ឥណ្ឌា​និង​អូស្ត្រាលី​ពង្រឹង​ចំណងទាក់ទង​ការពារជាតិ ខណៈ​ភាព​តានតឹង​ជាមួយ​ចិន​លេចឡើង​

97
ចែករម្លែក

​ឥណ្ឌា​និង​អូស្ត្រាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​មិថុនា​បាន​ពង្រឹង​ចំណង​ទាក់ទង​ផ្នែក​ការពារជាតិ​ដោយ​រួម​ទាំង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​ជំរុញ​ការគាំទ្រ​យោធា​និង​កិច្ចសហប្រតិបត្តិការ​​តាម​សមុទ្រ​ខណៈ​ដែល​ប្រទេស​ទាំង​២​នេះ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​ចិន ដែល​ជា​មហាអំណាច​ក្នុង​តំបន់​។​

​នៅក្នុង​កិច្ច​ជំនួប​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​នោះ មេដឹកនាំ​ទាំង​២​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គាំទ្រ​គ្នា​ទៅវិញទៅមក​ស្រប​ពេល​ពួក គេ​អបអរសាទរ​ចំពោះ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ភាព​ជា​ដៃ​​គូ​យុទ្ធសាស្ត្រ​របស់​ពួកគេ​។​

​ក្នុងជំនួប​នោះ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណារិ​នដ្រា ម៉ូ​ឌី​បាន​និយាយថា​ថា​”​ឥណ្ឌា​ប្តេជ្ញា​ពង្រឹង​ថែម​ទៀត​នូវ​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​ជាមួយ​អូស្ត្រាលី​ពីព្រោះ​វា​មាន​សារសំខាន់​មិន​ត្រឹមតែ​សម្រាប់ប្រ​​ជា​ជាតិ​យើង​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ចាំបាច់​សម្រាប់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ហ្វិក ក៏ដូចជា​នៅ​លើ​ពិភពលោក​ផង​ដែរ​” ។​

​សម​ភាគី​អូស្ត្រាលី​របស់​លោក​គឺ លោក ស្កត់ ម័រ​រី​សុន បាន​បន្ថែមថា “​នៅក្នុង​ពេល​វេលា​ដូចនេះ​យើង​ចង់​រួមគ្នា​ធ្វើការ​ដោះស្រាយ​សភាពការណ៍ ជាមួយ​ភាពជា​មិត្ត​និង​ជា​ដៃគូ​ដែល​ទុកចិត្ត​” ។​

​ប្រទេស​ទាំង​២​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា ក្រុម​រដ្ឋមន្ត្រីការបរទេស​និង​ការពារ​ជាតិ​នឹង​ជួប​គ្នា​យ៉ាងហោចណាស់​២​ដង​ក្នុង​មួយ​ឆ្នាំ​ដើម្បី​ពិភាក្សាគ្នា​អំពី​បញ្ហា​យុទ្ធសាស្ត្រ​។ កិច្ច​ព្រម​​ព្រៀង​ផ្សេងៗ​ទៀត គឺ​ការអប់រំ ការជីក​រ៉ែ វិទ្យាសាស្ត្រ​យោធា​និង​បញ្ចេ​ក​វិទ្យា ក៏​ត្រូវបាន​ពិភាក្សា​ផងដែរ​នៅក្នុង​ជំនួប​នោះ​។

​រដ្ឋាភិបាល​ក្រុង​កង់​បេរ៉ា​(​អូស្ត្រាលី​)​បាន​ស្ថិតនៅក្នុង​ជម្លោះ​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បន្ទាប់ពី​ចិន​ខឹងសម្បារ​នឹង​ការជំរុញ​របស់​អូស្ត្រាលី​ឱ្យ​ធ្វើ​ការស៊ើបអង្កេត​រក​ប្រភពដើម​វីរុស​កូវី​ដ​១៩​។

​ភាព​តានតឹង​បាន​ផ្ទុះឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​រវាង​ឥណ្ឌា​និង​ចិន​លើ​បញ្ហា​ព្រំដែន​ចម្ងាយ​៣.៥០០​គីឡូម៉ែត្រ​របស់​ពួកគេ ដែល​មិន​ដែល​បាន​បោះបង្គោល​ឱ្យបាន​ត្រឹមត្រូវ​ដោយ​ភាគី​ទាំង​២​នេះ​​បាន​ចល័ត​ទ័ព​បន្ថែម​រាប់រយ​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

កិច្ច​ជំនួប​រវាង​ឥណ្ឌា​និង​អូស្ត្រាលី ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ