រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងនឹងការប្រឆំាងការសម្អាតប្រាក់

135
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះនៅវិមានរដ្ឋសភា។វត្តមានសមាជិក សមាជិកា រដ្ឋសភាពេលផ្តើមសម័យប្រជុំចំនួន១៨រូប។

សម័យប្រជុំរដ្ឋសភា បានពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ សេចក្តីព្រាងចំនួនពីរក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន៤ ដែល បានលើកក្នុងរបៀបវារៈ គឺសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហាប្រល័យ និង សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនិង សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នឹងក្លាយជាគតិយុត្តថ្មី បន្ថែមលើចំនុចខ្វះខាតពាក់ព័ន្ធនឹងការសម្អាតប្រាក់ ស្របទៅតាមស្តង់ដារនៃសមាជិកក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីការសម្អាតប្រាក់ ដែលកម្ពុជាបានក្លាយជាសមាជិកកាលពីឆ្នាំ២០០៤។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ មាន៨ជំពូកនិង២៤មាត្រា។ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម មាន៩ជំពូក៤៧មាត្រា។សម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសហការី ជាតំណាងរាជរដ្ឋាភិបាលមកការពារសេចក្តីព្រាងច្បាប់ទាំងពីរនេះ។

សូមជម្រាបថា៖នៅថ្ងៃទី៥ ខែមិថុនា រដ្ឋសភានឹងបន្តសម័យប្រជុំទៀត ដោយធ្វើការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦និងវិសោធនកម្មឆ្នាំ១៩៧៩៕/B