ត្រាំត្រូវគេប្តឹងជុំវិញការប្រើប៉ូលិសវាយបាតុករនៅក្រៅសេតវិមាន

463
ចែករម្លែក

កាលពីថ្ងៃព្រហស្បតិ៍ទី៤មិថុនា ក្រុមអង្គការសិទ្ធិមនុស្សអាម៉េរិកជាច្រើនបានប្តឹង លោកប្រធានាធិបតីដូណាល់ ត្រាំ បន្ទាប់ពីកម្លាំងសន្តិសុខបានបាញ់ទឹកម្រេច និងគ្រាប់បែកផ្សែងដើម្បីបោសសម្អាតក្រុមបាតុករដោយសន្តិវិធីនៅខាងក្រៅសេតវិមាន។

ក្រុមមន្រ្តីអនុវត្តច្បាប់បានបង្ខំឱ្យក្រុមអ្នកតវ៉ាដកថយ មុនពេលលោកត្រាំដើរទៅ ព្រះវិហារក្បែរនោះដើម្បីថតរូបកាលពីថ្ងៃចន្ទ ដែលបានបែងចែកសហរដ្ឋអាម៉េរិក ចំពេលមានការតវ៉ាទូទាំងប្រទេសជុំវិញភាពសាហាវឃោរឃៅរបស់ប៉ូលិស។

អង្គការសហភាពសេរីភាពស៊ីវិលអាម៉េរិក (ACLU) និងអង្គការដទៃទៀតបានចោទ ប្រកាន់ ប្រធានាធិបតីនិងមន្ត្រីកំពូលៗថាបានរំលោភលើសិទ្ធិរដ្ឋធម្មនុញ្ញ របស់ក្រុមអ្នកធ្វើយុទ្ធនាការ Black Lives Matters និងអ្នកតវ៉ាជាលក្ខណៈ បុគ្គលដទៃទៀត។

អង្គការ ACLU បាននិយាយថា “ប៉ូលិសបានអនុវត្តការបង្ក្រាបដោយគ្មានការ សម្របសម្រួលនិងគ្មានការបង្ករឿងទៅលើហ្វូងបាតុករនិងបានបាញ់អាវុធជាតិគីមី គ្រាប់កាំភ្លើងជ័រនិងកាណុងបំពងសំឡេង”។

ព្រះវិហារ St John’s Episcopal គឺស្ថិតនៅផ្លូវឆ្លងពីសួន Lafayette ដែលនៅទល់មុខ នឹងសេតវិមាននិងជាទីតាំងសំខាន់នៃការតវ៉ានៅរដ្ឋធានីវ៉ាស៊ីនតោន។

ព្រះវិហារនេះត្រូវបានបំផ្លាញដោយការគូររូបគំនូរលើជញ្ជាំងនិងរងការខូចខាតនៅក្នុង អគ្គិភ័យក្នុងអំឡុងពេលបាតុកម្មកាលពីយប់ថ្ងៃអាទិត្យ។

លោកត្រាំបានថតរូបជាមួយសៀវភៅគម្ពីរនៅខាងក្រៅអគារបន្ទាប់ពីបានប្តេជ្ញាថា នឹងបញ្ជូនទាហានប្រដាប់អាវុធធុនធ្ងន់រាប់ពាន់នាក់ឱ្យបញ្ឈប់ការធ្វើកុបកម្ម។

ក្រុមអ្នកតវ៉ាបានដើរក្បួនតាមដងផ្លូវនៅទូទាំងសហរដ្ឋអាម៉េរិកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីសម្តែងការខឹងសម្បាចំពោះការសម្លាប់លោកចច ផ្លយ ពីសំណាក់ប៉ូលិស ស្បែកស។

លោក ស្កុត មីឆែលមែន នាយកផ្នែកច្បាប់របស់ ACLU បាននិយាយថា “ការវាយ ប្រហារផ្នែកព្រហ្មទណ្ឌយ៉ាងច្បាស់ក្រឡែតទៅលើក្រុមបាតុករ ពីព្រោះគាត់មិនយល់ ស្របនឹងទស្សនៈរបស់ពួកគេបានធ្វើឱ្យរង្គោះរង្គើគ្រឹះនៃសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិយើង”។

អគ្គរដ្ឋអាជ្ញា លោក ប៊ីល បា កាលពីថ្ងៃព្រហស្បតិ៍បាននិយាយការពារកងកម្លាំង សន្តិសុខ ហើយថាការបោសសម្អាតក្រុមអ្នកតវ៉ាមិនមានជាប់ទាក់ទងនឹង លោកត្រាំ ដើរទៅថតរូបនៅព្រះវិហារទេ៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំដើរទៅថតរូបនៅព្រះវិហារ St John’s Episcopal កាលពីថ្ងៃចន្ទ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ