ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅក្រៅ​ប្រទេស​ក្លាយជា​ក្រេបទឹក​ខ្មេះ ដោយសារ​កូ​វីដ​

166
ចែករម្លែក

ប្ដី​ប្រពន្ធ​ថ្មីថ្មោង​មួយគូ ដែល​ស្ថិតក្នុង​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅក្រៅ​ប្រទេស​បាន​ជួប​ទុក្ខ​ធំ ព្រោះតែ​ការឆ្លង​រាល​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ រហូត​ធ្លាក់ខ្លួន ដេក​តាមផ្លូវ​។​
​ ​
​ដោយ​សល់​លុយ​តែ ២០ ដុល្លារ​នៅក្នុង​ដៃ បុរស​ជនជាតិ​ស្រីលង្កា ឈ្មោះ ប្រា​ហ៊ីម កា​ស៊ីម (Brahim Casseem) និង​ប្រពន្ធ ឌី​ល​កា ឌី​លុក​ស៊ី (Dilka Dilukshi) ត្រូវ​បង្ខំចិត្ត​ដេក​តាមផ្លូវ ព្រោះតែ​ត្រលប់​ទៅ​ស្រុក​វិញ​មិនបាន និង​គ្មាន​ទីពឹង​នៅ​ស្រុក​គេ​។
​ ​
​បុរស​ជា​ប្ដី​វ័យ ៣០ ឆ្នាំ​ខាងលើ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា “​នោះ​ជា​ស្ថានភាព​ដ៏​លំបាក ព្រោះតែ​យើង​គ្មាន​ជម្រើស​។ ពួកយើង​មិនដឹងថា​អ្នកណា​អាចជួយ​ពួកយើង​បានទេ​។ ដូចនេះ យើង​គ្មាន​ជម្រើស​ទេ ក្រៅពី​ដេក​តាម​ចិញ្ចើមផ្លូវ​”​។​

​គួររំឭកថា ប្ដី​ប្រពន្ធ​នេះ​បាន​មកដល់​ប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃទី​១១ ខែមីនា សម្រាប់​ដំណើរ កម្សាន្ត​ក្រេបទឹក​ឃ្មុំ​រយៈពេល ២ សប្ដាហ៍​។ អំឡុង​ពេលនោះ ការឆ្លង​វីរុស​កូ​វីដ​-១៩ មាន​មិន​ដល់ ២០០ ករណី​ផង​ទេ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​
​ ​
​បុរស​ដដែល​បាន​បន្តថា “​យើង​បានសម្រេច​ជ្រើសរើស​ប្រទេស​សិង្ហ​បុរី ព្រោះ​មក​ទីនេះ​យើង មិនត្រូវ​ការ​ទិដ្ឋាការ​ទេសចរណ៍​។ ដំបូង​យើង​សម្រេចចិត្ត​ទៅលេង​ប្រទេស​ឥណ្ឌូនេស៊ី ប៉ុន្តែ​គិត​ឡើងវិញ​យល់ថា ប្រទេស​សិង្ហ​បុរី ល្អ​ជាង ទើប​យើង​សម្រេចចិត្ត​មក​ទីនេះ​”​។​
​ ​
​ប៉ុន្តែ​ខុសពី​ការគិត​ស្រឡះ នៅពេល​ទៅដល់​ប្រទេស​សិង្ហ​បុរី ដោយ​ពួកគេ​មិនអាច​ចេញទៅ ណា​រហេតរហូត​បានឡើយ​ដោយសារតែ​ស្ថានភាព​កូ​វីដ​-១៩​។ ហើយ​ទីបំផុត​ពួកគេ​ក៏​មិនអាច ត្រលប់​ទៅ​ស្រុក​វិញ​បាន​រហូត​ចាយលុយ​អស់ពី​ខ្លួន និង​ធ្លាក់ខ្លួន​វេទនា​បែបនេះ​។
​ ​
​ជា​សំណាងល្អ ក្រោយ​ដឹង​រឿងរ៉ាវ​ដ៏​កំសត់​របស់​ពួកគេ ក្រុម​មួយ​ដែល​ហៅ​ខ្លួនឯង​ថា “Temporary COVID-19 crisis response initiative” (​គំនិត​ផ្តួចផ្ដើម​ឆ្លើយតប​វិបត្តិ​កូ​វីដ​-១៩ ជា​បណ្ដោះអាសន្ន​) ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ខែមេសា ដើម្បី​ជួយ​ដល់​ពលករ ចំណាកស្រុក បាន​ជួយ​ទំនុកបម្រុង​ពួកគេ​ឱ្យ​រស់​ឆ្លង​ផុត​គ្រា​ដ៏​លំបាក​នេះ ទម្រាំ​ពួកគេ​អាច​ត្រលប់​ទៅ ស្រុក​វិញ​បាន​៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ