពួកគេ​ឱ្យទទួល​បាន​ឯករាជ្យ និង​តែងតែ​គាំទ្រ​ឱ្យ​ទី​ម័​រ​ឡេ​ស្តេ​ចូល​ជា​សមាជិក​ទី​១១​របស់​អាស៊ាន ប៉ុន្តែ​ដោយសារ​កើត​វិបត្តិ​កូ​វីដ​នេះ​មក ពួកគេ​ក៏​រំសាយ​គម្រោង​សិន​ទៅ​។ នៅពេល​ចប់​វិបត្តិ​កូ​វីដ​ទូទាំង​ពិភពលោក​ហើយ ប្រហែល​នឹងមាន​ប្រជាជន​ទី​ម័​រ​មក​ទស្សនា​កម្ពុជា​ច្រើន​។​ដូច្នេះហើយ​បានជា​ស្ថានទូត​ទី​ម័​រ​ឡេ​ស្តេច​ង់​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ជាមួយ​មិត្ត​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​។​
​លោក ថោង ខុន បាន​ស្វាគមន៍​ចំពោះ​សំណើ​របស់លោក​ឯកអគ្គ​រដ្ឋទូត Kupa ពីព្រោះ​ប្រការនេះ​ក៏​ស្របទៅនឹង​គំនិត​របស់លោក​ដែរ ដែល​តែងតែ​ចង់​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដទៃ​ឱ្យបាន​កាន់តែច្រើន និង​កាន់តែ​រឹងមាំ តួយ៉ាង​កម្ពុជា​-​ទី​ម័​រ​ឡេ​ស្ដេ មុន​និង​ក្រោយ​ក៏​គង់តែ​ក្លាយជា​បងប្អូន​រួម​តំបន់​តែមួយ​។​
​ចំពោះ​បំណងប្រាថ្នា​របស់​ប្រជាជន​មិត្ត​ទី​ម័​រ​ដែល​ចង់​មក​ទស្សនា​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ក៏​លោក​រដ្ឋមន្ត្រី បង្ហាញ​ការស្វាគមន៍​យ៉ាង​ពេញចិត្ត ខណៈ​កម្ពុជា​បាននិងកំពុង​ខិតខំ​រៀបចំ​ឱ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​ត្រៀមខ្លួន​ទទួល​ការវិល​ត្រលប់​របស់​ភ្ញៀវទេសចរ​អន្តរជាតិ នៅពេល​ក្រោយ​ចប់​វិបត្តិ​កូ​វីដ​នៅ​ទូទាំង​ពិភពលោក ដល់​ពេលនោះ​កម្ពុជា​នឹង​រង់ចាំ​ស្វាគមន៍​មិត្ត​ទី​ម័​រ​ប្រកបដោយ​ភាពកក់ក្ដៅ​។​

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​លោក Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូត​ទី​ម័​រ​ឡេ​ស្តេ​ប្រចាំ​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៣ ខែមិថុនា ម្សិលមិញ​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​(រូបថតក្រសួងទេសចរណ៍)


​ជាមួយគ្នា​នោះ លោក​ក៏បាន​ស្នើ​រដ្ឋាភិបាល​ទី​ម័​រ​ឡេ​ស្តេ តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត សូមឱ្យ​ភាគី​ទី​ម័​រ​ឡេ​ស្តេ​ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​-​ទី​ម័​រ​ឡេ​ស្តេ ដែល​បាន​ផ្ដួចផ្ដើម​ធ្វើជា​ច្រើន​យូរ​មកហើយ សំដៅ​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​។ សំណើ​នេះ​ត្រូវបាន​លោក Kupa ទទួលយក​ភ្លាមៗ ដើម្បី​រាយការណ៍​ជូន​រដ្ឋាភិបាល​របស់ខ្លួន​បន្ត​។​
​លោក ទ្រី ឈី​វ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​អាស៊ាន បាន​បញ្ជាក់ថា អនុស្សរណៈ​នេះ​មាន​ផ្ដោតលើ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ការផ្ដល់​បទពិសោធន៍​ឱ្យ​គ្នា​ទៅវិញទៅមក​លើ​ការផ្សព្វផ្សាយ ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​បង្កើន​ការទាក់ទាញ​ទេសចរ​ពីគ្នា​ទៅវិញទៅមក​ឱ្យបាន​កាន់​តែ​ច្រើន​។​
​លោក​ទ្រី ឈី​វ បាន​បន្តថា នៅពេល​ចប់​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ​ទៅ ភាគី​ទាំងពីរ​ក៏​នឹង​ពិនិត្យ​លើ​លទ្ធភាព​នានា​ក្នុងការ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​កម្ពុជា​-​ទី​ម័​រ​ឡេ​ស្តេ​បន្តទៀត​៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ