ព្រាប សុវត្ថិ បើក​ភោជនីយដ្ឋាន​ដែល​តុបតែង​បែប​ខ្មែរ​បុរាណ​

156
ចែករម្លែក

ភ្នំពេញ​៖ មានការ​ចាប់​អារ​ម្ម​ណ៍ និងភ្ញាក់ផ្អើល​ជាខ្លាំង​ពី​មហាជន​ក្រោយ​ឃើញ​តារាចម្រៀង ព្រាប សុវត្ថិ បាន​ចំណាយ​ទុន​ជាច្រើន​ម៉ឺន​ដុល្លារ​ដើម្បី​បង្កើត​ភោជនីយដ្ឋាន​ដ៏​ស្រស់ស្អាត ដោយ​តុបតែង​បែប​បុរាណ​ហើយ​លក់​អាហារ​ខ្មែរ​។

​ស្របពេល​ការងារ​សិល្បៈ​មិនសូវ​មមាញឹក​ដោយសារ​វិបត្តិ​កូ​វីដ​១៩​នោះ ពេលនេះ​កំពូល តារាចម្រៀង ព្រាប សុវត្ថិ បាន​ងាក​មក​បង្កើន​មុខរបរ​បន្ថែមទៀត ដែល​ពេលនេះ​ភោជនីយដ្ឋានរបស់លោក​បាន​លេច​ជា​រូបរាង​បណ្តើរៗ​ហើយ​ ឃើញថា​ពិតជា​ស្រស់ស្អាត​តែម្តង ។

​ភោជនីយដ្ឋាន​របស់លោក​មាន​ទីតាំងនៅ​នឹង​គេហដ្ឋាន​របស់លោក​តែម្តង ​ដែល​ស្ថិតនៅ​ខណ្ឌ​សែន​សុខ ជិត​វត្ត​សំរោង​អណ្តែត ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ពេលនេះ​បានលេច​រូបរាង​បណ្តើរៗ​ហើយ​។ គេ​សម្គាល់​ឃើញថា​មានការ​តុបតែង​លំអ​ស្រស់ស្អាត និងទាក់ទាញ​ក្នុង​រចនាបថ​ជា​ខ្មែរ​បុរាណ​លាយ​សម័យ​។

​តាម​ដំណឹង​​ភោជនីយដ្ឋាន​របស់លោក​មួយ​នេះ មិនទាន់មាន​ពិធី​សម្ពោធ​ជា​ផ្លូវការធំដុំ​អ្វី​ឡើយ គ្រាន់តែ​និមន្ត​ព្រះសង្ឃ​ម​សូត្រមន្ត​ប្រោះព្រំ​ហើយក៏​ប្រកាស​លើ​ហ្វេ​ស​ប៊ុ​ករ​បស់ លោក ឱ្យ​មហាជន​បានដឹង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​ជាច្រើន តាមរយៈ​ការ​កុម្មង់​មុខម្ហូប​នានា​តាម​អន​ឡាញ​ទៅវិញ​។

​សូម​រំលឹក​ផងដែរ​ថា កំពូល​តារាចម្រៀង​ល្បី​រូបនេះ​ក៏​ធ្លាប់​បង្ហើប​ពី​គម្រោង​របស់លោក​បន្ទាប់ទៀត​ដោយ​លោក​ចង់​បើក​ជា​រី​សត ម្តងវិញ​នៅ​ខេត្ត​ភាគ​ឦ​សាន ។ លោក ព្រាប សុវត្ថិ មានវ័យ​កាន់តែច្រើន និង មានកូន​កំលេាះ​ទន្ទឹម​ខ្លួន​ទៅហើយ​ក្តី​ តែ​ម្ចាស់​បទ “​ខ្លុយ​ស្នេហ៍​ត្នោត​ទេរ​” រូបនេះ​នៅតែ​ទាញ​បាន​អ្នកគាំទ្រ​ជាច្រើន​មិន​ថា​យុវវ័យ​ឬ​វ័យ​កណ្តាល​ឡើយ​។ បើ​និយាយពី​សម្រស់របស់លោក​វិញ​ក៏​នៅតែ​ស្រស់​សង្ហា​មិន​ថមថយ​ទៅតាម​អាយុ​ឡើយ ៕ ដោយៈ បូ​រិ​ន​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ