កុំប្រើគ្រឿងសម្អាងលើហ្វេសប៊ុក V-Store ព្រោះជាផលិតផលគ្មានច្បាប់

116
ចែករម្លែក

ដោយៈ មេសា/ភ្នំពេញ ៖ សេចក្តីប្រកាសរប់ក្រសួងសុខាភិបាលអះអាងថា ផលិតផលគ្រឿងសម្អាងមួយចំនួន ដូចជា ១. ST.Ives BALCKHEAD CLEARING ២, ST.Ives GENTLE SMOOTHING , ៣. ST.Ives FRESH SKIN ( Walnut ), ៤. ST.Ives ENERGIZING និង ផលិតគ្រឿងសម្អាងដទៃជាច្រើនទៀតដែលប្រកាសលក់នៅលើហ្វេសប៊ុកឈ្មោះ V-Store គឺជាផលិតផលគ្មានលេខប្រវេទន៍ និង គ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ។

សេចក្តីប្រកាសដដែលពន្យល់ថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ បានតម្រូវឱ្យរាល់ការចរាចរណ៍គ្រឿងសម្អាងគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងនេះ ក៏ត្រូវតែមានការអនុញ្ញាតពីក្រសួងសុខាភិបាលដែរ ។

ហេតុនេះក្រសួងសុខាភិបាល តាមរយៈសេចក្តីប្រកាសដដែលនេះ បញ្ជាក់ថា ដើម្បី ចៀសវាងការខាតបង់ប្រាក់កាស និង ប៉ះពាល់ដល់សុខភាព ឬ អាចឈានដល់ការបាត់បង់ជីវិត អ្នកប្រើប្រាស់ទៀតនោះ សូមសាធារណជនទាំងអស់មេត្តាបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងដែលប្រកាសលក់លើហ្វេសប៊ុក V-Store ខាងលើជាបន្ទាន់ ។ ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមច្បាប់ជាធរមាន ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ V-Store។

សេចក្តីប្រកាសដដែលបញ្ជាក់ថា ក្នុងករណីត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និង គ្រឿងសម្អាង នៃ ក្រសួងសុខាភិបាល សូមទំនាក់ទំនងលេខ ៖ ០១១ ៥៧៤ ៧៨៧ , ០១២ ៩៨៣ ៣៣៤ , ០១២ ៨៩២ ០២២ , ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦ , ០១៧ ៨៦៦ ៧៦០។

លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខា តែងតែក្រើនរំឭកជាបន្តបន្ទាប់ថា ចំពោះផលិតដូចជាគ្រឿងសម្អាង ឱសថ និង អាហារបំប៉ន ជាដើម ដែលប្រកាសដាក់លក់តាមអនឡាញ គប្បីចៀសវាងការទិញ ឬ ប្រើប្រាស់ ព្រោះភាគច្រើន គឺជារបស់គ្មានច្បាប់ពីក្រសួងសុខាភិបាល និង គ្មានការត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវឡើយ ដែលបានសេចក្តីថា វាអាចនាំមកនូវបញ្ហាប្រឈមខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ ។ ហេតុនេះប្រសិនបើ សម្រេចចិត្តទិញផលិតផលណាមួយ កិច្ចការដំបូង គឺត្រូវសួររកច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលជាមុនសិន៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ