ម្ចាស់បំណុល គំរាមប្តឹងទៅប៉ុស្តិ៍នគរបាលនិងប្តឹងរឹបអូសយកម៉ូតូកញ្ចាស់មួយគ្រឿង ធ្វើអោយស្ត្រីម្នាក់ស្រែកទ្រហោយំសុំអន្តរាគមន៍ ពីលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន

65
ចែករម្លែក

ដោយ:ឆាយានាថ/តាកែវ ៖ ស្រ្តីម្នាក់ឈ្មោះ សូត្រ ឡា មានទីលំនៅភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បានទូរស័ព្ទដោយស្រែកយំសុំអន្តរាគមន៍ពីលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ឱ្យជួយរកដំណោះស្រាយ ដោះបំណុល។

យោងតាមការផ្សាយលើហ្វេសប៊ុកផេក «ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បង្ហាញថា ម្ចាស់បំណុល បានគំរាមប្តឹងទៅប៉ុស្តិ៍នគរបាល និង ប្តឹងរឹបអូសយកម៉ូតូកញ្ចាស់មួយគ្រឿង ដែលម៉ូតូនេះគឺជាមធ្យោបាយតែ១គត់សម្រាប់ដឹកម្ជូរ ទៅលក់នៅមុខរោងចក្រ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។

ស្ត្រីម្នាក់នេះ មានបន្ទុករ៉ាប់រងរកស៊ីចិញ្ចឹម ម្តាយចាស់ជរា ប្តីពិការស្លាប់មួយចំហៀងខ្លួន និងកូនជាអនីតិជនចំនួនបីនាក់ (កូនប្រុសម្នាក់ មានជំងឺបេះដូងចំហរ )។

ទទួលបានដំណឹងនេះភ្លាម , នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ លោក គី តិចប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានចាត់តាំងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានក្រុមមេធាវីអន្តរាគមន៍ចំនួន២រូប និងមេធាវីស្ម័គ្រចិត្តប្រចាំខេត្តតាកែវចំនួន២រូប ចុះទៅពិនិត្យស្ថានភាពជាក់ស្តែងដល់លំនៅឋានរបស់ស្រ្តីឈ្មោះ សូត្រ ឡា និងបានជួបម្ចាស់បំណុល ដោះស្រាយបញ្ហា នៅសាលាឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោមកិច្ចសម្របសម្រួលរបស់ «ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ជាលទ្ធផល ម្ចាស់បំណុល និងកូនបំណុល បានឯកភាពបញ្ចប់វិវាទ ដោយស្មារតីយោគយល់ និងគោរពទៅតាមការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ