សម្តេចប្រធានព្រឹទ្ធសភាទទួល ជួបឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មីចំនួន៩រូប

112
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រ កម្ពុជាទើបតែងតាំងថ្មីប្រចំាប្រទេសនានាចំនួន៩រូប ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំមុននឹងចេញដំណើរទៅបំពេញភារកិច្ច។

សមាសភាពឯកអគ្គរាជទូតថ្មីទាំង៩រូប រួមមាន៖ លោក កាន់ ផារិទ្ឌ ឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស លោក តាន់ វុដ្ឋា ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋស៊ែប៊ី លោក មាស គឹមហេង ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋតួកគី លោក កេត សោផាន់ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋបារាំង លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សៀង ប៊ុនវុធ ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោកស្រី ផែន សាវនី ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកស្រី អ៊ីវ ហ៊ាង ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងលោក សុខ ខឿន ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋសិង្ហបុរី។

នៅក្នុងឱកាសនោះ លោក កាន់ ផារិទ្ឌ តំណាងឯកអគ្គរាជទូតទំាងអស់បានប្តេជ្ញាចិត្ត​នៅចំពោះមុខសម្តេចប្រធានព្រឹទ្ធសភាថា នឹងខិតខំប្រឹងប្រែងបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ បំពេញការងារការទូតដើម្បីពង្រឹង និងពង្រីកថែមទៀតនូវ​ទំនាក់ទំនងទ្វេភាគី ពហុភាគី ជំរុញការងារការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ជាតិខ្មែរ ដែលជាកិច្ចការមួយថ្មីដើម្បីផ្សព្វផ្សាយអំពីការរីកចម្រើន សក្តានុពលនៃវប្បធម៌ ប្រពៃណីជាតិដ៏ថ្លៃថ្លាដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ការពារបូរណភាពទឹកដី ការពារឯករាជ្យភាព ពន្យល់អំពីឆន្ទៈល្អបរិសុទ្ធ និងសភាពការណ៍ពិត នៃព្រះរាជាណាចក្រកម្ពុជា ការពារផលប្រយោជន៍​នៃប្រជាពលរដ្ឋខ្មែរ រួមទាំងពលករដែលកំពុងធ្វើការនៅក្រៅប្រទេស។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការអបអរសាទរចំពោះលោក លោកស្រីទាំង៩រូប ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា​ឯកអគ្គរាជទូតថ្មីប្រចាំប្រទេសទាំង៩ដែលនេះជាកិត្តិយសសម្រាប់ផ្ទាល់ខ្លួន សម្រាប់គ្រួសារ សង្គមនិងប្រទេសជាតិ។

ក្នុងអាណត្តិបំពេញបេសកកម្មការទូតនេះសម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើចំពោះ ឯកអគ្គរាជទូតថ្មីទាំង៩រូប ត្រូវក្តាប់ឱ្យជាប់នូវនយោបាយការបរទេសរបស់​ព្រះរាជាណាចក្រកម្ពុជា ហើយចាត់តាំងអនុវត្តឱ្យបានដំណើរការទៅយ៉ាងរលូន និងមានប្រសិទ្ធភាព។

សូមយកចិត្តទុកដាក់ខិតខំប្រឹងប្រែង​ខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងប្រទេសសាមីដែលលោក លោកស្រីធ្វើជាឯកអគ្គរាជទូត។ក្តាប់ជាប់គ្រប់​សភាពការណ៍របស់ប្រទេសជាតិយើង ក៏ដូជាសភាពការណ៍អន្តរជាតិ ដែលមានការពាក់ព័ន្ធនឹងប្រទេសជាតិយើងសំដៅនិងបង្កលក្ខណងាយស្រួលសម្រាប់យើងក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​នឹងកំពុងរស់នៅ ធ្វើការងារនៅប្រទេសដែលលោកលោកស្រីធ្វើជាឯកអគ្គរាជទូត ។

សូមយកចិត្តទុកដាក់ក្តាប់គ្រប់សភាពការណ៍ ដែលកើតមានឡើងនៅប្រទេសដែល​លោកលោកស្រីធ្វើជាឯកអគ្គរាជទូត ហើយជូនព័ត៌មានទាំងអស់នោះ​មកដល់ប្រទេសជាតិយើងវិញ ដើម្បីជ្រាបរឺក៏ដើម្បីយើងមានគោលការណ៍និង​វិធានការជាការរឹតចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសទាំងអស់នោះ។

សូមខិតខំប្រឹងប្រែងឱ្យមានការផ្លាស់ប្តូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់មន្ត្រីជំនាញតាមស្ថាប័ននានានិងខិតខំឱ្យមានកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកទេស ។ល។ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាគុណប្រយោជន៍​ប្រទេសកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោក និងអន្តរជាតិ បាននឹងកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ និងប្រកបដោយគ្រោះថ្នាក់ ដូចនេះ សូមឯកឧត្តម លោកជំទាវ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើ​នយោបាយការទូតជាមួយបណ្តាប្រទេសទាំងអស់ទាំងក្រខ័ណ្ឌទ្វេភាគី ទាំងពហុភាគី ព្រមទាំងជាមួយស្ថាប័នអន្តរជាតិនានា ត្រូវគិតគូរពិចារណាឱ្យបានហ្មត់ចត់ ជាពិសេសមុនធ្វើអ្វីមួយ ត្រូវមានការរាយការណ៍សុំយោបល់ណែនាំពី​ក្រសួងអាណាព្យាបាល រឺពីរាជរដ្ឋាភិបាលឱ្យបានច្បាស់លាស់។

ក្នុងនាមឯកអគ្គរាជទូតទាំងអស់ លោក កាន់ ផារិទ្ឌ បានសន្យាថា នឹងខិតខំ​អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំផ្សព្វផ្សាយ​នូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង​សហប្រតិបត្តិការជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេស​ផ្សេងៗទៀត និងខិតខំទាក់ទាញជំនួយនៃប្រទេសជាមិត្ត វិនិយោគិន អ្នកទេសចរឱ្យមកកម្ពុជាកាន់តែច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ច សង្គមនៃ​ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងថែមទៀត៕/B/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ