ផ្លាកលេខ ន​.​ប 2-7715 លើ​ឡាន​ទំនើប រ៉​ល រ៉​យ និង មែរសឺ​ដេ​ស​ក្លែងក្លាយ​!

163
ចែករម្លែក

កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ តាម​ហ្វេ​ស​ប៊ុ​ក និង​ក្រុម​ឆេ​ត​តេ​ឡេ​ក្រាម ក៏ដូចជា​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​ចែកចាយ​រូបថត​ឡាន​ទំនើប​ពីរ​គ្រឿង ត្រូវបាន​បំពាក់​ផ្លាកលេខ​តែមួយ គឺ ន​.​ប 2-7715​។ ឡាន​មួយគ្រឿង ម៉ាក រ៉​ល រ៉​យ​(Rolls-Royce )​និង​ឡាន​មួយទៀត ម៉ាក មែរសឺ​ដេ​ស ប៊េ​ន​(Mercedes-Benz)​។​

​នៅ​រសៀល​ថ្ងៃទី​០៤​មិថុនា ឆ្នាំ​២០២០ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរងនគរបាលជាតិ បានប្រកាស​តាមរយៈ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការ​នគរបាល​ដ្ឋា​ន រាជធានី​ភ្នំពេញ ថា ផ្លាកលេខ ន​.​ប 2-7715 ដែល​បំពាក់​លើ​ឡាន​ទំនើប​តម្លៃ​រាប់ម៉ឺន​សែន​ដុល្លារ​ទាំងពីរ​គ្រឿង​នេះ ជា​ផ្លាកលេខ​ក្លែងក្លាយ ហើយ​ប៉ូលិស បានប្រកាស​ស្វែងរក​ចាប់​ឡាន​ទាំងពីរ​គ្រឿង​នោះ​។​
​ ​
​ជាមួយគ្នា​នោះ ក៏មាន​ការផ្សព្វផ្សាយ​នូវ​ទិន្នន័យ​របស់​ប្រព័ន្ធគ្រប់គ្រង​ផ្លាកលេខ​នគរបាល នៃ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏បាន​បង្ហាញថា ផ្លាកលេខ​ឡាន ន​.​ប 2-7715 ជា​ផ្លាកលេខ​ឡាន​ឯកជន FORD RANGER ពណ៌​ស ដែលមាន​ម្ចាស់​ឈ្មោះ សូវ ឡេង​។​

​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៥ មាត្រា​៧៨ កំណត់ថា ជន​ណាដែល​ចរាចរ​យានជំនិះ ដោយ​ប្រើប្រាស់​ប័ណ្ណ​បើកបរ ប័ណ្ណ​សម្គាល់​យានជំនិះ ផ្លាកលេខ​សម្គាល់​យានជំនិះ ឬ​លិខិតអនុញ្ញាត​ផ្សេងៗ ដោយ​ដឹងថា ជា​ឯកសារ ឬ​វត្ថុ​ក្លែងក្លាយ ត្រូវ​ផ្តន្ទាទោស តាម​បទ​ប្បញ្ញត្តិ មាត្រា ៦៣០ ( បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ) នៃ​ក្រមព្រហ្មទណ្ឌ​។​

​មាត្រា ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ កំណត់ថា ការប្រើប្រាស់​ឯកសារ​ក្លែង ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល​។​

​កន្លងមក ករណី​ឡាន​ទំនើបៗ ពាក់​ផ្លាកលេខ នគរបាល ន​.​ប ឬ​កងយោធពល​ខេមរភូមិន្ទ ខ​.​ម ឬ រដ្ឋ ឬក៏​រាជការ បាន​កើតឡើង​ច្រើន​ករណី​។ ឡាន​ទំនើប ថ្លៃៗ ដែល​បំពាក់​ផ្លាកលេខ​ទាំងនេះ ច្រើនតែ​ជា​ឡាន​មិនមាន​បង់ពន្ធ ហើយ​ជា​របស់​មន្ត្រី​និង​ជា​អ្នកមាន​។​

​ជា​បន្តបន្ទាប់ ក៏មាន​ការបង្ក្រាប​ករ​ណី​ឡាន​ទំនើបៗ មិន​បង់ពន្ធ តែ​បាន​បំពាក់​ផ្លាក លេខ នគរបាល ន​.​ប ឬ​កងយោធពល​ខេមរភូមិន្ទ ខ​.​ម ឬ រដ្ឋ ឬក៏​រាជការ ដើម្បី​ក្លាយជា​ឡានបើក​ចរាចរណ៍​ដោយ​ស្របច្បាប់​។

​កាលពី​ប៉ុន្មាន​ឆ្នាំមុន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​ចាប់​រឹបអូស​ឡានទំនើបៗ ពាក់​ផ្លាកលេខ ន​.​ប និង ខ​.​ម មក​ធ្វើជា​សម្បត្តិ​រដ្ឋ​ថែម​ទៀតផង​។​

​មែនទែនទៅ ដើម្បី​បាន​ផ្លាកលេខ ន​.​ប ឬ ខ​.​ម ដែលជា​ផ្លាកលេខ​ហ្ស៊ី​ន ត្រឹមត្រូវ មាន​ចុះបញ្ជីនៅ​អង្គភាព​នគរបាល និង​នៅ​កងយោធពល​ខេមរភូមិន្ទ គឺ​កន្លងមក ប៉ូលិស ឬ​ទាហាន ដែលមាន​លុយ​ទិញ​ឡាន​ទំនើបៗ ត្រូវមាន​ខ្សែ​ទុយោ រត់ការ ទើប​អាចធ្វើ​ផ្លាកលេខ​បាន​។ ករណីខុស​ខ្សែ​ទុយោ គឺ​មិន​អាចធ្វើ​ផ្លាកលេខ ខ​.​ម ឬ ន​.​ប បាន​នោះទេ​។​

​ជាងនេះទៅទៀត ករណី​ផ្លាកលេខ​ឡាន រដ្ឋសភា ព្រឹទ្ធសភា រដ្ឋ រាជការ ន​.​ប ឬ​ខ​.​ម ក៏ត្រូវ បាន​គេ​ជាន់​ពុម្ព​ថែម ដើម្បី​យក​លេខ​ដូចគ្នា​នោះទៅប្រើ​ប្រាស់​ឡាន​មួយ​គ្រួសារ ក៏មានដែរ​។ ករណីនេះ កើតឡើង​ជាក់ស្តែង នៅក្នុង​សង្គម​កម្ពុជា​យើង​។

​ដូច្នេះ​ករណី​ឡាន​ផ្លាកលេខ ន​.​ប 2-7715 ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ នៅ​ប្រព័ន្ធ គ្រប់គ្រង​ផ្លាកលេខ​នគរបាល នៃ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ជា​ផ្លាកលេខ​ឡានឯកជន ម៉ាក FORD RANGER ពណ៌​ស ដែលមាន​ម្ចាស់​ឈ្មោះ សូវ ឡេង ក៏​មិនមាន​អ្វី​ថ្មី ដែល​ម្ចាស់​ឡាន​នេះ អាច​យកទៅ​ជាន់ធ្វើ​ផ្លាកលេខ ន​.​ប 2-7715 ដើម្បី​បំពាក់នៅលើ​ឡាន​ជាច្រើន​គ្រឿង​ផ្សេងទៀត​នោះ​។​

​ជារួម ករណី​ផ្លាកលេខ​ឡាន ន​.​ប ឬ ខ​.​ម ឬ​រដ្ឋ បំពាក់​លើ​ឡាន​ឯកជន ទោះបីជា​ម្ចាស់​ឡាន​នោះបម្រើ​ការងារ​នៅ​ស្ថាប័ន ន​.​ប កងយោធពល​ខេមរភូមិន្ទ ឬក៏​នៅ​ស្ថាប័នរដ្ឋ​ក៏ដោយ គឺជា​ការធ្វើ​លក្ខណៈ​ជា​ប្រព័ន្ធ មាន​ខ្សែបណ្តាញ ជា​អ្នកធ្វើ​ផ្លាកលេខ ក្នុង​ស្ថាប័ន​នោះ​ផ្ទាល់​តែម្តង​។ បើ​ចង់​រកមុខ​ម្ចាស់​ឡានពាក់​ផ្លាកលេខ​ក្លែងក្លាយ​នេះ ក៏​មិន​ពិបាក​ដែរ ដោយ​គ្រាន់តែ​រក​ម្ចាស់ឡាន ពាក់​ផ្លាកលេខ ដែល​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​អង្គភាពនោះ​ជាការ​ស្រេច​ហើយ​៕ ដោយៈ ម៉េង​ឆៃ​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ